Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ពន្ធដារ ៖ មិន​ចង់ឃើញ សហគ្រាស​របស់​ចិន ប្រកាស​ខាតបង់​ពន្ធ​ខ្វះ និង​មិន​មានការ​កិបកេង​បន្លំ​ពន្ធ

spot_img

​ភ្នំពេញ​ ៖ អគ្គនាយក​ពន្ធដារ បាន​លើកឡើងថា ចង់ឃើញ​សហគ្រាស​ចិន ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា រីកចម្រើន លូតលាស់ ធំធាត់ មាន​ប្រាក់ចំណេញ និង​ប្រកា​សមាន​ប្រាក់ចំណេញ​បង់​ជូន​រដ្ឋ ហើយ​លោក​ថា មិន​ចង់ឃើញ សហគ្រាស​ប្រកាស​ខាតបង់​ពន្ធ​ខ្វះ និង​មិន​មានការ​កិបកេង​បន្លំ​ពន្ធ ។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី វេទិកា​ពន្ធដារ កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ដែល​រៀបចំឡើង ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា រួមជាមួយ​រដ្ឋបាល​សារពើពន្ធ សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ​។​

​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា វេទិកា​ពន្ធដារ​កម្ពុជា​-​ចិន ឆ្នាំ​២០១៩​នេះ មាន​សារសំខាន់​យ៉ាងខ្លាំង ស្រប​ពេលដែល​ការវិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន ដែល​ចូលរួម​យ៉ាងសំខាន់ ចំពោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា ព្រោះ​បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ មកទល់នឹង​បច្ចុប្បន្ន ទំហំ​នៃ​ការវិនិយោគ​ផ្ទាល់​របស់​ប្រទេស​ចិន គឺ​ឈរ​នៅ​លំដាប់​លើ​គេ ក្នុងចំណោម​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ហើយ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព នៃ​កំណែទម្រង់​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ដែលជា​លទ្ធផល គឺ​សម្រេចបាន​នូវ​កំណើន​ចំណូល​ពន្ធ ដោយ​សម្រេចបាន​លើស​ផែនការ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ក្នុងឱកាស​នោះដែរ លោកស្រី Meng Yuying អគ្គនាយករង ទទួលបន្ទុក​កិច្ចការបរទេស​នៃ​រដ្ឋបាល​សារពើពន្ធ​ចិន ក៏បាន​បញ្ជាក់ថា រដ្ឋបាល​សារពើពន្ធ​ចិន ក៏​បាននិងកំពុង បន្តធ្វើ​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ ហើយ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កំណែទម្រង់​និង​ទំនើបកម្ម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ដែល​សម្រេចបាន​យ៉ាង​ឆាប់រហ័ស និង​លទ្ធផល​ទទួលបាន​ជាទី​មោទនៈ​។

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ នូវ​វិធានការ​ដ៏​មុត​ស្រួច​មួយចំនួន ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ ដើម្បី​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ការកែលម្អ​បរិយាកាស​ធុរកិច្ច (Ease of Doing Business) ដែលជា​អាទិ៍ មានដូចជា (១) កាត់​បន្ថយថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ​២០១៩ សម្រាប់​អ្នកប្រើប្រាស់ (២) បញ្ចប់​តួនាទី​អចិន្ត្រៃយ៍ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​កំពង់ផែ លុបចោល​អង្គភាព​កម្ពុ​ជា​ភ្នាក់ងារ​នាវាចរ (​កាំសាប​) (៣) ការកែសម្រួល​ការផ្តល់​សេវាសាធារណៈ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង (៤) ការរៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការវិនិយោគ និង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​វិធានការ​នានា​ជាច្រើន​ទៀត​។​

​ក្នុងនាម ជា​អ្នកគ្រប់គ្រង​ប្រមូល​ពន្ធ ជូន​រដ្ឋាភិបាល អគ្គនាយកដ្ឋាន​ពន្ធដា​រ គឺ​ចង់ឃើញ​សហគ្រាស​ចិន​ទាំងឡាយ ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា រីកចម្រើន លូតលាស់ ធំធាត់ មាន​ប្រាក់ចំណេញ និង​ប្រកា​សមាន​ប្រាក់ចំណេញ​បង់​ជូន​រដ្ឋ និង​ពិតជា​មិន​ចង់ឃើញ សហគ្រាស​ប្រកាស​ខាតបង់​ពន្ធ​ខ្វះ មាន​បញ្ជី​គណនេយ្យ ២​ឬ​៣​នោះទេ ដោយ​រំពឹងថា នឹងមិន​មានការ​កិបកេង​បន្លំ​ពន្ធ ហើយ​រង​ការកំណត់​ពន្ធ​ឡើងវិញ ទទួលរង​ពិន័យ​ទោសទណ្ឌ ព្រមទាំង​ការប្រាក់​នោះទេ​។​

​បន្ថែម​ពីលើ​នេះ ចាប់ពី​ខែមករា ឆ្នាំ​២០១៩​នេះ តទៅ ក្រុមហ៊ុន សហគ្រាស​ចិន នឹង​ទទួលបាន​នូវ អត្ថប្រយោជន៍ ផ្នែក​ពន្ធដារ​បន្ថែមទៀត តាមរយៈ​ការអនុវត្ត កិច្ចព្រមព្រៀង នៃ​ការចៀសវាង ការយកពន្ធ​ត្រួតគ្នា (DTA) កម្ពុជា​-​ចិន​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×