Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ជាតិ​យល់ដឹង​អំពី​មីន ខួប​លើក​ទី​២០ ធ្វើ​នៅ​ស្រុក​កំរៀង អតីត​តំបន់​ខ្មែរក្រហម​

spot_img

​ខេត្ត​បាត់ដំបង ​៖ ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ អាជ្ញាធរ​មីន សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ប្រតិបត្តិ​ករ​សកម្មភាព​កម្ចាត់​មីន និង​អង្គការ​ជាតិ​-​អន្តរជាតិ រៀបចំ​មិ​ទិ្ទញ​រំលឹក​ខួប​លើក​ទី​២០ ទិវា​ជាតិ​យល់ដឹង​ពី​មីន ២៤ កុម្ភៈ ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោកនាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​លោក​ងួន រ​តន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន ប្រតិបត្តិ​ករ​សកម្មភាព​មីន អង្គការ​ពាក់ព័ន្ធ ព្រះសង្ឃ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជាង​១០០០​នាក់​។​

​ក្នុង​សារលិខិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាន​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២​អាជ្ញាធរ​មីន ផ្ញើជូន​“​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​កុមារា កុមារី ត្រូវ​រាយការណ៍​ជាបន្ទាន់​ឲ្យ​អាណាព្យាបាល សមត្ថកិច្ច​នគរបាល អាជ្ញាធរ​មូលដ្ឋាន ឬ អង្គភាព​បោសសម្អាត​មីន​ដែ​នៅ​ជិត​បំផុត ពី​កន្លែង​គ្រាប់មីន ឬ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ប្អូន ក្មួយៗ បាន​ជួប ឬ​ប្រទះឃើញ ដោយ​កុំ​ប៉ះពាល់​វា​ជា​ដាច់ខាត​”​។​

សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ជូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ជាតិ​យល់ដឹង​អំពី​មីន លើក​ទី​២០ បាន​លើកឡើង​ថា ថ្ងៃទី​២៤​ខែ​កុម្ភៈ ជា​ខួប​លើក​ទី​២០ ទិវា​ជាតិ​យល់ដឹង​អំពី​មីន ដើម្បី​រំលឹក​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​បងប្អូន​ជនរួមជាតិ ដែល​រស់នៅ​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយសារ​គ្រាប់​ទាំងនោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ដែល​ជា​កេរ្តិ៍ដំណែល​បន្សល់ទុក​ពី​សង្គ្រាម ឥណ្ឌូចិន និង​ជម្លោះ​ផ្ទៃក្នុង​កម្ពុជា អស់​រយៈពេល​ជាង​បី​ទសវត្សរ៍ មិន​ត្រឹមតែ​បង្ក​សោកនាដកម្ម ដ៏​ធ្ងន់ធ្ងរ​ចំពោះ​អាយុជីវិត សុខភាព ប្រជាពលរដ្ឋ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ឧបសគ្គ សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​ទៀតផង​។ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​សកម្មភាព​មីន​ជា​គោលដៅ​ទី​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​បាន​បញ្ចូល​វិស័យ​នេះ ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន​។ ក្រោម​នយោបាយ ឈ្នះ​ឈ្នះ នៅ​ឆ្នាំ​១៩៩៨ កម្ពុជា​ទទួលបាន​សន្តិភា​ពេញលេញ​ទូទាំង​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​មាន​លទ្ធភា​ព គ្រប់គ្រាន់​ចាត់ចែង ការងារ​វិស័យ​សកម្ម​ភាព​មីន នៅ​គ្រប់​តំបន់​ដែល​រង​ការគំរាមកំហែង ដោយសារ​គ្រាប់​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព​។ គិត​មកដល់​ឆ្នាំ​២០១៩ សកម្មភាព​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​លក្ខណៈ​មនុស្សធម៌ នៅ​កម្ពុជា​មាន​រយៈពេល​២៧​ឆ្នាំ​មកហើយ​។ ពី​ឆ្នាំ​១៩៩២ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ បានសម្រេច​រំដោះ​ដី​មីន​បាន​ជាង ១.៨០២ គីឡូម៉ែត្រ​ក្រឡា ជូន​ប្រជាពលរដ្ឋ​សម្រាប់​កសាង​ភូមិដ្ឋាន ធ្វើស្រែ​ចំការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា និង​បាន​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១.០៦២.៦៦១​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៤.៨៣២​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២.៧៦៧.០២០​គ្រាប់ ព្រមទាំង​បាន​ធ្វើឲ្យ​ចំនួន​ជន​រង​គ្រោះ​ធ្លាក់ចុះ​ពី​៤.៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​។ ទន្ទឹង​នឹង​នេះ គ្រោះថ្នាក់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ក៏​នៅតែ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ធ្លាក់ខ្លួន​ពិការ ស្លាប់​បាត់បង់​ជីវិត មនុស្ស សត្វពាហនៈ និង​ខូតខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា ដើម្បី​បន្ត​ដោះស្រាយ​នូវ​បញ្ហា​គំរាមកំហែង​ទាំងឡាយ ដែល​បន្សល់ទុក​ដោយសា​រ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​អនុម័ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ក្នុង​គោលបំណង​បំផ្លាញចោល​គ្រាប់លា​ក់មុខ​ទាំងនោះ ឲ្យ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០១៥​។ ផ្អែក​តាម​លទ្ធផល​ពី​ការស្រាវជ្រាវ​ចម្ការមីន​មូលដ្ឋាន​បាន​បង្ហាញថា កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​សង្ស័យថា​មាន​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥ និង​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សម្តេច​តេជ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំណោះ​ប្រទេស​ជា​មិត្ត ដែគូ​អភិវឌ្ឍន៍ បណ្តា​អង្គការ​ជាតិ អន្តរជាតិ និង​ប្រតិបត្តិការ​សកម្មភាព​មីន ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បោស​សម្អាតិ​មីន​នៅ​កម្ពុជា ដើម្បី​សង្គ្រោះ​ជីវិត កាត់បន្ថយ​គ្រោះថ្នាក់ និង​លើកកម្ពស់​សុវត្ថិភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ឲ្យបាន​ប្រសើរ​ជាលំដាប់ រួមចំណែក​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន​កាន់តែ​រុងរឿង​ឆាប់រហ័ស​ថែមទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ឆ្នាំ​១៩៩៨ កម្ពុជា​ទទួលបាន​សន្តិ​ភាព ពេញលេញ​ទូទាំងប្រទេស ដែល​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល មាន​លទ្ធភាព​គ្រប់គ្រាន់ ចាត់ចែង​ការងារ​វិស័យ​សកម្មភាព​មីន នៅ​គ្រប់​តំបន់​ដែល​រង​ការ​គម្រាមកំហែង​ដោយ សារ​គ្រាប់​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ដែនដី ក៏​ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​យើង​ចូលរួម​ប្រឡង​ប្រណាំង អនុវត្ត​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវមាន​វិធានការ​តឹងរ៉ឹង​បំផុត​ចំពោះ​ទង្វើ​ទាំងឡាយណា​ដែល​នៅតែ​បំពាន ដូចជា ការលេង​គ្រាប់ ការកែច្នៃ​គ្រាប់​ធ្វើ​កាំជ្រួច ឬ​បោក​ត្រី​។​ល​។ និង​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​។​

​លោក​បាន​បន្ត​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​-​អន្តរជាតិ និង វិស័យ​ឯកជន​នានា សូម​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស ស្មារតី សម្ភារៈ និង​ថវិកា ដើម្បី​បន្ត​និរន្តរភាព​ក្នុង​ការអនុវត្ត​សកម្មភាព​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឆ្ពោះទៅ​រក​កម្ពុជា​មួយ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×