Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡា​ហោ ៖ ទោះបីជា​មាន​ឧបសគ្គ​ខ្លះ ប៉ុន្តែ​រាជរដ្ឋាភិបាល ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​ធ្វើឲ្យបាន​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក​ឧត្តម Nobert BARTHLE ជា​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ នៃ​ប្រទេស​អាល្លឺម៉ង់​។​

​នៅក្នុង​ជំនួប​ដ៏​មាន​សារសំខាន់​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​តែងតែ​ជួយ​ដល់​កិច្ច​អភិវឌ្ឍន៍​កម្ពុជា ដោយ​សម្ដេច​បាន​បង្ហាញ​ការកត់សម្គាល់ថា រាល់​ការអភិវឌ្ឍន៍​របស់​កម្ពុជា មិន​អាច​កាត់ផ្ដាច់ បាន​ពី​ជំនួយ​គាំទ្រ របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​បានឡើយ ។​

​ពាក់ព័ន្ធ​សំណើសុំ​ស្វែងយល់ អំពី​កិច្ចការ​សំខាន់ ដែល​ក្រសួង​មហាផ្ទៃ​កំពុង​អនុវត្ត សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ជម្រានជូន​ភ្ញៀវ អំពី​អភិបាលកិច្ច​ល្អ និង​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​សម្ដេច​បាន​អះអាង​ថា បើទោះបីជា​មាន​ឧបសគ្គ​ខ្លះ​មែន ប៉ុន្តែ​ការងារ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​ធ្វើ​ឲ្យបាន​ជោគជ័យ ។​

​សម្ដេច​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់​លើកកម្ពស់ សមត្ថភាព​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព កាន់តែច្រើន ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន តាមយៈ​ការបង្កើន​ថវិកា តាម​ឆ្នាំ​ជា​បន្ត​បន្តាប់ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ ដែល​រាជរដ្ឋាភិបាល បានកំណត់​រួចហើយនោះ ។​

​សម្ដេច ក៏​បាន​មានប្រសាសន៍​ដែរ​ថា រាជរដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ កំពុង​ខិតខំ​ពង្រីក​បន្ថែម​ទៀត នូវ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ដែល​បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​ដំណើរការ​នៅ​គ្រប់​រាជធានី​-​ខេត្ត ប្រមាណ​ជាង​៥០​កន្លែង​រួចហើយ ដើម្បី​ពង្រឹង​ការផ្ដល់សេវា ជូន​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព ។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ កំពុង​ធ្វើ​កំណែទម្រង់រដ្ឋបាល ក្រុង​ស្រុក​ខណ្ឌ ដែល​នេះ​ជា​គន្លឹះ​មួយ យ៉ាង​សំខាន់​នាំ​ឲ្យ​ការធ្វើកំណែទម្រង់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាន់តែ​ទទួល​បាន​ជោគជ័យ មួយកម្រិត​ទៀត​។​

​បន្ទាប់មក​លោក​ប្រធាន​ប្រតិភូ​អាល្លឺម៉ង់ បាន​សម្ដែង​ការគាំទ្រ និង​កោតសរសើរ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ពិសេស​សម្ដេច​ក្រឡាហោម ស ខេង តែម្ដង ដែល​អាល្លឺម៉ង់ កត់សម្គាល់ឃើញ​ថា បាន​ដឹកនាំ​អនុវត្ត​ការងារ កំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់ និង​បាន​ដាក់ចេញ ទិសដៅ​ប្រកបដោយ​ភាពជឿជាក់​។​

​លោក Norbert បាន​ជម្រាប​ជូន​សម្ដ​ច​ក្រឡាហោម ស ខេង ថា រដ្ឋាភិបាល​អាល្លឺម៉ង់ មាន​បំណង​ចូលរួម ក្នុង​កិច្ចការ​អភិវឌ្ឍន៍​កម្ពុ​ជា ជា​បន្ត​ទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ការបន្ថែម​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត ដែល​អាល្លឺម៉ង បាន​សហការ​ចូលរួម​គាំទ្រ​កន្លងមក​។​

​តាមរយៈ​បំណង​នេះហើយ នៅក្នុង​ឱកាស​នៃ​ជំនួប​នេះ លោក​ប្រធាន​ប្រតិភូ បាន​គោរព​អញ្ជើញ សម្ដេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បំពេញ​ទស្សនកិច្ច នៅ​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​ពេលវេលា​សមស្រប ដើម្បី​ទទួលយក និង​ផ្លាស់ប្ដូរ​បទពិសោធន៍​បន្ថែមទៀត ទៅលើ​អ្វី​ដែល​ជា​មូលដ្ឋាន នៃ​ការកែទម្រង់​របស់​កម្ពុ​ជា ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​៕ ​ដោយ​៖​កូឡាប​

spot_img
×