Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លែងលះគ្នា​ជា​លើក​ទី ១ ក្នុង​ពិភព​សត្វ​…

spot_img

​ពួក​គាត់​ស្រឡាញ់​គ្នា​តាំងពី​នៅ​តូចក្រូចឆ្មារ​ម្លេះ មិន​សម​សោះ​ដែល ១១៥​ឆ្នាំក្រោយ បែរជា​មិន​ខ្ចី​រាប់រក​គ្នា​ទៀត សូម្បី​តែ​មុខ​ក៏​មិន​មើល ។​

Bibi និង Poldi ជា​លោកតា លោកយាយ​អណ្តើក​ដែល​រស់នៅ​សួនសត្វ Reptilienzoo Happ នា​ទីក្រុង Klagenfurt ប្រទេស​អូទ្រីស ។ គាត់​ទាំង​២ ធ្លាប់​ជា​ប្តី​ប្រពន្ធ​ស្រឡាញ់គ្នា​ស្អិតរ​មួ​ត សុភមង្គល​ណាស់ ។ គេ​ទាំង​២ តែង​ចែករំលែក​អាហារ ផ្លែ​ប៉េងប៉ោះ ដែល​ពេញនិយម​ទាំង​២​នាក់ ដេក​ប្រឡែង​គ្នា​នៅ​ក្រោម​ម្លប់​ឈើ ដោយ​ពុំ​ដឹងថា​នៅ​អំឡុងពេល​នោះ​ពិភព​មនុស្ស​លោក​បាន​ឆ្លងកាត់​នូវ​ព្រឹត្តិការណ៍​ដ៏​ច្រើន​… សង្គ្រាមលោក ២​លើក​ឯណោះ ។​

…១១៥​ឆ្នាំក្រោយ ការរួមរស់​នឹង​គ្នា ស្រាប់តែ​រវាង​ពួកគេ​បាន​កើត​រឿង​ប្រទូសរ៉ាយ បែកបាក ប្រខាំ​គ្នា​…​។ នេះ​គឺជា​ខែ ១១ ២០១១ គ្រា​បុគ្គលិក​សួនសត្វ​បាន​ទៅ​ត្រួតពិនិត្យ “​ផ្ទះ​” របស់ Bibi និង Poldi ហើយ​ស្រាប់តែ​ឃើញ យាយ Bibi បាន​ខាំ​របើក​ស្នូក​មួយ​ដុំ​របស់​តា Poldi ។​

…​ជម្លោះ​ហិង្សា​កើតឡើង​ប៉ុន្មាន​លើក​ទៀត រហូត​ដល់​គេ​បង្ខំ​នាំយក​តា Poldi ទៅ​នៅ​ទ្រុង​ផ្សេង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ ។​

​ដូច្នេះ​អាថ៌កំបាំង​ដ៏​វែង​អន្លាយ​បំផុត​មួយ នៃ​ពិភព​សត្វលោក ត្រូវបាន​បញ្ចប់ ដោយ​គេ​ពុំ​រក​ឃើញ​ពី​មូលហេតុ ។​

​ពួកគាត់​លែង​មើលមុខ​គ្នា​ទៀត​ហើយ សួនសត្វ​បាន​ប្រឹងប្រែង​រួមទាំង​អញ្ជើញ​អ្នកជំនាញការ​មក​ផ្សះផ្សារ​រួមទាំង​រៀបចំ​ឱកាស​មួយចំនួន​ដើម្បី​គេ​ខិត​ជិត​គ្នា​វិញ ។ យ៉ាងណាក៏ដោយ “​សន្តិភាព​កើត​មាន​តែ​ពេល​ប៉េងប៉ោះ​នៅសល់​ក្នុង​ចាន​ប៉ុណ្ណោះ បន្ទាប់មក​គឺ​ឈ្លោះ​គ្នា​ទៀត ។​

​ក្រោយមក​គេ​នៅ​បាន​ធ្វើ​អណ្តើក​ជ័រ ២ ដែល​មាន​រូបរាង​ដូច Bibi និង Poldi បេះបិទ​សង្ឃឹមថា វា​ជួយ​បញ្ចុះបញ្ចូល​បាន ។ ប៉ុន្តែ Poldi លេង​នឹង Bibi (​ជ័រ​) បាន​ប៉ុន្មាន​លើក​ក៏​ធុញ​ទ្រាន់ រីឯ Bibi វិញ​គឺ​មិន​រវល់​នឹង Poldi (​ជ័រ​) តែម្តង ។​

​តាំងពី​នោះ​មក គេ​ទាំង​២ រស់នៅ​ទ្រុង​ក្បែរ​គ្នា ដែល​គេ​សង់​ឲ្យ​ដូចគ្នា​បេះបិទ ហើយ​ដាក់​កញ្ចក់​ខណ្ឌ​ចំ​កណ្តាល​ទុក​គ្រាន់​អាច​មើលគ្នា​ឃើញ ហើយ​អាច​ពេលណា​នោះ​មានការ​ប្តូរ​ចិត្ត ។​

​ប៉ុន្តែ​៧​ឆ្នាំ​ក្រោយមក ពួកគេ​ពិតជា​ដាច់​និស្ស័យ សោះអង្គើយ​នឹង​គ្នា​ដដែល ។ និស្ស័យ​ស្នេហ៍ ១១៥​ឆ្នាំ ត្រូវបាន​បញ្ចប់ ។​

​យូរៗ​ម្តង​ពេលដែល​យាយ Bibi ក្រឡេកឃើញ​អតីត “​ស្វាមី Poldi” នោះ គាត់​ចោល​កន្ទុយភ្នែក​មើល​រួច​ងាក​មុខ​ចេញ​ភ្លាម​ហាក់ដូច​ចង់​ប្រាប់ថា “​ខ្ញុំ​លែង​ចង់​ឃើញ​ឯង​ទៀតហើយ​” ៕

spot_img
×