Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ ​៖ នា​ល្ងាច​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តាមរយៈ​បទ​បង្ហាញ និង​ការពិភាក្សា នៃ​អង្គ​សិក្ខាសាលា​ស្តី​ពី​ការព្យាបា​ល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន លោក នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើសុំ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ដែល​ជា​សមាជិក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​គណៈកម្មាធិការ​ទទួលបន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន យកចិត្តទុកដាក់​នូវ​ចំណុច​មួយចំនួន​ដូច​ខាងក្រោម​ ៖

​ទី​១.​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន គួររៀបចំ​ផែនការ​សម្រាប់​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា ឱ្យបាន​ច្បាស់លាស់ ពិសេស​រៀបចំ​ឯកសារ​គោល​សំខាន់ៗ និង​ចាំបាច់​នានា ដើម្បី​ធានា​ថា ការផ្តល់​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន មាន​លក្ខណៈ​ពហុ​វិស័យ និង​ជា​ប្រព័ន្ធ ហើយ​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ជា​សមាជិក និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី​ខេត្ត ចូលរួម និង​ទទួលខុសត្រូវ អនុវត្ត​ឱ្យបាន​ស៊ីសង្វាក់​គ្នា និង​ឱ្យបាន​ជា​ប្រចាំ​។ នៅក្នុង​គណៈកម្មាធិការ​ទទួលបន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នេះ គឺ​មាន​គ្រប់​សមាសភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដូច្នេះ សូម​ដឹកនាំ និង​ធ្វើ​ការពិភាក្សា​ឱ្យបាន​ជា​ប្រចាំ​តាម​តួនាទី និង​ភារកិច្ច​ដែល​បាន​កំណត់​។ ឧទាហរណ៍ ដូចជា​ករណី​ពាក់ព័ន្ធ​នឹង​ច្បាប់ ឬ​ការអនុវត្ត​ច្បាប់ គឺ​យើង​មាន​តំណាង​ក្រសួង​យុត្តិធម៌ យើង​មាន​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​នគរបាល និង​កង​រាជ​ធាថុ​ធ​ហត្ថ ហើយ​យើង​ក៏​មាន​អាជ្ញាធរ​រាជធានី​ខេត្ត ។​ល​។ ពាក់ព័ន្ធ​នឹង​ការងារ​ស្តារនីតិសម្បទា ការបណ្តុះបណ្តាល​បំណិន​ជីវិត ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ធ្វើ​សមាហរណកម្ម ល​។​ល គឺ​យើង​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ដូច្នេះ សូម​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​បន្ត​ពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ជា​បន្ត​ទៀត ដើម្បី​ឱ្យ​ការងារ​នេះ ដំណើរការ​ទៅ​បានរ​លូន និង​មាន​ប្រសិទ្ធភាព​។ ម្យ៉ាងវិញទៀត ដោយសារ​បទពិសោធន៍​ជា​សកល​បង្ហាញថា ការ​លាប់​ទៅ​ប្រើប្រាស់​គ្រឿងញៀន​ឡើងវិញ​មាន​អាត្រា​ខ្ពស់ ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​ទទួលបាន​ការព្យាបាល និង​ស្តារនីតិសម្បទា​នៅតាម​មណ្ឌល ខ្ញុំ​ក៏​ស្នើសុំ​ឱ្យ​គណៈកម្មាធិការ​ទទួលបន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន យកចិត្តទុកដាក់​បន្ថែ​ម​ផងដែរ លើ​ការតាមដាន និង​វាយតម្លៃ គឺ​ស្វែងរក​ចំណុចខ្លាំង ចំណុចខ្សោយ និង​តម្រូវការ​ចាំបាច់​នានា ដើម្បី​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ទី​២.​ក្រសួង ស្ថាប័ន អង្គភាព​ជា​សមាជិក​គណៈ​កម្មា​ធិ​ការទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ទៅ​តាម​តួនាទី និង​ការទទួលខុសត្រូវ​របស់ខ្លួន​។ កន្លងទៅនេះ ខ្ញុំ​បាន​ស្នើសុំ​ឱ្យ​មាន​ការកែសម្រួល​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ហើយ​ទទួល​បាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល អនុម័ត​ពី​រដ្ឋសភា និង​ឡាយ​ព្រះ​ហត្ថលេខា​ពី​ព្រះមហាក្សត្រ ដើម្បីឱ្យ ក្រសួង ស្ថាប័ន អង្គភាព ក៏ដូចជា​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ខេត្ត មាន​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​ចាត់ចែង​អនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ដូច្នេះ សូម​យកចិត្តទុកដាក់ និង​ចាត់ចែង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។ កន្លងមក ក្រសួង​សុខាភិបាល​ធ្វើ​បាន​ល្អ និង​ច្រើន​ហើយ តាមរយៈ​ការរៀបចំ​ទីតាំង ការបំពាក់​សម្ភារៈ ការបណ្តុះបណ្តាល​គ្រូពេទ្យ និង​មន្ត្រី​ពាក់ព័ន្ធ ការផ្សព្វផ្សាយ ការផ្តល់សេវា ។​ល​។ ប៉ុន្តែ​ការងារ​នេះ ពិតជា​អាច​ឱ្យ​មុខ​ដោយ​រលូន និង​មាន​ប្រសិទ្ធ​ឡើយ បើ​គ្មាន​ការចូលរួម និង​គាំទ្រ​ពី​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទេនោះ​។ ដូច្នេះ ខ្ញុំ​ស្នើសុំ​ឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ពង្រឹង​ការងា​ររ​​បស់​ខ្លួន​ជា​បន្ថែម​ទៀត ដើម្បី​ផ្តល់​ការគាំទ្រ​ឱ្យ​បាន​ពេញលេញ ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការ​ស្តារនីតិសម្បទា បណ្តុះបណ្តាល​បំណិន​ជីវិត បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការធ្វើសមាហរណកម្ម​ទៅ​ក្នុង​គ្រួសារ និង​សហគមន៍​វិញ​។​

​ទី​៣.​ពាក់ព័ន្ធ​នឹង​ទិន្នន័យ សូម​គណៈកម្មាធិការ​ទទួល​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ចាត់ចែង ពិនិត្យ និង​កែសម្រួល​បន្តទៀត ពិសេស​រៀបចំ​ឱ្យមាន​ប្រព័ន្ធ និង​វិធីសាស្ត្រ​ច្បាស់លាស់ ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ (​ក្នុង​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល និង​ដៃគូ បាន​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អ្នកញៀន​គ្រឿងញៀន​តាម​បច្ចេកវិទ្យា​ទំនើប គឺ​តាមរយៈ​ផ្តិតមេដៃ​លើ​អេក្រង់​ទូរស័ព្ទ ដែល​មាន​កត់ត្រា​ទិន្ន័យ​របស់​អ្នកជំងឺ ។ បើ​ពិនិត្យ​ទៅ​ឃើញ​ថា ល្អ ហើយ​យើង​អាចមាន​លទ្ធភាព យើង​គួរ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​)​។ ជាមួយនេះ គួរ​ធ្វើកា​បណ្តុះបណ្តាល​ឱ្យ​បាន​ដល់​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង និង​ចេះ​ប្រមូល វិភាគ រក្សាទុក និង​បញ្ជូន​ទិន្នន័យ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ អាច​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការអនុវត្ត​ការងារ​របស់​យើង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ទី​៤.​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ព្រោះថា មានតែ​មូលដ្ឋាន​នេះ​ហើយ​ដែល ដឹង​ច្បាស់​អំពី​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ សូម​សហការគ្នា​ឱ្យបាន​ល្អ​ជាមួយ​មន្ត្រី អនុវត្ត​ច្បាប់ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​យល់ដឹង​អំពី​ការផ្តល់​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ធ្វើ​សកម្មភាព​បំផុស​ឱ្យ​មាន​ការស្ម័គ្រចិត្ត តាមរយៈ​ការលើកទឹកចិត្ត ការអប់រំ​ណែនាំ ហើយ​ក្នុង​ករណី​ចាំបាច់ អាច​អនុវត្ត​ច្បាប់​ដើម្បី​ជម្រុញ​ឱ្យទៅ​ទទួល​យក​ការព្យាបាល និង​ស្តារនីតិសម្បទា គឺ មិន​ត្រូវ​ទុក​ឱ្យ​ពួក​គាត់​នៅ​បន្ត​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ឡើយ​។ សូម​ចងចាំ​ថា ការជួយ​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​ឱ្យទៅ​ទទួល​យ​ការព្យាបាល និង​ស្តារនីតិសម្បទា គឺជា​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​

​ទី​៥.​ស្នើសុំ​ដល់​ដៃគូ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន សូម​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ផ្តល់​ការព្យាបាល និង​ស្តារនីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន និង​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​គោល​ណែនាំ​នានា​ដែល​បាន​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដើម្បី​ធានា​ថា ការផ្តល់​សេវា​របស់​យើង​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅ​បទដ្ឋាន​បច្ចេក ទេស​ទាំង​ផ្នែក​ច្បាប់ និង​ផ្នែក​វេជ្ជសាស្ត្រ ហើយ​គោរព​បាន​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ផ្សេងៗ​របស់​អ្នកជំងឺ​។​

​ទី​៦.​ស្នើសុំ​ដល់​ភាគី​មិត្ត​ថៃ និង​វៀតណាម ក៏ដូចជា​សប្បុរសជន ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដូចជា UNODC, WHO, UNAIDS Aids Care China ។​ល​។ ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​ជា​បន្ត​ទៀត ទាំង​លើ​ការងារ​ពង្រឹង​សមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ ក៏​ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ បច្ចេកទេស ដើម្បី​ឱ្យ​ការផ្តល់សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×