Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​អាល្លឺម៉ង់ គាំទ្រ និង​បន្ត​សហការ​ជាមួយ សម្ដេច​តេ​ជោ​ជានិច្ច ក្នុង​ការជួយ​ដល់​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ ​ប្រទេស​អាល្លឺម៉ង់​គឺ​គាំទ្រ និង​បន្ត​សហការ​ជាមួយ សម្ដេច​តេ​ជោ​ជានិច្ច ក្នុង​ការជួយ​ដល់​កម្ពុជា ដូច​ជា​​ការជួយ​លើ​វិស័យ​កសិកម្ម អគ្គិសនី​ការប្រើប្រាស់​ផ្ទាំង​សូ​ឡា ប្រព័ន្ធ​ស្រោចស្រព​ទឹក និង​ជំរុញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ចន្ទ ៦​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកុម្ភៈ គ​.​ស​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Nobert BARTHLE ជា​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ នៃ​ប្រទេស​អាល្លឺម៉ង់​។

​ក្នុង​ជំ​ជួប​នោះ លោក Nobert BARTHLE បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​ការដឹកនាំ​ប្រតិភូ​ចំរុះ​ដែលមាន​សមាជិកសភា​ផង និង​មាន​សមាជិក​រដ្ឋាភិបាល​ផង មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​គម្រោង​ទាំងឡាយ​ដែល​សហព័ន្ធ​អាល្លឺម៉ង់​បានធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដើម្បី​បានជា​មូលដ្ឋាន​បន្ត​កិច្ចសហប្រតិបត្តិការ​នៅលើ​គម្រោង​ជាច្រើន​បន្ថែមទៀត ដោយ​អនុវត្ត​ទៅតាម​ការណែនាំ​ពី​លោកស្រី​អធិការបតី Angela Merkel ដែល​កន្លងមក​លោកស្រី​តែងតែ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ។​

​លោក Nobert BARTHLE បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា លោក​បានកត់សម្គាល់​ពី​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​របស់​ប្រទេស​កម្ពុជា ហើយ​សង្កេតឃើញ​មានការ​វិនិយោគ​ជាច្រើន នៅក្នុង​នោះ​លោក​ក៏មាន​ការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ជាច្រើន​ពី​អាល្លឺម៉ង់​អោយមក​កម្ពុជា​ផងដែរ​។ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ​នាយក​មន្ត្រី គឺ​បាន​នាំមក​នូវ​ការអភិវឌ្ឍ និង​ការរីកចម្រើន​ដែល​បានធ្វើអោយ​សេដ្ឋកិច្ច​រឹងមាំ មាន​ស្ថិរភាព និង​សន្តិភាព ដែល​នេះ​ជា​ស្នាដៃ​ដ៏​ធំធេង​របស់ សម្ដេច​តេ​ជោ​។ លើសពីនេះទៅទៀត​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​កន្លងមក​គឺមាន​អ្នក​វិនិយោគិន​អាល្លឺម៉ង់​ជាច្រើន​បាន​ចាប់អារម្មណ៍ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ផ្ញើ​ការសួរសុខទុក្ខ​ជូន​ចំពោះ​លោកជំទាវ​អធិការបតី​អាល្លឺម៉ង់ ដែល​បាន​ផ្ញើលិខិត​អបអរសាទរ​ចំពោះ​សម្ដេច ដែល​បាន​ជាប់ឆ្នោត​ជា​នាយក​មន្ត្រី​កន្លងមកនេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ និង​អរគុណ​ចំពោះ​ការវាយតម្លៃ​ដោយស្មោះ​ត្រង់​ចំពោះ​ការវិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដោយ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៧៩ គឺ​សម្តេច​បាន​ជួប​មនុស្ស​តែ​៧០​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេលនេះ ភ្នំពេញ​មាន​មនុស្ស​ជាច្រើន​បាន​កំពុង​រស់នៅ​យ៉ាង​សុខ​សប្បាយ និង​មានការ​អភិវឌ្ឍ​យ៉ាងច្រើន​។

​ស​ម្តេ​តេ​ជោ ហ៊ុន សែន ក៏បាន​មាន​ប្រសា​ស​ន៏​ថា ការអភិវឌ្ឍ​នេះ​ទទួលបាន​ត្រឹម​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ដែលនាំអោយ​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព ហើយ​ការអភិវឌ្ឍន៍​នេះ ក៏មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​នានា ក្នុងនោះ​ក៏មាន​អាល្លឺម៉ង់​ផងដែរ​។​

​សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ថា ទោះបីជា​ពេលនេះ​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​នៅឡើយ ហើយ​ក្នុងនោះ​កម្ពុជា​បានដាក់​ចេញ​នូវ​ការងារ​អាទិភាព​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​រួមមាន ការអភិវឌ្ឍ​ធនធានមនុស្ស បញ្ហា​ទឹក​ស្រោចស្រប់ បញ្ហា​ទូរគមនាគមន៍ គមនាគមន៍ និង​បញ្ហា​អគ្គិសនី​ផងដែរ​។

​លោក Nobert BARTHLE បានបញ្ជាក់​សារជាថ្មី​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ថា ប្រទេស​អាល្លឺម៉ង់​គឺ​គាំទ្រ និង​បន្ត​សហការ​ជាមួយ សម្ដេច​តេ​ជោ​ជានិច្ច ជាពិសេស​នៅ​ជាមួយ​សម្ដេច​តេ​ជោ​ក្នុង​ការជួយ​ដល់​កម្ពុជា ដូចជា​ការជួយ​លើ​វិស័យ​កសិកម្ម អគ្គិសនី​ការប្រើប្រាស់​ផ្ទាំង​សូ​ឡា ប្រព័ន្ធ​ស្រោចស្រព​ទឹក និង​ជំរុញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។ លោក​បាន​មានប្រសាសន៍ថា យើង​នឹង​ដើរ​ជាមួយគ្នា និង​បន្ត​សហការ​ជាមួយគ្នា​អោយ​កាន់តែ​រឹងមាំ​ថែមទៀត​ ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×