Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ជួប​ជាមួយ​គណបក្ស​ចំនួន ១៦ ដែល​ជា​សមាជិក​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​

spot_img

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី ២៨ កុម្ភៈ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជួប​ប្រជុំ​ពិភាក្សា​ការងារ​ប្រចាំ​ឆមាស ជាមួយ​បងប្អូន​មកពី គណបក្ស​ចំនួន ១៦ ដែល​ជា​សមាជិក​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ បាន​ថ្លែងថា នេះ​គឺជា​ដំណើការ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​យើង​។ ការចូលរួម​ផ្តល់​នូវ​មតិយោបល់​ល្អៗ ពី​គណបក្ស​នយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​អរគុណ​បងប្អូន ដែល​បាន​រួមចំណែក ចូលរួម​ជួយ​ប្រទេសជាតិ និង​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា​ការពា​សន្តិភាព ដើម្បី​កម្ពុជា កាន់តែ​មាន​ឱកាស​អភិវឌ្ឍន៍​លឿន​ទៅមុខ​។​

​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ បានឲ្យដឹងថា កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នៅ​ព្រឹក​នេះ មាន​របៀបវារៈ​មួយចំនួន​រួមមាន​៖ ១. ពាក់ព័ន្ធ​ទៅនឹង​ទស្សនៈវិស័យ​នៃ​ការប្រមូល​ធាតុ​ចូល​ជាក់ស្តែង​នៃ​ការងារ​របស់​ឧត្ដម ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នៅក្នុង​រយ​:​ពេល​១​ឆមាស​កន្លងមក ទី​២. ការផ្តល់​មតិ​និង​សំណូមពរ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា ដែល​អនុវត្ត​៦ ខែ​កន្លង​មក​ហើយ​ជាពិសេស​ទៅលើ​បញ្ហា​ជាក់ស្ដែង​ការវាយតម្លៃ​ទៅលើ​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមាន ក៏ដូចជា​ការរកឃើញ​នូវ​តម្រុយ ភាព​អសកម្ម​អំពើពុករលួយ​ការរំលោភ​អំណាច​ពី​សំណាក់​គណៈប្រតិភូ​គណបក្ស​នីមួយៗ​ដែល​គាត់​នឹង​លើកឡើង ទី​៣.​បញ្ហា​ជ្សេ​ងៗ និង​ទី​៤. សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​ទស្សនវិស័យ​នៃ​ប្រសិទ្ធភាព​ការងារ​ត​ទៅ​មុខ​ឆ្លុះបញ្ចាំង​ទៅ​នឹង​អ្វី​ដែល​បាន​អនុវត្ត​៦ ខែ​កន្លងមក​និង​ទស្សនវិស័យ​នៃ ប្រសិទ្ធភាព​ការងារ​សម្រាប់​រយៈពេល ៦ ខែ​ឬ​មួយ​ឆ្នាំ​ទៅ​មុខ​ទៀត​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ៦​ខែ​កញ្ញា​ឆ្នាំ​២០១៨ ដោយ​មាន​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខ័ណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​ក្រោយពេល​បង្កើតឡើង​ហើយ​នោះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បានធ្វើ​សកម្មភាព​យ៉ាង​សស្រោកសស្រាំ​ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​រួម​មាន​ការពិនិត្យ និង​ផ្តល់​យោបល់​ទៅ​លើ​សេចក្តីព្រាងច្បាប់​នានា មុន​ដាក់ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក៏​បាន​កោះអញ្ជើញ​ថ្នាក់ដឹកនាំ តាម​ក្រសួង​ស្ថាប័ន​នានា មក​សាកសួរ​លើ​បញ្ហា​មិន​ប្រក្រតី​មួយចំនួន ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ទាំងនោះ​ផងដែរ​។​

​ក្រៅពី​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ក៏​ត្រូវបាន​គេ​មើលឃើញថា បាន​ចុះ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​បញ្ហា​ជម្លោះ​ដីធ្លី​នៅតាម​បណ្តា​ខេត្ត​។ លោក ឈឹម ផល​វរុណ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដោយ​បាន​ប្រមូល​យក​ធាតុ​ចូល​ជាច្រើន​ជូន​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​បញ្ហា​ដទៃទៀត​កើតមាន​នៅក្នុង​សង្គម​។​

​លោក ឈឹម ផល​វរុណ បាន​ប្រាប់ថា ក្នុង​រយៈពេល​៦​ខែ​មកនេះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​បើក​កិច្ចប្រជុំ​សរុប​ប្រមាណ ១៣​លើក​។ ក្នុងនោះ​ការបើក​កិច្ចប្រជុំ​ជា​ទៀងទាត់ របស់​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​រៀង​រាល់​មួយ​ខែម្តង​ចំនួន​៦​លើក ពិនិត្យ​ទៅលើ​សេចក្តីព្រាងច្បាប់ និង​ព្រាង​គោលនយោបាយ​ជាតិ​ចំនួន ៤​លើក និង​កោះអញ្ជើញ​ថ្នាក់ដឹកនាំ​ក្រសួង មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​នានា​ចំនួន​៣​លើក​បន្ថែមទៀត​។ ក្រសួង​ដែល​កោះហៅ​នោះ រួម​មាន​ក្រសួង​ផែនការ ក្រសួងមហាផ្ទៃ និង​ក្រសួង​បរិស្ថាន​។​

​បើ​តាម​លោក ឈឹម ផល​វរុណ ក្នុង​រយៈពេល​៦​ខែ​នេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​ដែលជា​ប្រតិភូ​របស់​គណបក្ស​នយោបាយ​ទាំង​១៦ បាន​ធ្វើ​បេសកកម្ម​ចុះ​ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ជាង ១០០​លើក​។ លោក​លើកឡើង​ថា ក្នុង​បេសកកម្ម​ជាង ១០០​លើក​នេះ បាន​ចូលរួម​ដោះស្រាយ​លើ​បញ្ហា​ជាច្រើន​ជាពិសេស​ជម្លោះដីធ្លី ហើយ​បាន​កសាង​របាយការណ៍​​ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន​។ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ក៏​បាន​រកឃើញ​ផងដែរ​ថា ទាំង​ជម្លោះដីធ្លី បទល្មើស​នេសាទ និង​បទល្មើស​ព្រៃឈើ​ជាដើម សុទ្ធតែ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ជា​មន្ត្រី​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅតាម​មូលដ្ឋាន​៕ ​ដោយ​៖​កូឡាប​

   

spot_img
×