Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​រវេ​ណេ​ហ្ស៊ុយ​អេ​ឡា​ជាង ១០០​នាក់​ រត់​ផ្តាច់ខ្លួន​ពី​របប Maduru ប៉ុន្តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គ្រួសារ​ពួកគេ​ក្នុងប្រទេស​

spot_img

​ទាហាន​របស់​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ជាង ១០០​នាក់​បាន​រត់​ផ្តាច់ខ្លួន​ពី​របប Nicolas Maduru ចូល​ក្នុង​ប្រទេស​កូឡុំប៊ី ក្នុង​កំឡុង​ការប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ប្រជាជន​ជុំវិញ​ការរារាំង និង​ចង់​បញ្ជូន​ជំនួយ​ចូល​ក្នុង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​។​

​ពួក​ទាហាន​ដែល​បាន​រត់​ផ្តាច់ខ្លួន​បាន​សំដែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​គ្រួសារ​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Nicolas Maduru ដោយ​ខ្លាច​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​របប​នេះ វាយ​ធ្វើបាប​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​ទោះយ៉ាងណា ពួក​គេ​គិត​ថា ការរត់​ផ្តាច់ខ្លួន​គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត​។​

​បច្ចុប្បន្ន ភាព​តានតឹង​កំពុង​តែ​កើនឡើង​យ៉ាងខ្លាំង បន្ទាប់​ពី​ប្រធានាធិបតី Nicolas Maduru បាន​បញ្ជូល​ទ័ព​ឲ្យទៅ​បិទផ្លូវ និង​ស្ពាន នៅ​ព្រំដែន​ប្រទេសប្រេ​ស៊ីល និង​កូឡុំប៊ី កន្លែង​ដែល​ឡាន​ដឹក​ជំនួយ​ថ្នាំពេទ្យ និង​អាហារ​កំពុង​ចត​នៅ ដើម្បី​ត្រៀម​ចូល​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​​។​

​ការ​ប្រឈម​ដាក់គ្នា​កាលពី​ថ្ងៃ​សៅរ៍កន្លងទៅនេះ បណ្តាលឲ្យ​មនុស្ស​ចំនួន ២​ បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការបាញ់​របស់​កងកម្លាំង ជុំវិញ​ការរារាំង​មិន​ឲ្យ​ជំនួយ​ចូលមក​ក្នុង​ប្រទេស​។​

​តើ​អ្នក​ផ្តាច់ខ្លួន​និយាយ​អ្វីខ្លះ​?

BBC បាន​ធ្វើ​បទសម្ភាសន៍​ជាមួយនឹង​ទាហាន​ផ្តាច់ខ្លួន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ហើយ​ពួកគេ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួកគេ​រត់​ចោល​ប្រធានាធិបតី Nicolas Maduru​។​

​ទាហាន​វ័យ ២៩​ឆ្នាំ​និយាយថា “​មាន​ទាហាន​ជាច្រើន​ដែល​ចង់​ធ្វើ​បែប​នេះ​។ វា​នឹង​មាន​ការប្រព្រឹត្ត​ដូចគ្នា​កើតឡើង ហើយ​វា​នឹង​មាន​ឥទ្ធិពល​លើ​កងកម្លាំង​ទាំងអស់​”​។​

“​កងកម្លាំង​មាន​ការខកចិត្ត ព្រោះ​មាន​មន្ត្រី​ពុករលួយ​ជាច្រើន​។ ទាហាន​ជំនាញ​មាន​ការនឿយហត់​ខ្លាំងណាស់​។ ពួកគេ​មិន​អាច​នៅ​ធ្វើជា​ទា​សករ​ទៀត​ទេ ហើយ​ការ​រត់​នេះ​គឺ​ពួក​យើង​កំពុង​ដោះលែង​ខ្លួនឯង​”​។​

​ទាហាន​ជា​ស្ត្រី​ម្នាក់​ទៀត​បាន​ថ្លែង​ពី​ក្តីឈឺចាប់​របស់​គាត់​ចំពោះ​ការប៉ះទង្គិច​គ្នា​ជាមួយនឹង​ប្រជាជន កាលពី​ថ្ងៃ​សោរ៍​ដូច្នេះ​ថា “​វា​គឺជា​អារម្មណ៍​ដ៏​លំបាក។ ខ្ញុំ​គិតថា ខ្ញុំ​មិន​គួរ​គំរាមកំហែង​ប្រជាជន​ខ្ញុំ​ទៀត​ទេ​”​។​

“​កូនស្រី​របស់​ខ្ញុំ​កំពុងស្ថិត​នៅ​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់​បំផុត ប៉ុន្តែ​ខ្ញុំ​ធ្វើ​បែប​នេះ​ដើម្បី​នាង​។ វា​ជា​អារម្មណ៍​ពិបាក ពី​ព្រោះ​ខ្ញុំ​មិនដឹងថា ពួកគេ​នឹង​ធ្វើ​អ្វី​ដាក់​នាង​នោះទេ​”៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×