Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន និង​បញ្ជូន​យុវជន​ម្នាក់ ទៅ​តុលាការ ករណី ដុត​ចំការ​អំពៅ​អ្នក​ដទៃ​

spot_img

​បន្ទាយមានជ័យ ៖ ដោយ​មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​យ៉ាង​ជាក់លាក់ យុវជន​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​ករណី ដុត​ចំការ​អំពៅ​អ្នក​ដ៏​ទៃ អាច​ត្រូវ​ចោទ​ពី​បទ ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា (​ដុត​ចំការ​អំពៅ​អ្នក​ដទៃ​) ។ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី នៅ​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​នេះ​។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ រសៀល នៅ​ចំណុច​ភូមិ​អភិវឌ្ឍន៍ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា (​ដុត​ចំការ​អំពៅ​អ្នក​ដ៏​ទៃ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ។​

​បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​ទទួលបាន​ចម្លើយសារភាព របស់​ជនសង្ស័យ​រួចមក លោក​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌ បានឲ្យដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ឹង ស៊ី​ហុង ភេទ ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យដឹងថា ៖ ជនសង្ស័យ​មាន​ឈ្មោះ ម៉ន ទ្រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ចំណុច​ភូមិ​អភិវឌ្ឍន៍ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ តែងតែ​ដើរ​ដុត​ព្រៃ នៅក្បែរ​ចំការ​អំពៅ​អ្នក​ដ៏​ទៃ ពេល​ខ្លះ​ក៏​ពន្លត់​ទាន់ តែ​ពេល​ខ្លះ​ពន្លត់​មិន​ទាន់ បណ្តាល​ឲ្យ​ឆេះ​រាលដាល​ជាច្រើនលើក ច្រើនសារ​មកហើយ​។ កន្លងមក ម្ចាស់​ចំការ​តែងតែ​ធ្វើការ​ណែនាំ ដល់​ជនសង្ស័យ​ខាងលើ ឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​ដុត​ព្រៃ តែ​ជនសង្ស័យ មិន​ព្រមស្តាប់ ហើយ​នៅតែ​បន្ត​ធ្វើ​សកម្មភាព ដើរ​ដុត​ព្រៃ​នៅ​ក្បែរ​ចំការ រហូត​ឆេះ​រាលដាល បណ្តាលឲ្យ​ខូចខាត ដល់​ចំការ​អំពៅ​អ្នក​ដ៏​ទៃ និង​ចំការ​អំពៅ​របស់​ខ្លួន​ថែមទៀត ។​

ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ៖ ខ្លួន​មិន​បាន​ដុត​ចំការ​អំពៅ​អ្នកណា​ម្នាក់​ឡើយ គ្រាន់​តែ​ដុត​ស្មៅ នៅក្រៅ​ចំការ​ប៉ុណ្ណោះ ។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ ផ្អែក​លើ​ចម្លើយ​សារភាព របស់​ជនសង្ស័យ យោងតាម​របាយការណ៍ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ និង​យោង​តាម​ការបំភ្លឺ​របស់​សាក្សី ឃើញថា មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា (​ដុត​ចំការ​អំពៅ​អ្នក​ដ៏​ទៃ​) ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×