Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ជាតិ​ទីក្រុង​ស្អាត ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់ អនាម័យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​

spot_img

ភ្នំពេញ​ ៖ ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់ អំពី​អនាម័យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ របស់​ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ ការធានា​សន្តិសុខ សុវត្ថិភាព​ពេញលេញ មាន​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ មាន​ការផ្តល់​សេវា​សាធារណៈ ប្រកប​ដោយ​បដិសណ្ឋារកិច្ច​ល្អ ពោល​គឺ​ជា​ទីកន្លែង ដែល​អាច​ផ្តល់​នូវ​ភាពកក់ក្តៅ យ៉ាង​ពិតប្រាកដ សម្រាប់​ការរស់នៅ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ “​ទិវា​ជាតិ​ទីក្រុង​ស្អាត​” លើក​ទី​៧ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​” ដែល​បាន​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរ​សារ ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៧ ឆ្នាំ​២០១៩ និង​ពិធី​ប្រគល់​ជ័យលាភី រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ លើក​ទី​៣ អម​ជាមួយ​ជ័យលាភី​ទីក្រុង​ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ ( Best Countdown City of the Year) និង​ជ័យលាភី​បង្គន់​សាធារណៈ​កម្ពុជា លើក​ទី​១ នាពេលនេះ​។ សម្តេច​តេជោជោ​នាយករ​ដ្ឋ​មន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​ក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​អភិវឌ្ឍន៍ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ទទួល​បាន​ភាព​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំឲ្យ​មាន​ការ​ភ័យ​តក់ស្លុត ចំពោះ​ការចាក់​បង្ហាញ​រឿង​សត្វ​ឆ្កែ​ខាំ​លើ​មនុស្ស​កន្លងទៅ​ថ្មីៗ​នេះ​។ ទន្ទឹមនឹងនេះ ដោយ​មាន​ការភ័យខ្លាច និង​ព្រួយបារម្ភ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន រួមទាំង​អ្នក​ខ្លះ​មិន​មាន​សត្វ​ឆ្កែ​ខាំ​ផង បាននាំគ្នា​តម្រង់​ជួរ​រង់ចាំ​ចាក់​ថ្នាំ​វាក់​សាំង​ការពារ​ជំងឺ “​ឆ្កែ​ឆ្គួត​” ដែល​ធ្វើឲ្យមាន​ការកកស្ទះ​នៅ​កន្លែង​ចាក់​ថ្នាំ​បង្កា​វិទ្យាស្ថាន​ប៉ាស្ទ័រ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល បន្ត​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​ត្រូវ​ពង្រាយ​សេវា​ចាក់​ថ្នាំ នៅ​តាម​មន្ទីរពេទ្យ​នានា​ឲ្យបាន​ច្រើន​។ ជាមួយគ្នា​នេះ​ផង​ដែល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ការពារ​ខ្លួន​ធ្វើយ៉ាងណា​កុំឲ្យ​ឆ្កែ​ខាំ​។​

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​សន្តិភាព កុំឲ្យ​មាន​អំពើ​រភេវ​រកម្ម ជា​ពិសេស​ត្រូវ​ធ្វើ​យ៉ាងណាឲ្យ​តំបន់​ររមណីយដ្ឋាន តំបន់​ទេសចរណ៍ តំបន់​រោងចក្រ ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ ដោយ​ក្នុង​នោះ​អាជ្ញាធរ ត្រូវ​បន្ត​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យបាន​ខ្ជាប់ ខ្ជួន​ដើម្បី​ធានា​ដល់​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ឲ្យ​អ្នក​ដែល បម្រើ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដូចជា ផ្នែក​សណ្ឋាគារ និង​ភោជនី​ដ្ឋា​ន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​សេវាកម្ម ការ​បដិសណ្ឋារកិច្ច និង​ផ្នែកអនាម័យ គឺ​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​បំផុត​ដល់​ភ្ញៀវ ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវ​មក​ស្នាក់នៅ ហើយ​លើក​ក្រោយមក​ទៀត​ជាមួយ​មិត្ត​គ្រួសារ និង​អ្នកទេសចរ​ជាច្រើន​ទៀត​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ត្រូវមាន​ការផ្សាភ្ជាប់ ឬ​ទាញ​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម តាមរយៈ​ការជំរុញ​ឲ្យ​កសិករ ម្ចាស់​រមណីយដ្ឋាន និង​ភោជនីយដ្ឋាន បង្កើន​ការដាំដុះ​ដំណាំ​កសិកម្ម បែប​ធម្មជាតិ​ឲ្យបាន​ច្រើន ដើម្បី​បំពេញ​តម្រូវការ​ដល់​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន រាជធានី​-​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ពាក់ព័ន្ធ ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុន​ឯកជន រោងចក្រ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តា​បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​អនុវត្ត​ឲ្យបាន​ផុលផុ​ស ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ចលនា​ប្រឡង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ឲ្យបាន​ផុលផុស​ថែមទៀត ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​គុណភាព ចីរភាព និង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សក្តិសម នឹង​កិត្តិនាម “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ​”​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​អបអរ​សារ​ដល់​ខេត្ត និង​ក្រុង​ដែល​ទទួលបាន​ជ័យលាភី ជា​ទីក្រុង ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ គឺមានៈ ១)​រាជធានី​ភ្នំពេញ ២)​ខេត្តសៀមរាប និង​៣)​ខេត្ត​កែប​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×