Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ចូលរួម​អនុវត្តន៍ សាលដីការ របស់​តុលាការ​កំពូល គឺ​មន្ត្រី​អាវុធហត្ថ​ម្នាក់ និង​យោធិន​ម្នាក់ ត្រូវ​កសាង​សំណុំរឿង​ទៅ​តុលាការ ឯ​ជនរងគ្រោះ​អវយវៈ​ផ្នែក​ខាងក្រោម​កម្រើក​មិនរួច​

spot_img

​ព្រះសីហនុ​ ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើ​សន្និសីទ​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក្នុង​ការចូលរួម​អនុវត្តន៍ សាលដីការ របស់​តុលាការ​កំពូល​។​

​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​ថ្លែងថា បន្ទាប់​ពី​ស្រាវជ្រាវ​រួចមក ក្រុមប្រឹក្សាវិន័យ​សម្រេច​ដាក់ វិន័យ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​៥​នាក់ ។ ទី​១ លោក​វរសេនីយ៍ឯក ប៉ែន វិបុល ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​មាន​កំហុស​ក្នុង​ការគ្រប់គ្រង​បញ្ជា​ធ្វេសប្រហែស​ក្នុង​ការបញ្ជា​កងកម្លាំង ហើយ​គាត់​មិន​ចាត់​វិធានការ​នៅពេល​ដែល​ឃើញ មាន​អំពើ​ហិង្សា ដែល​ជា​អាវុធហត្ថ ឬ​យោធិន គឺ​ក្នុងនាម​យើង​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​ត្រូវតែ​ឃាត់ តែ​គាត់​បែរជា​មិន​ឃាត់ ហើយ​គាត់​ត្រូវ​ទទួលទោស ដោយ​ក្រុមប្រឹក្សាវិន័យ​បាន​ចេញ​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​វិន័យ​ពាក់ព័ន្ធ​នឹង​ការធ្វើ “​ការបន្ទោស​ដោយ​លក្ខខណ្ឌ​អក្សរ​”​។ ទី​២ លោក​ព្រឹន្ទបាលទោ សុខ ធា​រិទ្ធ ជា​សមាជិក​កងរាជអាវុធហត្ថ​នៅ​ខេត្ត​ព្រះសីហនុ គឺជា​បុគ្គល​ដែល​យើង​ឃើញ​នៅក្នុង​រូបភាព​ដែល​ធាក់​បុគ្គល​ម្នាក់​ដែល​ជាប់​ចំណង អីចឹង​កំហុ​តរបស់​គាត់​គឺ​ប្រើ​ហិង្សា​ពាក់ព័ន្ធ​ក្នុង​ពេល​ប្រតិបត្តិការ ដោយ​ដាក់​វិន័យ​គឺ​ផ្អាក​តំណែង​ក្នុង​ជំហាន​ដំបូង ចាប់តាំងពី​ថ្ងៃ​ប្រព្រឹត្ត ហើយ​ជំហាន​បន្ទាប់​នឹង​ប្តឹង​ទៅ​តុលាការ ។ ទី​៣ លោក​ពុធ ចាន់ ជា​សមាជិក​កងរាជអាវុធហត្ថ​នៅ​ខេត្ត​ព្រះសីហនុ គឺ​គាត់​មិនបាន​ប្រើ​ហិង្សា​ទេ ប៉ុន្តែ​គាត់​នៅ​កន្លែង​នឹង​ដែរ ហើយ​ក្នុង​នាម​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ គាត់​មិន​ឃាត់ ឬ​ក៏​ឃាត់ខ្លួន​បុគ្គល​ដែល​ប្រើ​ហិង្សា គឺ​ទទួល​វិន័យ​ជា​លាយលក្ខណ៍អក្សរ​។ ទី​៤ លោក សេក កុម្ភៈ ជា​សមាជិក​កងរាជអាវុធហត្ថ​នៅ​ខេត្ត​ព្រះសីហនុ គឺ​គាត់​មិន​គោរព​ដោយ​ជាក់លាក់​នូវ​បទបញ្ជា ដោយ​ធ្វើ​ការផ្ទុះអាវុធ​ម៉ាក​អាកា ដោយ​បាញ់​ឡើង​លើ​ចំនួន​៤​គ្រាប់ គឺ​ទទួល​វិន័យ​ជា​លាយ​លក្ខណ៍អក្សរ និង​ទី​៥ លោក​ស៊ឹម វាសនា ជា​ជំនួយការ​ការិយាល័យ និង​ជា​សមាជិក​កងរាជអាវុធហត្ថ​នៅ​ខេត្ត​ព្រះសីហនុ គឺ​គាត់​មិន​គោរព​ដោយ​ជាក់លាក់​នូវ​បទបញ្ជា ដោយ​ធ្វើការ​ផ្ទុះ​អាវុធខ្លី​ម៉ាក​សេ​អេស​៩៨ ដោយ​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់ ។​

​លោក​បាន​បន្តថា ហេតុអ្វី​បាន​យើង​ដឹង​នៃ​កា​ផ្ទុះអាវុធ ព្រោះ​ក្រោយ​ពេល​បញ្ចប់​ប្រតិបត្តិការ យើង​បាន​ធ្វើ​ការត្រួតពិនិត្យ​នូវ​អាវុធ​ទាំង​អស់ ដោយសារ​អាវុធ និង​គ្រាប់​ត្រូវ​ចុះបញ្ជី និង​បាន​ធ្វើ​លាកប​ត្រ​ត្រឹមត្រូវ​។ ក្នុង​ប្រតិបត្តិការ នោះ​មាន​កងកម្លាំង​១០០​នាក់ មាន​អាវុធ​វែង​១០​ដើម អាវុធខ្លី​៦​ដើម ។ លោក​បន្តថា ក្បាល​គ្រាប់​ដែល​ត្រូវ​ជនរងគ្រោះ​នោះ អាយុ​ខ្លីម៉ាក កា​៥៩ ជា​ប្រភេទ​អាវុធ​កែច្នៃ ។

ចំណែក​អាវុធខ្លី​ចំនួន​៦​ដើម យើង​បាន​យក​ទៅ​បាញ់​ធ្វើតេស្ត​រក​ក្បាល​គ្រាប់ ដោយ​បាន​យក​ក្បាល​គ្រាប់​ទៅ​កោសល្យវិច័យ គឺ​ពុំ​មាន​លក្ខណៈ​ដូចគ្នា​នឹង​គ្រាប់​តែ​ត្រូវ​ជនរងគ្រោះ​នោះ​ទេ ហើយ​គ្រាប់​តែ​ត្រូវ​ជនរងគ្រោះ​គឺ​ក្បាល​គ្រាប់​អាវុធខ្លី​ម៉ាក កា​៥៩​។

​លោក​អេង ហ៊ី បាន​បញ្ជាក់បន្ថែម​ថា “​គ្រាក់​កាំភ្លើង​ដែល​ត្រូវ​ជនរងគ្រោះ​នោះ គឺ​មិន​បាន​ចេញ​កាំភ្លើង​ពី​កងរាជអាវុធហត្ថ​នោះទេ “​។

​លោក បាន​បន្តថា ពាក់ព័ន្ធ​នឹង​ក្រុមប្រឹក្សា​វិន័យ មន្ត្រី​អាវុធហត្ថ​៥​នាក់ ដែល​ត្រូវ​ទណ្ឌកម្ម ក្នុងនោះ​មាន​មួយ​រូប​ត្រូវ គឺ​លោក​សុខ ធា​រិទ្ធ ត្រូវតែ​កសាង​សំណុំរឿង​ទៅ​តុលាការ ដោយសារ​គាត់​ប្រើ​ហិង្សា ទៅលើ​បុគ្គល​ម្នាក់ ។ ចំណែក​យោធិន​មួយ​រូប​ទៀត ដែល​យក​អាវុធ​អាកា ទៅ​វាយ​បុគ្គល​ម្នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ ។

​លោក​បាន​ថ្លែងថា ចំពោះ​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ បាន​ធូរស្បើយ​ហើយ ប៉ុន្ត​អវយវ​ផ្នែក​ខាងក្រោម មិនទាន់​មាន​ចលនា ហើយ​ពេទ្យ​កំពុង​បន្ត​ព្យាបាល​។ លោក​បន្តថា នៅពេលដែល​យើង​ស្តាប់​ចម្លើយ​ទាំង​ពីរ​នាក់​នោះ គឺ​គាត់​ខឹង​ដោយ​សារ​មាន​ការបាញ់​ចម្ពាមកៅស៊ូ​ត្រូវ គេ​គប់​ត្រូវ​គាត់ ទើប​គាត់​បាន​ប្រើ​អំពើហិង្សា​តែម្តង​។ លោក​បាន​សម្តែង​ការ​សុំទោស ជំនួស​ឲ្យ​មន្ត្រី​អាវុធហត្ថ​និង​យោធិន​ទាំង​ពីរ​រូប​នោះ ចំពោះ​ជនរងគ្រោះ ដែល​ជា​ការប្រព្រឹត្ត​មិន​គប្បី ដោយសារ​កន្លង​ទៅ​យើង​មាន​ការអប់រំ​ណាស់ ជា​ពិសេស​បាន​ចុះ​អប់រំ​ទូទាំងប្រទេស ឲ្យ​គាត់​បម្រើប្រជាជន ចាត់ទុក​ប្រជាជន​ជា​ម្ចាស់ ដោយសារ​ប្រជាពលរដ្ឋ មហាជន ប្រជាជន​យើង ជា​អ្នក​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​បាន​លុយ​បើក​ប្រាក់ខែ​ឲ្យ​អាវុធ អីចឹង​អាវុធហត្ថ​ត្រូវតែ​បម្រើ​ពលរដ្ឋ​ឲ្យបាន​ល្អ ។​

លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​បំភ្លឺ​ឲ្យ​សាធារណជន បាន​យល់​ច្បាស់​ពី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើតឡើង​ប៉ុន្មាន​សប្តាហ៍​មក​នេះ រហូតដល់​មាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ដែលជា​អ្នក​ទទួលបញ្ជា​ដឹកនាំ​កម្លាំង​ដោះស្រាយ​បញ្ហា​នេះ​។ លោក ផៃ ប៊ុន​វណ្ណៈ សារភាព​ត្រង់ៗ​ថា កម្លាំង​សមត្ថកិច្ច ពិតជា​បាន​បាញ់កាំភ្លើង​ប្រមាណ​២០​គ្រប់ ឡើង​ទៅលើ ក្នុង​ពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រជាពលរដ្ឋ​។ ដំបូង​ឡើយ សមត្ថកិច្ច គ្មាន​ចេតនា​ប្រើប្រាស់​អាវុធ​ឬ​ក៏​ចង់​ឲ្យ​កើត​អំពើហិង្សា​នោះទេ ប៉ុន្តែ ដោយសារ​តែ​ខាង​ប្រជាពលរដ្ឋ ជា​អ្នក​ផ្តើម​មុន ដោយ​កែន​គ្នីគ្នា​រាប់រយ​នាក់ ទៅ​តវ៉ា រហូត​មាន​ដុត​កង់ឡាន គប់​ដប​សាំង ដប់​ដុំថ្ម និង​បាញ់​ចម្ពាម លើ​ក្រុម​សមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​ឆេះ​អេស្កាវ៉ាទ័រ និង​ឆេះ​ឡាន​ទឹក ទើប​កម្លាំង​សមត្ថកិច្ច សម្រេច​បាញ់​កាំភ្លើង​ឡើង​លើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​អំពើហិង្សា ​។​

​អភិបាលរង​រូប​នេះ សន្និដ្ឋានថា ទំនង​ជា​គ្រប់​កាំភ្លើង​ដែល​បាញ់​ឡើង​លើ​នោះ​ហើយ ដែល​ត្រូវ​ប្រជាពលរដ្ឋ ពេល​ធ្លាក់​ចុះ​មកក្រោម​វិញ​។ លោក បញ្ជាក់​បែប​នេះ​ថា​៖«​ពេលនោះ មាន​អំពើ​ហិង្សា​កើតឡើង ដោយ​មាន​ផ្ទុះ​អាវុធ​បាញ់​ឡើង​ទៅលើ ប្រហែល​ប្រមាណ​២០​គ្រាប់ ហើយ​ប្រហែលជា​គ្រាប់​ធ្លាក់​មក​វិញ ត្រូវ​របួស​មនុស្ស​ម្នាក់ តែ​ការរង​របួស​នេះ មិន​បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​ទេ​»​ ។​

​គេ​មិន​ទាន់​ភ្លេច​ទេ​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ពៅ សារ៉ន ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង ពេល​ទៅ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត សមត្ថកិច្ច ហាក់​ព្យាយាម​ដក​ខ្លួន​ចេញពី​ទំនួល​ខុស​ត្រូវ​នេះ​។ កាលនោះ លោក ផៃ ប៊ុន​វណ្ណៈ បាន​បកស្រាយ​ថា គ្រាប់កាំភ្លើង​នោះ ជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុក ដែល​មិនមែន​ជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ឡើយ​។​

​លោក ផៃ ប៊ុន​វណ្ណៈ ក៏​ដាក់​ការសង្ស័យថា ពេល​ចលាចល​កើតឡើង ដោយសារ​ការប្រទូសរ៉ាយ​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ជន​បាតដៃ​ទី​៣ ក៏​ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ​តែម្តង ដើម្បី​ទម្លាក់​កំហុស​ឲ្យ​សមត្ថកិច្ច​។​

​លើសពីនេះ តាមរយៈ​វីដេអូ​ដែល​គេ​ថត​បាន និង​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ក៏​ឃើញ​សមត្ថកិច្ច បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​ក្នុង​នោះ មាន​សមត្ថកិច្ច​ម្នាក់ បាន​យក​កាំភ្លើង ទៅ​វាយ​ខ្នង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​អង្គុយ​លុតជង្គង់ ហើយ​ដៃ​ទាំង​២ ត្រូវបាន​ចងស្លាបសេក​។​

​សូមបញ្ជាក់​ថា ទំនាស់​ដីធ្លី​នេះ កើតឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ការ​ប្រឈម​ដាក់គ្នា​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​កើត​ឡើង​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មកម្ល៉េះ ហើយ​មកដល់ពេលនេះ ការតវ៉ា មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា នៅពេល​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​ពួកគាត់ លើ​រឿង​ដីធ្លី ៕ ​ដោយ ​៖ ​ស្រីនាថ​

 

spot_img
×