Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រដ្ឋ​វៀតណាម ជួបពិភាក្សា​ការងារ​ជាមួយ ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយ៍ សម្តេច សាយ ឈុំ និង​សម្តេច​ហេង សំរិន ក្នុង​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ នៃ​គណៈកម្មាធិកា​រ​មជ្ឈឹម​បក្សកុំម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ​។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ នៃ​គណៈកម្មាធិកា​រ​មជ្ឈឹម​បក្សកុំម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅវេលា​ម៉ោង​១០:០០ ព្រឹក ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បន្តទៀត មុន​បន្តដំណើរ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ង្វៀន ហ្វ៊ូ​ជុង បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើកដំបូង ក្នុងនាម​ជា​ប្រមុខរដ្ឋ​វៀតណាម​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ម្សិលមិញ​នេះ​។ ពេល​អញ្ជើញ​ដល់​លោក ង្វៀន ហ្វ៊ូ​ជុង បាន​អញ្ជើញ​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅក្នុង​ព្រះបរមរាជវាំង​។​

​នា​វេលា​រសៀល​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្សកុំម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អញ្ជើញ​ចូល​ក្រាប​ថ្វាយបង្គំ​គាល់ នា​ព្រះទីនាំង​ទេ​វា​វិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុង​ឱកាស​ដ៏​ឧត្តុង្ឥឧត្ត​មនៃដំណើរ​បំពេញទ​ស្ស​ន​កិច្ច​ជា​ផ្លូវរដ្ឋ របស់ លោក​ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា លោក ង្វៀន ហ្វ៊ូ​ជុង ដែល​ជា​បុគ្គល​មាន​អំណាច​លើសគេ នៅ​ប្រទេស​វៀតណាម បាន​ឡើងកាន់​តំណែង​ជា​ប្រធាន​រដ្ឋ​វៀតណាម កាលពី​ខែ​តុលា ឆ្នាំ​២០១៨ បន្ទាប់​ពី​អតីត​រដ្ឋ​វៀតណាម លោក ត្រា​ន ដៃ​ក្វាង បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​អាយុ​៦១​ឆ្នាំ​។​

​នា​វេលា​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ ស្តេច​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​លៀង​សាយភោជន៍​ប្រោស​ព្រះរាជទាន​ជូន លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្សកុំម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​គណៈប្រតិភូ នា​ព្រះរាជដំណាក់​សិរី​មង្គល ព្រះបរមរាជវាំង ។​

​នា​វេលា​រសៀល​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្សកុំម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះព​រ នា​ព្រះរាជ​ដំណក់​គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុង​ឱកាស​ដ៏​ឧត្តុង្ឥឧត្ត​មនៃដំណើរ​បំពេញទ​ស្ស​ន​កិច្ច​ជា​ផ្លូវរដ្ឋ របស់ ឯកឧត្តម ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កម្ពុជា​-​វៀតណាម បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ ហើយ​ត្រូវបាន​កាត់ផ្តាច់​នៅ​ខែ​មីនា ឆ្នាំ​១៩៧០​។ ប្រទេស​ទាំងពី​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ខែ​មករា ឆ្នាំ​១៩៧៩​។ វៀតណាម និង​កម្ពុជា គឺជា​ប្រទេស ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា មាន​ព្រំប្រទល់​រួម​គ្នា​ប្រវែង​ប្រមាណ ១២៧០​គីឡូម៉ែត្រ​។​

​ឆ្នាំ​២០១៨​កន្លងទៅនេះ ជា​ខួប​លើក​ទី​៥១ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​ខួប​៥១​ឆ្នាំ នៃ​ទំនាក់ទំនង​នេះ មេដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង និង​ទស្សនកិច្ច​គ្នា​ទៅវិញ ទៅ​មក​ជា​ញឹកញាប់ ដែល​បាន​បង្ហាញ​ពី​ចំណង​សាមគី្គភាព មិត្តភាព ដោយ​ឈរ​លើ​គោលការណ៍​ជឿទុកចិត្ត​គ្នា និង​គោរព​គ្នា មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​សេដ្ឋកិច្ច សង្គម នយោបាយ និង​ការទូត​។​

​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ ប្រទេស​ទាំង​ពីរ​មាន​ពាណិជ្ជកម្ម​សរុប​ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន​ចំនួន​ប្រមាណ ២,១៣​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៣០% ធៀប​នឹង​ឆ្នាំ ២០១៦​។ តែ​ការនាំចេ​ញ​របស់​កម្ពុជា​ទៅ​ប្រទេ​សវៀត​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ​។ ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៣៤២​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ការនាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ ១,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ ។​

​ក្នុង​ក្របខណ្ឌ នៃ​ការវិនិយោគ​ផ្ទាល់​ពី​វៀតណាម រហូតដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន ៧៥​គម្រោង លើ​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៤​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​៕ ដោយ ​៖ ​កូឡាប​

   

    

spot_img
×