Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ អាជ្ញាធរ​ថៃ ផ្តល់​ទិដ្ឋាការ​ឥតគិតថ្លៃ ដល់​ពលករ​ខ្មែរ ដើម្បី​មកលេង​ស្រុកកំណើត​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​​ថៃ បាន​ជួយ​សម្រួល​ដល់​ពលករ​ស្របច្បាប់ អាចធ្វើ​ដំណើរ​ត្រឡប់ ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា​ក្នុង​ស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry Visa) ដោយ​ចាប់​អនុវត្ត​ត្រឹម​ថ្ងៃទី​០៥ រហូតដល់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ​ដែល​បានប្រកាស​ប្រាប់​ដល់​សាធារណជន ជាពិសេស​បងប្អូន​ពល​ករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ ឲ្យ​បាន​ជ្រាបថា ដើម្បី​ចូលរួម​អបអរ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​កម្ពុជា ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ទៅ​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​ដោយ​អនុគ្រោះ​មិន​គិតថ្លៃ​ការរក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry Visa) ចាប់ពី​ថ្ងៃទី​០៥-៣០ ខែមេសា ឆ្នាំ​២០១៩ ។

​កន្លងមក​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ ដែល​មានបំណង​ឆ្លងកាត់​ព្រំដែន​ទៅ​កម្ពុជា និង​ត្រឡប់​ចូលមក​ធ្វើការ​នៅក្នុង​ថៃ​វិញ ត្រូវ​ស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ មុននឹង​ធ្វើដំណើរ​ទៅ​កម្ពុជា ដើម្បី​រក្សា​សិទ្ធិ​ទិដ្ឋាការ​ក្នុងការ​ត្រឡប់​ចូលមក​ធ្វើការ​នៅក្នុង​ថៃ​វិញ​។ យោងតាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ ការស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry Visa) ប្រភេទ​ចេញ​-​ចូល​មួយ​លើក (Single) ត្រូវមាន​តម្លៃ​១,០០០​បាត (​ប្រមាណ​៣០​ដុល្លារ​អាមេរិក​) និង​ប្រភេទ​ចេញ​-​ចូល​ច្រើនលើក (Multiple) មានតម្លៃ​៣៨០០​បាត (​ប្រមាណ​ជាង​១០០​ដុល្លារ​អាមេរិក​)​។​

​បើតាម​ស្ថានទូត​កម្ពុជា ការអនុគ្រោះ​លើកលែង​ថ្លៃ​រក្សា​សិទ្ធិ​ទិដ្ឋាការ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៥-៣០ ខែមេសា ឆ្នាំ​២០១៩ ដូច្នេះ​ពលករ​ទាំងអស់​ត្រូវធ្វើ​ដំណើរ ត្រឡប់​ចូលមកក្នុង​ព្រះរាជាណាចក្រ​ថៃ​វិញ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ​។​

បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ទីប្រឹក្សា​ទទួលបន្ទុក​ពលករ​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ដោយយោង​តាម​សំណើរ​របស់​ប្រទេស​បញ្ជូន​ពលករ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៩ គណៈ​អនុ​កម្ម​ការគ្រប់គ្រង​ពលករ​បរទេស និង​បញ្ហា​ជួញដូរ​មនុស្ស​របស់​ប្រទេស​ថៃ បានសម្រេច​អនុញ្ញាត​ឳ្យ​ពលករ និង​អ្នក​នៅក្នុង​បន្ទុក សញ្ជាតិ​កម្ពុជា ឡាវ និង​ភូមា អាចធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ចាប់ពី​ថ្ងៃទី​៥-៣០ ខែមេសា ឆ្នាំ​២០១៩ ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា ក្នុងការ​ស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ​(Re-Entry Visa) ដែល​កន្លងមក​ពលក​រ​ត្រូវ ចំណាយ​ក្នុង​ម្នាក់​១០០០​បាត សម្រាប់​ការចេញ​-​ចូល​មួយ​លើក និង​ប្រភេទ​ចេញ​-​ចូល​ច្រើនលើក (Multiple) មានតម្លៃ ៣៨០០​បាត​ ៕ ដោយ​:​កូ​ឡាប​

spot_img
×