Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ប្តី​ទំនើង ដែល​ជះ​ទឹក​អាស៊ីត ដាក់​ប្រពន្ធ កូន ក្រោយ​រត់គេចខ្លួន​១​ខែ​

spot_img

​កណ្តាល​ ៖ នគរបាល​ខេត្ត​កណ្តាល និង​ខេត្ត​កំពត បាន​សហការ ស្រាវជ្រាវ​រហូត​ឈានដល់​ការចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី​ហិង្សា​ដោយ​ចេតនា (​ជះ​ទឹក​អាស៊ី​ត​) ទៅលើ​ប្រពន្ធ កូន និង​សាច់ញាតិ​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៩ នៅ​ចំណុច​នៅ​ភូមិ​ឬ​ស្សី​ដុំ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ អំពើហិង្សា​ដោយ​ចេតនា​នេះ កើតហេតុ​ថ្ងៃទី​១៤ មករា ២០១៩ វេលា​ម៉ោង ១៩​យប់ ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត សហការ​ជាមួយ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៩ គឺ​មាន​ជនរងគ្រោះ ៣ នាក់ ទី​១.​ឈ្មោះ រ៉ា ស្រី​និច្ច ភេទ​ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​) ជា​ប្រពន្ធ​។ ២.​ឈ្មោះ ម៉ៃ ស្រី​ឡា ភេទ​ស្រី អាយុ​២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​) និង​៣.​ឈ្មោះ ណាន ឈាវ ភេទ​ប្រុស អាយុ​០១​ឆ្នាំ​៦​ខែ ជនជាតិខ្មែរ នៅ​​ក្នុងបន្ទុក (​ជា​កូន​) របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចំណែក​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ុក កុម្ភៈ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ឫស្សី​ដុំ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត (​ត្រូវជា​ប្តី​) ។ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​សហការ ជាមួយ​កងកម្លាំង សមត្ថកិច្ច អធិការដ្ឋាន​នគរបាល ស្រុក​អង្គរជ័យ ខេត្ត​កំពត ឃាត់​ខ្លួន​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៩ នៅ​ចំណុច​នៅ​ភូមិ​ឫស្សី​ដុំ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​នគរបាល​ខេត្ត​កណ្តាល បាន​រៀបរាប់​ពីស​ភាព​នៃ​រឿង​ហេតុថា កន្លង​មក​ឈ្មោះ​អ៊ុក កុម្ភៈ តែងតែ​ប្រើប្រាស់​អំពើហិង្សា វាយ​ទៅលើ​ប្រពន្ធ​ឈ្មោះ រ៉ា ស្រី​និច្ច ជា​ញឹកញាប់ ពេល​ទៅ​ធ្វើ​ការងារ និង​ស្នាក់នៅ​ឯ​ភ្នំពេញ ដោយ​ទ្រាំលែងបាន ឈ្មោះ រ៉ា ស្រី​និច្ច បាន​ត្រឡប់​មក​រស់នៅ​ផ្ទះ​ខ្លួន​វិញ ឯ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ ក្រោយមក ឈ្មោះ​អ៊ុក កុម្ភៈ តែងតែ​មក​រករឿង និង​ធ្លាប់​និយាយ​គំរាម ឈ្មោះ រ៉ា ស្រី​និច្ច ថា​នឹង​ជះ​ទឹក​អាស៊ីត​ដាក់ នៅ​ថ្ងៃ​ណាមួយ ។​

​លុះ​មកដល់​ថ្ងៃទី​១៤ មករា ២០១៩ ឈ្មោះ អ៊ុក កុម្ភៈ បាន​ទូរ​សព្ទ័​មក​ឈ្មោះ រ៉ា ស្រី​និច្ច ជាច្រើន​ដង ឲ្យទៅ​ជួប​នៅ​តំបន់​7NG ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ប៉ុន្តែ​ឈ្មោះ​រ៉ា ស្រី​និច្ច មិន​ព្រមទៅ​ជួប ហើយ​ឈ្មោះ​អ៊ុក កុម្ភៈ បាន​និយាយថា បើ​មិន​ទៅ​ជួប​ប្រាកដ ជា​មានរឿង ដល់​ម៉ោង​១៩​យប់ ថ្ងៃ​ដដែល ឈ្មោះ រ៉ា ស្រី​និច្ច ឈ្មោះ ម៉ៃ ស្រី​ឡា និង ឈ្មោះ ណាន ឈាវ បាន​​ដើរ​​ទៅ​​ទិញ​ម្ហូប នៅ​ខាងកើត​ផ្ទះ ដោយ​ឈ្មោះ​ម៉ៃ ស្រី​ឡា ជា​អ្នក​ពរ ឈ្មោះ ណាន ឈាវ ពេល​ទិញ​រួច​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​កំពុង​ដើរ​ត្រឡប់មកផ្ទះ​វិញ​នោះ ឈ្មោះ អ៊ុក កុម្ភៈ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ មិន​ចាំ​ស្លាក​លេខ ពាក់អាវ​ពណ៌​ទឹកប៊ិច ជិះ​ពី​លិច​ទៅ​កើត លុះ​មកដល់ ក៏​បាន​យក​ទឹក​អាស៊ីត​ជះ​ទៅលើ​អ្នក​ទាំង​៣ បណ្តាលឲ្យ​ត្រូវ​មុខ​ឈ្មោះ ណាន ឈាវ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឯ​ឈ្មោះ រ៉ា ស្រី​និច្ច និង​ឈ្មោះ ម៉ៃ ស្រី​ឡា រង​របួសស្រាល ភ្លាម​នោះ​ឈ្មោះ អ៊ុក កុម្ភៈ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​។ លុះដល់​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៩ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ ខេត្ដ​កំពត បាន​សហការ ឃាត់ខ្លួន​បាន ឈ្មោះ អ៊ុក កុម្ភៈ ប្រគល់ឲ្យ​សមត្ថកិច្ច​ខេត្ដកណ្ដាល ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី​៕ ដោយ​ ៖​ កូឡាប​

    

spot_img
×