Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើជួញដូរ​មនុស្ស​គឺ​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ទៅលើ គ្រួសារ វប្បធម៌ ប្រពៃណី និង​តម្លៃសង្គម​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ

​បាន​មានប្រសាសន៍ថា ៖ ​អំពើរ​ជួញដូរ​មនុស្ស​គឺ​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ទៅលើ គ្រួសារ វប្បធម៌ ប្រពៃណី និង​តម្លៃសង្គម​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ដែល​កិច្ចប្រជុំ​នេះ​រៀបចំ​នៅ​សាលប្រជុំ អគារ ឃ សាលាខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​ស្រី​ជា​អភិបាលរង​ខេត្ត​លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និង​សមាជិក លេខាធិការដ្ឋាន​ខេត្ត ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល កងកម្លាំង និង​សមត្ថកិច្ច​នៅ​តាម​ច្រកទ្វារ​ព្រំដែន សរុប​ចំនួន​ប្រមាណ​ជាង ២០០​នាក់ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​កែសម្រួល​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ដើម្បី​ជំរុញ​ការចូលរួម​ឲ្យ​កាន់តែ​សកម្ម និង​ផុលផុស គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដឹកនាំ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ស្វាយរៀង​។​

​លោក ម៉ែន វិបុល បានលើកឡើង​ពី​ចំណុច​សំខាន់ៗ ដែល​ធ្វើឲ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​មាន​ដំណើ​រការ​ល្អ និង​ផ្តល់​នូវ​មតិ​ណែនាំ​បន្ថែម ទៅ​ដល់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ពិនិត្យ​មើល​ទៅលើ​យន្តការ​នៃ​រចនាសម្ព័ន្ធ​គ្រប់​ថ្នាក់ ទៅលើ​ប្រព័ន្ធ​នីតិវីធី​នៃ​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ យុទ្ធសាស្ត្រ​នានា ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ត្រូវមាន​ផែនការ​សកម្មភាព​ស្រប​តាម​បរិបទ​សង្គម​នៅតាម​មូលដ្ឋាន ត្រូវ​ប្រើ​មធ្យោបាយ​សរុប កម្លាំង​សរុប វិធានការ​សរុប ដើម្បី​ជំរុញ​ផែនការ​សកម្មភាព​អនុវត្ត​ការងារ​នេះ​ឲ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ ។

អាស្រ័យ​ដោយ អំពើ​ជួញដូរ​នេះ បាន​បង្ក​នូវ​ការគំរាមកំហែង ដោយ​ផ្ទាល់​ទៅលើ​វប្បធម៌ និង​ប្រពៃណី គ្រួសារ តម្លៃ​សង្គម​កម្ពុជា ដូច្នេះ​ឯកឧត្ដម​អភិបាល​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​អនុវត្ត​ជា​ប្រចាំ​បន្ថែមទៀត ដើម្បី​តាមដាន​នូវ​សកម្មភាព​បទល្មើស​ជួញដូរ​មនុស្ស និង​ត្រូវ​ដាក់​ផែនការ​តាមដាន​គ្រប់ ក្រុង ស្រុក និង​តាម​ច្រកទ្វា​ព្រំដែន​នានា​ជាប់​ប្រទេសជិតខាង ក្នុង​ការទប់ស្កាត់ ការបង្ក្រាប​ការជួញដូរ មនុស្ស​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ទន្ទឹមនេះ ក៏​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការ​កៀរគរ​បង្កើត​ការងារ​ធ្វើ និង​លើកទឹកចិត្ត​ពួកគាត់​ឲ្យ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក ហើយ​ក្នុង​ករណី​ត្រូវ​ស្វែងរក​ការងារ​នៅ​ក្រៅ​ស្រុក ត្រូវធ្វើ​តាមរយៈ​ក្រុមហ៊ុន​ស្របច្បាប់ ឬ​ភ្នាក់ងារ​នាំ​ពលករ​ចេញទៅ​ក្រៅប្រទេស​ដែល​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ចៀសវាង​ការ​ឆ្លងដែន​ដោយ​ប្រថុយប្រថាយ តាមរយៈ​មេខ្យល់ ដែល​ជា​ប្រភព នៃ​ការជួញដូរ​មនុស្ស ៕ ដោយ ​៖ ​វ៉ៃកូ​

 

spot_img
×