Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​ជាមាន​តែមួយ​នឹង​ទេ​មើលទៅ ម្ចាស់​បុរី រស្មី​ដួង​ច័ន្ទ ក្រុង​ប៉ោយប៉ែត ឲ្យ​អ្នកទិញ​ផ្ទះ ត្រូវ​ទិញ​ដី​ចំណីផ្លូវ​មុខផ្ទះ​ខ្លួនឯង ទើប​កាត់ឈ្មោះ​ចេញ​ជា​ប្លង់ និង​អនុញ្ញាត​ឲ្យ​ចូល​ស្នាក់នៅ​

spot_img

​ភ្នំពេញ ​៖ ផ្អើល​ពេញ​ស្រុក​ខ្មែរ ងឿងឆ្ងល់​ខ្លាំងណាស់ ដោយសារ​រឿង​ចម្លែក កម្រ​នឹងមាន ប្រហែល​ជាមាន​តែមួយ​នឹង​ទេ​មើលទៅ គឺ​អ្នក​សង់ផ្ទះ​បុរី រស្មី​ដួង​ច័ន្ទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​ឈ្មោះ​ថៅកែ អាំង គី​ហេង បង្ខំ​ឲ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​ថ្មី ទិញ​ដី​ចំណីផ្លូវ​មុខផ្ទះ​ខ្លួនឯង ក្នុង​១​ម៉ែត្រការ៉េ ៦៥០ ដុល្លារ ដើម្បី​ជា​ថ្នូរ និង​ការ​កាត់ឈ្មោះ​ចេញ​ជា​ប្លង់ ឲ្យ​ទៅ​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ទើប​អនុញ្ញាត​ឲ្យ​ម្ចាស់ផ្ទះ​សាងសង់​បន្ថែម និង​ចូល​ស្នាក់​នៅបាន​។ លោក​អាំង គី​ហេង ក៏​ជា​អតីត​ចៅសង្កាត់​ប៉ោយប៉ែត អួតថា ជា​បេសកជន​ពិសេស និង​ជា​ក្រុមការងារ​ពង្រឹង​គណបក្ស​ប្រជាជន នៅក្រៅ​ប្រទេស ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Khan Chan Sophal បានសរសេរថា “​ដើរ​យក​រូបថត​ជាមួយ​សម្តេច​តេ​ជោ ហ៊ុនសែន យកទៅ​បង្អើល​មន្ត្រីខេត្ត​គ្រប់​ជាន់ថ្នាក់ ឡើង​ខ្លាច​ក្រាប​ចូល​ពង គ្មាន​អ្នកណា​ហ៊ាន​ចេញមុខ​តវ៉ា​ជួយ ពលរដ្ឋ​ខ្លួនឯង​ឡើយ​! ដោយសារ​ឮថា គេ​អួត​ជា​បេសកជន​ពិសេស និង ជា​ក្រុមការងារ គណបក្ស​ប្រជាជន ពង្រឹង​នៅក្រៅ​ប្រទេស “​។​

​នៅ​ថ្ងៃទី​២៥ កុម្ភៈ ២០១៩ បងប្អូន​ជា​ប្រជាពលរដ្ឋ ផ្ទុះ​ការតវ៉ា សូម​អន្តរាគមន៍​ទៅ​សម្តេច​តេ​ជោ ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី មេត្តាជួយ​កូនចៅ​ប្រជាពលរដ្ឋ​របស់ខ្លួន​ផង ដែល​បាន​ត្រូវ​លោក​ម្ចាស់ បុរី អាំង​គី​ហេង ធ្វើ​ទុក​បុក​ម្នេញ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​។ ដោយ​ភូតភរ ថា​ផ្ទះ​គាត់​សង់​លក់​តែ ១​ឆ្នាំ​គឺ រួចរាល់​ហើយ តែ​ផ្ទុះ​ទៅវិញ​ ​ពួកគាត់​ទិញ​តាំងពី​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ននេះ ២០១៩ ហើយ ផ្ទះ​នៅតែ​មិនទាន់​ហើយ និង បានតែ​៤០​ភាគរយ និង​បង្ខំ​ឲ្យ​ពលរដ្ឋ ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី រស្មី​ដួង​ច័ន្ទ ក្រុង​ប៉ោយប៉ែត ធ្វើ​កិច្ចសន្យា​ថ្មី​បន្ថែម​ការសាងសង់ ២​ឆ្នាំ​៣​ខែ ខាងមុខ​ទៀត និង ឲ្យ​ទិញ​ចំណីផ្លូវ​មុខផ្ទះ​របស់​ពួកគាត់​បន្ថែមទៀត ទើប​ផ្ទះ អាច​សង់​ទៅមុខ​រួច​។ បើ​មិន​ដូច្នោះ​ទេ ទ្រាំ​ចាំ​យូរ​បន្តិចទៀត​ទៅ និង អាចយ​កលុយ វិញ​បង់​សង តែ​ដើម ឬ​កាត់​ខាត ពាក់កណ្តាល​ក៏បាន ។ ទង្វើ​ទាំងអស់​នេះហើយ បាន​កាន់តែ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បាក់ស្បាត និង ការគំរាមកំហែង គ្រប់​រូបភាព តាមរយៈ​មេធាវី របស់លោក​អាំង គី​ហេង ដែលជា​អ្នក​កាន់​ច្បាប់​ផងដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា ៖ សំណុំរឿង របស់លោក អាំង គី​ហេង រឿង​លក់​ផ្ទះ​បុរី ក៏ ត្រូវបាន​ទៅដល់​ដៃ ក្រសួងមហាផ្ទៃ កោះហៅ ទៅ​បំភ្លឺ កាលពី​ថ្ងៃទី ២១ កុម្ភៈ ២០១៩ នេះ​ថ្មីៗ​ផងដែរ តែ​លោក អាំង គី​ហេង មិន​ទៅតាម​ការ​កោះ​បំភ្លឺ​ឡើយ ដោយបាន​ដាក់​ឯកសារ តាមរយៈ​មេធាវី និង មេធាវី​នោះ​ក៏​មិនបាន មក​ចូល​បំភ្លឺ​នៅ​ក្រសួង​ផងដែរ ។​

​ហើយ​ថ្មីៗ​នេះ ពលរដ្ឋ ២​នាក់ ត្រូវបាន​ទៅ ប្តឹង​កន្លែង វិវាទ​ក្បាលដី ក៏​ស្រាប់តែ​លិចមុខ លោក អាំង​គី​ហេង ទៅ​អង្គុយ សំកុក​ចាំតែ​ម្តង និង បាន​ហៅ​ប្រជាពលរដ្ឋ​២​នាក់​នោះ ទៅ​ការិយាល័យ គាត់ សម្លុត​គម្រាម​ឲ្យ​ផ្តិតមេដៃ ខាត​លុយ ពាក់កណ្តាល បាន​ត្រឹម តែ ១៥០០០​ដុល្លារ​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ននេះ ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​ផ្ទះ​របស់លោក អាំង គី​ហេង នៅ​ក្រុង​ប៉ោយប៉ែត កំពុង​ដាក់ពាក្យ អន្តរ​គម​ន៍ ទៅ​លោក​អភិបាលក្រុង និង​ទៅ លោក​អភិ​បា​ខេត្តបន្ទាយមានជ័យ សួន​បវរ ឲ្យ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​លក់ដូរ​បុរី មិន​ព្រម​កាត់​ប្លង់​ឲ្យ​ទៅ​ពលរដ្ឋ​ប្រើការ​ស្របច្បាប់​។​

​ស្ត្រី​៣​នាក់​រស់នៅ ខេត្តបន្ទាយមានជ័យ បាន​សុំ​អន្តរាគមន៍​ទៅ​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ករណី​ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ ពុំបាន​ធ្វើការ​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​-​ផ្ទះ និង​ពុំ​បានចេញ​សន្លឹក​ប័ណ្ណ សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឲ្យ​មក​អ្នកទិញ​ផ្ទះ និង​មិន​សាងសង់​ផ្ទះ​ឲ្យ​រួចរាល់​ជា​ស្ថាពរ តាម​កិច្ចព្រមព្រៀង​លក់​ទិញ​នោះឡើយ​។​

​ស្ត្រី​ទាំង​៣​នាក់ បាន​ចោទប្រកាន់ថា ការរកស៊ី​បោកប្រាស់​ធ្វើឡើង​ដោយ​ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ ផលប្រយោជន៍ និង​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ក្រៅពី​ស្ត្រី​ទាំង​៣​នាក់​នេះ ក៏​នៅមាន​អតិថិជន​ជាច្រើន​ទៀត ដែល​ទិញ​ផ្ទះ​នៅ​បុរី​រស្មី​ដួង​ច័ន្ទ​នេះ បាន​ជួបប្រទះ​ដូច​ករណី​ខាងលើ​នេះដែរ គ្រាន់តែ​មិនទាន់​ហ៊ាន​ចេញមុខ​មក​តវ៉ា​នៅឡើយ​។ តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ ណុប ណាវី ឈ្មោះ ឡាយ គ​ន្ធី និង​ឈ្មោះ ឈឹម សា​មិ​ត ប្តឹង​អន្តរាគមន៍​ទៅ​លោក ជា សុផារ៉ា ចំពោះ​ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ឈ្មោះ ណុប ណាវី បាន​ទិញ​ផ្ទះ​ចំនួន​៤​មាន​លេខ K13, K14, I35 និង I36 ពី​ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ​។ ចំពោះ​ផ្ទះ​លេខ K13 និង K14 មាន​កិច្ចព្រមព្រៀង ទិញ លក់​ផ្ទះ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។ ចំពោះ​ផ្ទះ​ទាំងពីរ​ខាងលើនេះ ខ្លួន​បាន​បង់ប្រាក់​គ្រប់​ចំនួន​១០០​ភាគរយ ស្មើនឹង​ចំនួន​១២៩៥៩៨ ដុល្លារ​។​

​បើតាម​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ ត្រូវ​សាងសង់​ឲ្យ​បាន​ចប់សព្វគ្រប់ ក្នុងអំឡុងពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។ ដោយ​មូលហេតុ​ក្រុមហ៊ុន​សាងសង់​ផ្ទះ ឲ្យ​មានការ​យឺតយ៉ាវ​ខ្លាំងពេក ទើប​ខ្លួន​បាន​ស្នើសុំ​កាត់កង​ប្រាក់ ជាមួយ​ក្រុមហ៊ុន ដើម្បី​យក​ផ្ទះ​នេះ​មក​សាងសង់​បន្ថែម ដោយ​ខ្លួនឯង ដូចនេះ​​ហើយ​ទើប​សព្វថ្ងៃ​ផ្ទះ​របស់ខ្លួន បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​ព្រមធ្វើ​ការផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ផ្ទះ និង​ពុំ​ព្រម​ចេញ​សន្លឹក​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ឲ្យ​ឡើយ ដោយ​សន្យាថា​ថ្ងៃនេះ ថ្ងៃនោះ​ជា​រៀងរហូត​មកដល់ពេលនេះ​។​

​ចំពោះ​ផ្ទះ​លេខ I35 និង I36 មាន​កិច្ចព្រមព្រៀង​ទិញ​លក់​ផ្ទះ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​។ គិតដល់​ពេលនេះ ជនរងគ្រោះ​បាន​បង់ប្រាក់​គ្រប់​អស់​ចំនួន​៩៤៣១១,៤៩​ដុល្លារ គឺ​សល់​តែ​ចំនួន ៣៥២៨៦,៥១​ដុល្លារ ហើយ​តាម​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ ត្រូវ​សាងសង់​ឲ្យ​ចប់សព្វគ្រប់​ក្នុងអំឡុងពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​។​

​ដូច្នេះ​ផ្ទះ​លេខ I35, I36 ក្រុមហ៊ុន​ត្រូវ​សាងសង់​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅត្រឹម​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៧​ប៉ុន្តែ រហូតមកដល់​ពេលនេះ គឺ​លើស​រហូតដល់​រយៈពេល​១៩​ខែ​ទៅហើយ ក្រុមហ៊ុន​នៅតែ​មិនទាន់បាន​សាងសង់​រួចរាល់​ទេ ហើយ​ក្រុមហ៊ុន​ពុំ​ព្រមធ្វើ​ការផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ផ្ទះ និង​មិន​ព្រម​ចេញ​សន្លឹក​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ឡើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ភាគី​ខាង​ក្រុមហ៊ុន បាន​បង្ខំ​ឲ្យ​ខ្លួន​ផ្តិតមេដៃ ធ្វើ​កិច្ចព្រមព្រៀង​ទិញ​លក់​ថ្មី​ជាមួយ​ក្រុមហ៊ុន ដោយបាន​ប្រាប់ថា ពេល​ផ្តិតមេដៃ​លើ​កិច្ចព្រមព្រៀង​ថ្មី​រួចហើយ ទើប​កាត់ឈ្មោះ​ឲ្យ​នូវផ្ទះ​ទាំង​៤​នោះ​តែម្តង ដោយ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់ប្រាក់​បន្ថែម សូម្បីតែ​ដី​ចិញ្ចើមផ្លូវ​ខាងមុខផ្ទះ ក៏​ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់ថ្លៃ​ទិញ​ដី​នេះដែរ​។​

​ដោយ​ជឿ​តាម​ការអះអាង និង​ការ​លួងលោម​របស់​ក្រុមហ៊ុន ទើប​ជនរងគ្រោះ​បាន​ផ្តិតមេដៃ​លើ​កិច្ចព្រមព្រៀង​ថ្មី​នោះ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ភាគី​ក្រុមហ៊ុន មិនទាន់​បានប្រគល់​កិច្ចព្រមព្រៀង ថ្មី​នោះ​ឲ្យ​មក​ទេ ដោយ​យក​លេស​ថា មេធាវី​របស់​ក្រុមហ៊ុន​នៅឯ​ភ្នំពេញ មិនទាន់បាន​បោះត្រា​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ ដូច្នេះ​ជនរងគ្រោះ​មិនដឹងថា មាន​លក្ខខណ្ឌ​អ្វីខ្លះ​នៅក្នុង​កិច្ចព្រមព្រៀង ថ្មី​នោះទេ​។​

​ស្រាប់តែ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ ជនរងគ្រោះ​បាន​យកប្រាក់​ចំនួន​២០០០០​ដុល្លារ ទៅ​ប្រគល់​ឲ្យ​ភាគី​តំណាង​ក្រុមហ៊ុន ស្រាប់តែ​ពួកគេ មិន​ព្រម​ទទួលយក ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់ ពិន័យ​រហូតដល់​ចំនួន​ជាង​១៣០០០​ដុល្លារ​បន្ថែមទៀត​។ ជនរងគ្រោះ​មិនដឹងថា ជា​ប្រាក់​ពិន័យ​រឿង​អ្វី​នោះទេ ដោយហេតុថា ពុំមាន​កិច្ចព្រមព្រៀង​ថ្មី​នោះ​នៅក្នុង​ដៃ​នៅឡើយ​។​

​យោងតាម​ឯកសារ​ជាច្រើន ម្ចាស់​បណ្តឹង​បញ្ជាក់ថា ក្រុមហ៊ុន បុរី រស្មី​ដួង​ច័ន្ទ សាងសង់​ផ្ទះ​មានការ​យឺតយ៉ាវ​ខ្លាំងពេក ហើយ​យ​ពុំបាន​ធ្វើការ​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី​-​ផ្ទះ និង​ពុំ​បានចេញ​សន្លឹក​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ឲ្យ​មក​ភាគី​អ្នកទិញ ទើប​អ្នកទិញ​បានធ្វើការ​ស៊ើបសួរ​មន្ត្រី​ជំនាញ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តបន្ទាយមានជ័យ បានទទួល​ព័ត៌មាន​ថា ក្រុមហ៊ុន បុរី រស្មី ដួង​ច័ន្ទ ធ្វើការ​សាងសង់ ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ ដែល​មិនអាច​ធ្លាក់​ការផ្ទេរសិទ្ធិ ឬ​កាត់ឈ្មោះ​ជូន​អ្នកទិញ​បានឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ អ្នកសារព័ត៌មាន​ពុំ​អាច​ទំនាក់ទំនង​ម្ចាស់ បុរី រស្មី​ដួង​ច័ន្ទ ដើម្បី​សុំ​ការ​ភ្លឺ​បានឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×