Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​ជប៉ុន​បង្កើត​ធនាគារ​គោ ជួយ​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ នៅ​សហគមន៍​ព្រៃ​ព្រាល ស្រុក​បាណន់​

spot_img

​ខេត្ត​បាត់ដំបង ​៖ ប្រជាពលរដ្ឋ​មួយចំនួន​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ រស់នៅ​ខេត្ត​បាត់ដំបង បង្ហាញ​ទឹកចិត្ត​រីករាយ និង​ថ្លែងអំណរគុណ​ចំពោះ អង្គការ​ជប៉ុន​មួយ​ឈ្មោះថា ខេ​អូ​វី​ស៊ី (K.O.V.C) បាន​សហការ​ជាមួយ​អង្គការអេម (AIM) របស់​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បាន​បង្កើតឲ្យមាន « ធនាគារ​គោ » ដើម្បី​ជួយ​ដល់​សហគមន៍​ក្រីក្រ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​តា​គ្រៀម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ ក្រៅពីនោះ អង្គការ​ខាងលើ ក៏​បាន​ជួយ​លើកទឹកចិត្ត​វិស័យ​អប់រំ​ដល់​កុមារ​ក្រីក្រ​ផ្នែក​សម្ភារៈ​សិក្សា​រៀនសូត្រ និង​ជួយ​ជំរុញ​មុខរបរ​ខ្នាត​តូច​ខាង​កាត់ដេរ ដើម្បី​នាំយក​ផលិតផល ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​។​

អង្គការ​ខេ​អូ​វី​ស៊ី (Kurume Overseas Volunteer Collaborations- KOVC) បាន​ផ្តល់​គោ​កម្ចី ឬ​ប្រវាស់​ដល់​សហគមន៍​ក្រីក្រ​ខាងលើ​ក្នុង​គម្រោង​ធនាគារ​គោ​។ បើ​គិត​មកដល់​ត្រឹម​ចុង ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​មាន​សមាជិក​ខ្ចី​គោ​សរុប​ចំនួន ប្រាំពីរ​គ្រួសារ និង​មាន​គោ​សរុប​ចំនួន​២០​ក្បាល​។​

​កញ្ញា សាយ៉ូ​អិ ណូ​ជីម៉ា (Sayoe Nojima) នាយក​ប្រតិបត្តិ អង្គការ​ខេ​អូ​វី​ស៊ី (KOVC) បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា អង្គការ របស់​កញ្ញា បាន​ចាប់ផ្តើម​គម្រោង​នេះ ដើមឡើយ​មាន​ចំនួន​គោ​តិចតួច​ទេ​។​

​កញ្ញា​បន្តទៀតថា ក្រៅ​ពី​គម្រោង ធនាគារ​គោ អង្គការ​ខេ​អូ​វី​ស៊ី បាន​លើ​ទឹកចិត្ត​ដល់​វិស័យ​អប់រំ ដោយ​បាន​ឧបត្ថម្ភ​គាំទ្រ​សម្ភារៈ​សិក្សា ជូន​ដល់​កុមារ​ក្រីក្រ ក្នុង​សហគមន៍​ជា​រៀងរាល់ឆ្នាំ ជាពិសេស​អង្គការ​យើង​បាន​ផ្តល់ ឯកសារ​កសិកម្ម និង​សុខភាព ដល់​សមាជិក​ធនាគារ​គោ ក៏ដូចជា​ប្រជាជន ក្នុងភូមិ​ដើម្បី​សិក្សា​ស្វែងយល់​។​

​កញ្ញា​បន្តថា ក្រៅពីនេះ​អង្គការ​ខេ​អូ​វី​ស៊ី ក៏​បាន​ជួយ​ជ្រោមជ្រែង ដល់​គ្រួសារ​ទន់ខ្សោយ ដែល​មាន​ជំនាញ​ខាង​ដេរ​ប៉ះ​ខោអាវ​ក្នុងភូមិ ឱ្យ​ពួកគេ​ដេរ​កាបូប ដើម្បី​យកទៅ​លក់​បន្ត នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​មួយ​គ្រួសារ ដើម្បី​ជា​ការសាកល្បង​។​

​កញ្ញា សាយ៉ូ​អិ ណូ​ជីម៉ា បាន​សង្កាត់​ធ្ងន់​ថា ខ្ញុំ​ចង់ឱ្យ​បរិស្ថាន​ក្នុង​តំបន់​គោលដៅ (Taget Area) របស់ខ្ញុំ​មាន​ភាព​ស្រស់បំព្រង​ជាមួយ​ជីវភាព​ធូរធារ​របស់​ប្រជាជន ដោយ​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន ពិសេស​រាជរដ្ឋាភិបាល​តែម្តង​។​

​ប្រធាន​ប្រតិបត្តិ អង្គការអេម (AIM) លោក សឹង្ហ គា ក៏​បានឲ្យ ដឹង​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ថា​” ខ្ញុំ​បាន​សម្របសម្រួល និង​ធ្វើ​យ៉ាងណា​ឱ្យ​អង្គការ​នានា ដែល​ចង់​មក​ជួយ​ប្រជាជន​កម្ពុជា គឺ​ខ្ញុំ​នឹង​រីករាយ​សហការ​។ ខ្ញុំ​ឃើញ​ថា អង្គការ​ខេ​អូ​វី​ស៊ី បាន​ជួយ​ជ្រោមជ្រែង​ដល់​សហ​គន៍​កម្ពុជា​ច្រើន ជាពិសេស​គោ ដែល​ប្រជាជន​នៅ​ខ្វះ​លុយ​ទិញ ហើយ​ពួកគាត់​ខ្វះខាត​ជីវភាព​។ លោក​ថា ក្រោយពី​បាន​ប្រវាស់​គោ​ហ្នឹង​ទៅ ធ្វើឱ្យ​ពួកគាត់​មានឱកាស លក់​គោ​ទិញ​ដី ការ​កូនចៅ និង​យក​លុយ​កាត់ ទៅ​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​នានា​”​។​
​លោក ស៊ឹង គា ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា “​នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​ព្រា​ល ឃុំ​តា​គ្រៀម អង្គការអេម បាន​ចាប់ផ្តើម​តាំងពី ឆ្នាំ​២០០៤ គឺ​តាំងពី​មិនទាន់​មាន​ផ្លូវ មិនទាន់មាន ស្រះ​ទឹក មិនទាន់ មាន​អ្វីៗ​ទាំងអស់ តែ​ពេល​នេះ​មាន ផ្លូវ ស្រះ​ទឹក សាលារៀន មាន​អ្វីៗ​ជាច្រើន​។ អីចឹង​អង្គការអេម សូម​អំពាវនាវ​ដល់ ស្ថាប័ន​ពាក់ព័ន្ធ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​នា​នា​ដែល​គេ​ចង់​មក​ជួយ​ដល់ តំបន់​យើង ភូមិសាស្ត្រ​យើង និង​ប្រទេស​យើង​”​។​

​ងាក​ទៅ​មើល លោក ខុម ឃុន អាយុ​៣៧​ឆ្នាំ ជា​សមាជិក​ខ្ចី​គោ​ម្នាក់​បាន​លើកឡើង​ថា លោក​បាន​ខ្ចី​គោ​ពី អង្គការ​ខេ​អូ​វី​ស៊ី​កាលពី ឆ្នាំ​២០១២ តែ​បច្ចុប្បន្ន​បានកូន​គោ​ញី​ពីរ​ក្បាល​ហើយ​។ ក្រោយមក​បាន​កូន​គោ​ពីរ​ក្បាល​ទៀត ក៏​បាន​ប្រគល់ជូន​អង្គការ​វិញ​។​

​ចំណែក លោក អូ​ច សូ​យ អាយុ​៥៦​ឆ្នាំ រស់នៅ សហគមន៍​ព្រៃ​ព្រា​ល មានកូន​ប្រាំបួន​នាក់ ក្នុង​គ្រួសារ បាន​និយាយថា លោក​បាន​ខ្ចី​គោ​មួយ​ក្បាល​ចិញ្ចឹម បាន​ចំណែក​របស់​គាត់​មួយ​ក្បាល​លក់ និង​បាន​មួយ​ក្បាល​ទៀត ជូន​ទៅ​អង្គការ​វិញ​។ ប៉ុន្តែ​គាត់​បាន​លក់​គោ​នោះ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ បាន​ប្រាក់​ចិតសិប​ប្រាំ​ម៉ឺន​រៀល (៧៥,០០០០​រៀល​)​។ ហើយ​គាត់​បន្ត​ប្រវាស់​គោ​ទៅមុខទៀត ដើម្បី​បាន​កូន​សម្រាប់​ចិញ្ចឹម​ខ្លួនឯង​វិញ​ម្តង​។​

​ងាក​មក​អ្នកស្រី សឿង ឃី អាយុ ៤៧​ឆ្នាំ ក៏​បាន​ឱ្យដឹង​ដែរ​ថា “​ខ្ញុំ​បាន​ខ្ចី​គោ​មេ​ពីរ​ក្បាល ពី​អង្គការ​យក​ទៅ​ចិញ្ចឹម​ពីរ​ឆ្នាំ​ហើយៗ វា​បាន​កើតកូន​ពីរ​ក្បាល លក់​ទិញ​ដី​ភូមិ ដើម្បី​ធ្វើ​ផ្ទះ​ស្នាក់នៅ​។ ហើយ​ក្រោយមក​បាន​ពីរ​ក្បាល​ទៀត ក៍​ប្រគល់​គោ​នោះ ជូន​ទៅ​អង្គការ​វិញ​”​។​
​គួរបញ្ជាក់​ថា អង្គការ KOVC បង្កើតឡើង​នៅ​ខែ​មេសា ឆ្នាំ​១៩៩៥ ហើយ​ធ្វើ​សកម្មភាព​លើ​ដំបូង​គេ នៅ​ទ្វីប​អាហ្វ្រឹក នៃ​ប្រទេសម៊ួ​សំ​ប៊ី ដោយសារតែ​ប្រទេស​នេះ បាន​បញ្ចប់​សង្គ្រាម ប៉ុន្តែ​ក៏​នៅ​មាន​សេសសល់​អាវុធ​ជាតិ​ផ្ទុះ​ជា​ច្រើន​..​។ ដូច្នេះ​អង្គការ​នេះ ក៏​បាន​សហការ​ជាមួយ​អង្គការ​ដ៏ទៃទៀត​ដោយ ខេ​អូ​វី​ស៊ី បាន​ប្រមូល​យក​កង់​ជប៉ុន​ចាស់ៗ ទៅ​ដូរ​យក​អាវុធ ដើម្បី​យក​ទៅ​ប្រមូល​ទុក​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេសម៊ួ​សំ​ប៊ី​។ បន្ទាប់មក​ក៏​បាន​ចូលមក​ប្រទេស​កម្ពុជា ដោយ​សហការ​ជាមួយ​អង្គការ AIM ជប៉ុន​បន្ត​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×