Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្តក្រចេះ ពង្រឹង​លើ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ​

spot_img

​ក្រចេះ ៖ ក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្តក្រចេះ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ រៀបចំ​កិច្ចពិភាក្សា ស្តីពី​ការពង្រឹង​លើ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ នៅក្នុង​បរិវេណ​សាលាខេត្ត​ក្រចេះ ក្រោម​អធិបតីភាព លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្តក្រចេះ​ចូលរួម​ជាច្រើន​នាក់​។​

​លោក វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្តក្រចេះ បាន​ចាត់ទុកថា វេទិការ​នៅពេលនេះ ជំរុញ​ឱ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​ពាក់ព័ន្ធ​អនុវត្ត​តួនាទី​ភារកិច្ច កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព ក្នុងការ​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ។​

​ក្នុងឱកាស​នេះ លោក សាយ សំ​អាល់ បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្តក្រចេះ សហការ​ចូលរួម​យកចិត្តទុកដាក់​បន្ថែម​ទៀត ដល់​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈចម្រុះ ជាពិសេស​ការគ្រប់គ្រង​ធនធានធម្មជាតិ នៅក្នុង​តំបន់ការពារធម្មជាតិ សម្រាប់​ការរស់នៅ​ដោយ​ចីរភាព ។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​ក្រសួងបរិស្ថាន ត្រៀមលក្ខណៈ​ផ្តល់​ការបណ្តុះបណ្តាល​បន្ថែមទៀត ទាក់ទង​ទៅនឹង​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន ជាពិសេស​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លេខ​១១៣ អនក្របក ស្តីពី​ការគ្រប់គ្រង​សំណល់​រឹង ( សំរាម ) និង​អនុក្រឹត្យ​លេខ​២៣៥ អនក្របក ស្តីពី​ការគ្រប់គ្រង​លូ តាមរយៈ​មន្ត្រី​ជំនាញ​របស់​ក្រសួង​នៅ​ខេត្តក្រចេះ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រេង​អនាម័យ​បរិស្ថាន​កាន់តែ​ប្រសើរ ។​
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញឱ្យមាន​កិច្ចសហការ​ល្អ​ថែមទៀត ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រង​សម្រាម​នៅលើ​ទីលាន ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​ជាពិសេស​ការកាត់បន្ថយ​សំរាម ចាក់​នៅលើ​ទីលាន ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការញែក​ប្រភេទ​សំរាម និង​ការបញ្ចេញ​សំរាម​ពី​ទីលាន​សម្រាប់​លក់​ជា​អេតចាយ​ផងដែរ​។ ក្នុងឱកាស​នេះ លោក សាយ សំ​អាល់ បានលើកឡើង​ផងដែរ ពី​ការយកចិត្តទុកដាក់​ដ​ល់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ និង​នៅក្បែរ​តំបន់ការពារធម្មជាតិ ដោយ​គម្រោង​ក្រសួងបរិស្ថាន ដែល​អាច​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍ សម្រាប់​បង្កើន​ជីវភាព​បន្ថែម​និង​កាត់បន្ថយ​ពី​ការដាក់​សំពាធ​លើ​ធនធានធម្មជាតិ ។​

​ជាមួយគ្នានេះ លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចពិភាក្សា ស្តីពី​ការពង្រឹង​លើ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ដែល​បង្កើតឱ្យមាន​ការ​ជជែក​គ្នា​ដោះស្រាយ លើ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាននៅ​ខេត្តក្រចេះ លើ​ការប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ធនធានធម្មជាតិ នៅ​កម្ពុជា​។ លោក​កិត្តិ​បណ្ឌិត បានលើកឡើង​អំពី​ចំណុច​អាទិភាព ដែល​អាជ្ញាធរខេត្ត ត្រូវ​ពង្រឹង​ការងារ​លើ​ការគ្រប់គ្រង​សំណល់​រឹង សំរាម និង​លូ នៅតាម​ទីក្រុង និង​ទីប្រជុំជន ឱ្យបាន​ល្អ ដើម្បី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​អនាម័យ មាន​សុខ​ភាពល្អ និង​មាន​សោ​ភ័​ណ្ឌ​ភាព ដោយបាន​សហការ ជាមួយ​មន្ត្រី​ជំនាញ​បរិស្ថាន លើ​ការងារ​បច្ចេកទេស និង​ការអនុវត្ត​ច្បាប់ ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ ឱ្យមាន​ប្រ​សិ​ទ្ឋ​ភាព​។ លោក​កិត្តិ​បណ្ឌិត ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត និង​មន្ត្រី​ក្រសួងបរិស្ថាន សហការគ្នា​ល្អ​ថែមទៀត ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ ជាពិសេស​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​តំបន់ការពារធម្មជាតិ​ជាក​ម្មសិ​ទ្ឋ ។​

​សូមបញ្ជាក់ថា ខេត្តក្រចេះ មាន​តំបន់ការពារធម្មជាតិ​ចំនួន​៦​កន្លែង ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៤០៤.០៥៩ ហិច​តា ស្ថិតក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ស្នួល ដែល​ក្នុងនោះ​មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សសរស្តម្ភ​សត្វ​តោ ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ ដែនជម្រកសត្វព្រៃ​សំបូរ និង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ ។ អាជ្ញាធរ​ខេត្តក្រចេះ ក៏បាន​រៀបចំ​ឱ្យមាន ទីតាំង​ចាក់សំរាម​ចំនួន​២​កន្លែង​ផងដែរ សម្រាប់​គ្រប់គ្រង​ការបញ្ចេញ​សំរាម​ពី​ក្រុង​ក្រចេះ និង​ទីប្រជុំជន​នៅក្បែរ​ក្រុង​ក្រចេះ ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×