Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ២​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​កម្ពុជា​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​ព័ត៌មាន​កងទ័ពជើងទឹក​កម្ពុជា បានឲ្យដឹងថា កាលពី​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នា​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ចំនួន ២​គ្រឿង បាន​ចូល​ចត ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ គឺ​គិតពី​ថ្ងៃ​ទី​២៥ ដល់​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

មន្ត្រី​កង​ទ​ព​ជើង​ទឹក​កម្ពុជា បន្តថា ដំណើរ​ទស្សនកិច្ច របស់​នាវាចម្បាំង​ជប៉ុន មក​កម្ពុជា​ពេល​នេះ ដើម្បី​រិត​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស នឹង​រៀបចំ​ធ្វើការ​ហ្វឹកហ្វឺន ដល់​នាវិក​កម្ពុជា ក្នុង​ការបំពេញ​ការងា​រ​បើកបរ​នាវា​រយៈផ្លូវ​ចម្ងាយ​ឆ្ងាយ​ផងដែរ​។​

កាលពី​ព្រឹក​មិញ​នេះ មន្ត្រី​កងទ័ពជើងទឹក​កម្ពុជា​ជាច្រើន​នាក់ បាន​អញ្ជើញ​ទៅ​ទទួល​បដិសណ្ឋារកិច្ច គណៈ​ច​ប្រតិភូ​កងទ័ពជើងទឹក​ជប៉ុន ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

នា​ឱកាស​នោះ​ដែរ ខាង​ភាគី​កងទ័ពជើងទឹក​កម្ពុជា បានបញ្ជាក់​ថា ប្រតិភូ​កងទ័ពជើងទឹក​ជប៉ុន​មក​ទស្សនកិច្ច​ការងារ​៤​ថ្ងៃ​នៅ​កម្ពុជា​ពេល​នេះ គឺ តាម​គម្រោង ក្រោយ​ការចូល​ចត ប្រតិភូ​មេបញ្ជាការ​នាវា​ទាំង​២ នឹង​អញ្ជើញ​ទៅ​ទស្សនា​ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ វត្ត​អារាម សាលារៀន អង្គភាព​មួយ​ចំនួន ដាក់​កម្រងផ្កា នៅ​វិមាន​ឯករាជ្យ និង​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ផង​ដែរ​។​

នាវា​ទាំង​ពីរ​គ្រឿង គឺ​នា​វាទី​១ មានឈ្មោះ SETOYUKI (TV-3518) មាន​បណ្តោយ ១៣០​ម៉ែត្រ ទទឹង​១៣,៦០​ម៉ែត្រ ជម្រៅ​ទឹក​៨ ,៥០​ម៉ែត្រ ទំងន់​ផ្ទុក ៣០៥០​តោន មាន​នាវិក ប្រមាណ​១៦៧​នាក់ និង​មេបញ្ជាការ​នាវា ឈ្មោះ លោក​វរ​នា​វី​ទោ NAOTO NAKADERA​។

ចំណែក នា​វាទី​២ ឈ្មោះ SHIMAYUKI (TV-3513) មាន​បណ្តោយ ១៣០​ម៉ែត្រ ទទឹង ១៣,៦០​ម៉ែត្រ -​ជម្រៅ​ទឹក​៨ ,៥០​ម៉ែត្រ ទំងន់​ផ្ទុក ៣០៥០​តោន​។ នាវា​នេះ​មាន​នាវិក ប្រមាណ ១៦៧​នាក់ និង​មេបញ្ជាការ​នាវា​ឈ្មោះ លោក​វរ​នា​វី​ទោ TAKEHIKO SAITO​។

​ប្រធាន​ប្រតិភូ​ដឹកនាំ​នាវា​ខាងលើ គឺ លោក​វរ​នា​វី​ឯក YOSHIYUKI NAKAGANA មេបញ្ជាការ​ហ្វឹកហ្វឺន​អង្គភាព​លេខ ១ នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​៕ ដោយ​៖ ដែន សីមា​

 

spot_img
×