Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​វ័យក្មេង​យ៉ាងសកម្ម ០៣​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

spot_img

​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់​វ័យក្មេង​យ៉ាងសកម្ម ០៣​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ក្នុងចំណោម​បក្សពួក ០៤​នាក់​ទៀត ដែល ០១​នាក់ បាន​បញ្ជូនទៅ​អង្គការ មូលនិធិ​កុមារ​កម្ពុជា ធ្វើការ​គ្រប់គ្រង​អប់រំ​វិញ​។​

១/ ឈ្មោះ ជុំ វាសនា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​

២/ ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​

៣/ ឈ្មោះ សុខន វាសនា ហៅ​ស្រួច ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​

៤/ ឈ្មោះ ញ៉េប ពុទ្ធា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​(​ប្រគល់​ឲ្យ​អង្គការ មូលនិធិ​កុមារ​កម្ពុជា គ្រប់គ្រង​អប់រំ​)

​ពួកគេ ខាងលើ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌមានជ័យ នៃ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​មានការ​ប្តឹង​ពី​ណា​អា​ព្យាបាល​របស់​ឈ្មោះ ញ៉េប ពុទ្ធា ដែលជា​បក្សពួក​ក្រុមចោ​រ​ឆក់ យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ០៣​នាក់ មានឈ្មោះ ជុំ វាសនា ,​ឈ្មោះ សុខ សម្បត្តិ ,​ឈ្មោះ ញ៉េប ពុទ្ធា នៅវេលា​ម៉ោង​១១:៥០​នាទី ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លុះដល់​វេលា​ម៉ោង​១៧:០០​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​អាវុធហត្ថ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ស​ពួកគេ ០១​នាក់​ទៀត ឈ្មោះ សុខន វាសនា ហៅ​ស្រួច​។ រីឯ​ឈ្មោះ ញ៉េប ពុទ្ធា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ត្រូវបាន​លោក SCOTT NEESON ជនជាតិ​អូស្ត្រាលី ជា​ប្រធាន​អង្គការ មូលនិធិ​កុមារ​កម្ពុជា មាន​ទីតាំងនៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​សុំ​ធានា​យកទៅ​គ្រប់គ្រង​ដើម្បី​ធ្វើការ​អប់រំ​វិញ ដោយមាន​ការស្នើសុំ​ពី​ម្តាយ​របស់គេ​នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ​ផងដែរ​។​

​ក្រោម​វិធាន​ការជំនាញ និង​ចម្លើយសារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​តែងតែ​ធ្វើ​សកម្មភាព​ឆក់​សម្ភារៈ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងសកម្ម​ជា​ញឹកញាប់ ដោយ​ពួកគេ​ម្នាក់ៗ ធ្វើ​សកម្មភាព​ឆក់​បានសម្រេច ០៦​ទៅ​០៧​លើក​មកហើយ រួម​សម្ភារៈ​ដែល​ពួកគេ​ឆក់​បាន​មាន​៖​ទូរស័ព្ទ ,​កាបូប​លុយ ,​ខ្សែក និង​សម្ភារៈ​ជាច្រើន​ផ្សេងទៀត​។ ចំណែក ប្រាក់ និង​សម្ភារៈ​ដែល​ពួកគេ​ឆក់​បាន គឺ​យកទៅលក់​ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿងញៀន​ប្រើប្រាស់ ហើយ​និង​យកទៅ​លែង​ល្បែង​តាម​អ៊ី​ន​ធើ​ណែ​ត​នៅ​ផ្សារ​សុ​វណ្ណា​។ រីឯ​បក្សពួក របស់​ពួកគេ​ដែល​រត់គេចខ្លួន​មានឈ្មោះ ចាន់ ,​ឈ្មោះ តាន់ ហៅ​រាជ និង​ឈ្មោះ ភ័​ក្រ​។​

-​ឈ្មោះ ជុំ វាសនា កាល​អំឡុង​ខែមករា ,​ខែកុម្ភៈ ឆ្នាំ​២០១៩ បានធ្វើ​សកម្មភាព​បាន​ប្រាក់ ៨០​ដុល្លា​អាមេរិក ,​ទូរស័ព្ទ​IPhone ០១​គ្រឿង ,​ខ្សែក ០១​ខ្សែ​។ កាលពី​ថ្ងៃទី​២១,២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ម៉ោង​ប្រហែល​០៩:០០​នាទី​យប់ រូបគេ​និង​បក្សពួក ឆក់​បាន​ប្រាក់​៣០០​ដុល្លា​អាមេរិក ,​ទូរស័ព្ទ​IPhone6 ០១​គ្រឿង​។​

-​ឈ្មោះ សុខ សម្បត្តិ កាលពី​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ ក្នុង​ខែមករា ,​ខែកុម្ភៈ រូបគេ​និង​បក្សពួក ឆក់​បាន​ប្រាក់ ២០​ដុល្លា​អាមេរិក កាល​ចុងឆ្នាំ​២០១៨ នៅ​ចំណុច​រោងការ​ជិត​ផ្សារ​ប៉េសេ និង​ទូរស័ព្ទ ០១​គ្រឿង នៅ​ចំណុច​រោងបុណ្យ​ជិត​ស្ពាន​អាកាស​ស្ទឹងមានជ័យ កាល​អំឡុង​ខែមករា ឆ្នាំ​២០១៩ ហើយ​រូបគេ​និង​បក្សពួក​បាន​បន្ត​ឆក់​ជា​បន្តបន្ទាប់​ទៀត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ប្រាក់ និង​ទូរស័ព្ទ សម្រេច​ជារឿយ​ផងដែរ​។​

-​ឈ្មោះ សុខន វាសនា កាល​អំឡុង​ខែមករា ឆ្នាំ​២០១៩ រូបគេ និង​បក្សពួក​ឆក់​បាន​ទូរស័ព្ទ ០១​គ្រឿង​ម៉ាក សាំ​សុង​កាឡាក់ស៊ី​អេស​៦ នៅ​ចំណុច​សាលារៀន​សាមគ្គី លក់បាន​ប្រាក់ ៥៨​ដុល្លា​អាមេរិក ហើយ​បន្ត​ឆក់​បាន ទូរស័ព្ទ ០១​គ្រឿង​ម៉ាក IPhone5 នៅ​ចំណុច​ផ្សារ​អូឡាំពិក ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩ រូបគេ​ឆក់​បាន​ទូរស័ព្ទ ០១​គ្រឿង​ម៉ាក Oppo នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​គរ​។​

-​ឈ្មោះ ញ៉េប ពុទ្ធា ដែល​អង្គការ មូលនិធិ​កុមារ​កម្ពុជា យកទៅ​គ្រប់គ្រង​អប់រំ រូបគេ​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ជាមួយ​បក្ស​ពួកគេ​ខាងលើ​រាល់ដង​ផងដែរ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩:០០​នាទី​យប់ រូបគេ​និង​បក្សពួក​ឆក់​បាន​ប្រាក់ ៣០០​ដុល្លា​អាមេរិក នៅ​ចំណុច​ក្បែរ​ផ្សារ​រាត្រី ហើយ​បន្ត​ឆក់​បាន​ទូរស័ព្ទ ០១​គ្រឿង​ទៀត នៅ​ចំណុច​រង្វង់​មូល​ស្តា​ត​ចាស់​៕ ​ដោយ​:​កូ​ឡាប​

spot_img
×