Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​វៀតណាម សេចក្តីថ្លែងការណ៍​រួម ស្តីពី​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា របស់លោក ង្វៀន ហ្វ៊ូ​ជុង

spot_img

​ភ្នំពេញ ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សេចក្តីថ្លែងការណ៍​រួម /Cambodia-Viet Nam Joint Statement ស្តីពី​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់​ឯកឧត្តម ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ថ្ងៃទី​២៥ -២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​បើតាម​សេចក្តីថ្លែងការណ៍​រួម​របស់​កម្ពុជា​-​វៀតណាម​ដែលមាន​ចំនួន​៧​ទំព័រ គឺ ​៖

– ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​ការរីកចម្រើន​ល្អឥតខ្ចោះ​នៃ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ដែល​បានរួម​ចំណែក​ក្នុង​ការធានា​សន្តិភាព ស្ថិរភាព និង​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

– ភាគី​វៀតណាម​បាន​សង្កត់ធ្ងន់ថា វៀតណាម​តែងតែ​ដឹង​នូវ​គុណូបការៈ​យ៉ាង​ធំធេង​ចំពោះ​ព្រះរាជ​ឧបត្ថម្ភ និង​ការឧបត្ថម្ភ​គាំទ្រ​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​ចំពោះ ប្រជាជន​វៀតណាម​ក្នុង​បុព្វហេតុ​តស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ​ក្នុង​អតីតកាល ក៏ដូចជា​ក្នុងការ​ស្ថាបនា និង អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន​។ ភាគី​ទាំងពីរ​អបអរសាទរ​ចំពោះ​សាលក្រម​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ស្តីពី​ការ​ប្រល័យពូជសាសន៍ ដែល​ប្រព្រឹត្តឡើង​ដោយ​របប​ខ្មែរក្រហម​។ ភាគី​កម្ពុជា​បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ដ៏​ខ្លាំងក្លា និង​ជំនួយ​ឧបត្ថម្ភ​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម​បាន​ផ្តល់ជូន ប្រជាជន​កម្ពុជា​នៅក្នុងពេល​អតីតកាល ក៏ដូចជា​ក្នុងពេល​បច្ចុប្បន្ន និង​បាន​អះអាងថា ប្រជាជន​កម្ពុជា នឹង​ចងចាំ​ជានិច្ច​ចំពោះ​ជំនួយ​ឧបត្ថម្ភ​ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ការគាំទ្រ​របស់​ភាគី​វៀតណាម សម្រាប់​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នៅ​ឆ្នាំ ១៩៧៩ និង​ការរួមចំណែក​ដល់​ការស្តារ និង​កសាង​កម្ពុជា​ឡើងវិញ​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា ការការពារ ការថែរក្សា និង​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី តាម​ស្មារតី «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង ដោយ​ឈរលើ​គោលការណ៍​នៃ​ការឯកភាព​គ្នា​ក្នុង​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​វៀតណាម​លើក​មុនៗ គឺជា​ការទទួលខុសត្រូវ​រួម​របស់​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​អនាគត​ដ៏​ភ្លឺស្វាង​របស់​ប្រទេស​ទាំងពីរ​ក៏ដូចជា ដើម្បី សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

– ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នយោបាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​បណ្តា​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំងពីរ​។ បន្ត​រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​នានា​ដើម្បី​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យបាន​ស៊ីជម្រៅ​។ លើកកម្ពស់​ការ យល់ដឹង និង​ការអប់រំ​ស្តីពី​មិត្ត​ភាពជា​ប្រពៃណី និង​សាមគ្គីភាព​រវាង​កម្ពុជា​និង​វៀតណាម​សម្រាប់​ប្រជាជន​ទាំងពីរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ និង​បន្ត​សហការ​ក្នុងការ​កែលម្អ​ឡើងវិញ​នូវ​ស្តូប​មិត្តភាព​វៀតណាម​-​កម្ពុជា​នៅ​ប្រទេស​រៀងខ្លួន​។​

– ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និង​បច្ចេកទេស ដោយ​ផ្នែក​លើ​មូលដ្ឋាន​នៃ​សក្តានុពល និង​ភាពខ្លាំង​របស់​ប្រទេស​រៀងខ្លួន​។ ជំរុញ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ទាំងពីរ​។ ចរចា​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​/ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ថ្មីៗ និង​បន្តធ្វើ​វិសោធនកម្ម និង​បំពេញបន្ថែម​លើ​កិច្ចព្រមព្រៀង​/ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ណា​ដែល​ចាំបាច់ ដើម្បី​សម្រួល​ដល់​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ផ្តល់​អាទិភាព​ដល់​ការតភ្ជាប់​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹមនេះ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ចាត់វិធានការ​នានា ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ ខិតខំ​ប្រឹងប្រែង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យសម្រេចបាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងពេល​ឆាប់ៗ ខាងមុខ បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ​២០១៨ សម្រេចបាន ៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកកម្ពស់​គុណភាព​ការអប់រំ បណ្តុះបណ្តាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​។​

– ភាគី​ទាំងពីរ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ និង​ការ​ឯកភាពគ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ និង​សន្តិសុខ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​អនុញ្ញាត​ឱ្យកម្លាំង​នយោបាយ ឬ​កម្លាំងយោធា​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ខ្លួន ដើម្បី​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​នៃ​ប្រទេស​មួយទៀត និង​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​រវាង​ប្រទេស​ទាំងពីរ​ដោយ​សន្តិវិធី​។ ពង្រឹង​ការសម្របសម្រួល​គ្នា ក្នុង​គោលដៅ​ថែរក្សា​ស្ថិរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅក្នុង​ប្រទេស​ទាំងពីរ​។ បង្កើន​កិច្ចសហការ​លើ​បញ្ហា​មនុស្សធម៌​ដូចជា​ការត្រៀម បង្ការ​គ្រោះមហន្តរាយធម្មជាតិ ការធ្វើ​សមយុទ្ធ​រួមគ្នា​សម្រាប់​សកម្មភាព​រុករ​ក និង​ជួយសង្គ្រោះ ការទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បន្ត​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​នៅ​កម្ពុជា​។​

– ភាគី​វៀតណាម​បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន ផ្តល់​ការគាំទ្រ និង​ប្រព្រឹត្ត​កម្ម​ដោយ​គ្មាន​ការរើសអើង​ចំពោះ​ប្រជាជន​ដែលមាន​ដើមកំណើត វៀតណាម នៅ​កម្ពុជា​។​

– ភាគី​ទាំង​ពីរបាន​អះអាង​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​សន្ធិសញ្ញា​ស្តីពី​ការកំណត់​ព្រំដែន​ដែល​បាន​ទទួលយក​ដោយ​ភាគី​ទាំងពីរ និង​កិច្ច​ព្រម​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក ដែល​សម្រេចបាន​សិ​មិទ្ធ​ផល ៨៤% នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​។ ភាគី​ទាំង​ពីរបាន​ជំរុញ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ ឱ្យ​បញ្ចប់​ឯកសារ​ផ្លូវច្បាប់​ចំនួន​២​ឱ្យបាន​ឆាប់ ដើម្បី​ទទួលស្គាល់​សមិទ្ធផល​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​ចំនួន ៨៤% ដែល​សម្រេចបាន ដោយ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​។ ភាគី​ទាំង​ពីរបាន​គាំទ្រ​ឲ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ បន្ត​សហប្រតិបត្តិការ​ព​ន្លឿ​ន​ការចរចា ឆ្ពោះទៅ​សម្រេច ឱ្យបាន​ការបញ្ចប់​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​នៅ​ចំណុច​ដែល​នៅ​សេសសល់ សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រវាង​ប្រទេស​ទាំងពីរ។​

– ភាគី​ទាំង​ពីរបាន​ឯកភាព​ចែករំលែក​ព័ត៌មាន​ឱ្យបាន​ទៀងទាត់ និង​ធ្វើការ​សម្របសម្រួល​គ្នា​ឱ្យបាន​ជិតស្និទ្ធ និង​សហការគ្នា​ឱ្យមាន​ប្រសិទ្ធភាព និង​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា​អន្តរជាតិ និង​តំបន់ ជាពិសេស​គឺ​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​អាស៊ាន អង្គការសហប្រជាជាតិ និង​យន្តការ​សហប្រតិបត្តិកា​រ​អនុតំបន់​ទន្លេមេគង្គ រួមចំណែក​ដល់​ការរក្សា​សន្តិភាព ស្ថិរភាព​សហប្រតិបត្តិ​ការ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ជិតស្និទ្ធ​ជាមួយគ្នា និង​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ធានា​ការគ្រប់គ្រង​ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព នូវ​ធនធាន​ទឹកទន្លេ​មេគង្គ ធនធាន​ពាក់ព័ន្ធ​នឹង​ទឹក និង​បរិស្ថាន​នៃ​ទន្លេមេគង្គ ហើយនឹង​ធ្វើ​សុខដុម​ភាវូបនីយកម្ម​ផល ប្រយោជន៍​របស់​បណ្តា​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ​។​

– ភាគី​ទាំងពីរ​បន្ត​ផ្តល់​សារៈសំខាន់​លើ​ការរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព នាវាចរណ៍ និង​ការហោះហើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​ការ ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី រក្សា​ភាព​អត់ធ្មត់ ដោយ​មិន​ធ្វើ​គំរាមកំហែង ឬ​ប្រើប្រាស់​កម្លាំង ស្របតាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​ត្រូវបាន​ទទួលស្គាល់​ជា សាកល រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) និង បាន​ប្តេជ្ញា​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ អនុវត្តន៍​ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តី ថ្លែងការណ៍ ស្ដីពី​ការប្រតិបត្តិ​របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​បាន​គ្រប់ ជ្រុងជ្រោយ និង​ជំរុញ​ការបញ្ចប់​ឱ្យបាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) មួយ ប្រកបដោយ​ខ្លឹមសារ និង​លម្អិត សំដៅ​រួមចំណែក​ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​ពិភពលោក​។​

– ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ង្វៀន ហ្វ៊ូ​ជុង នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រួមចំណែក​ដល់​ការបង្កើន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្នុង​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង រវាង​ប្រទេស ទាំងពីរ មាន​ភាព​កាន់តែ​ខ្លាំងក្លា មាន​ប្រសិទ្ធភាព ជាក់ស្តែង ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ និង​ការរួមចំណែក​ដល់​សន្តិ​ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​ផងដែរ​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×