Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​រៀបចំ​ទីតាំង គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២៦០០​ហិកតា នៅ​ខេត្តកណ្តាល​និង​ខេត្តតាកែវ​

spot_img

​ភ្នំពេញ ​: គម្រោង​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ត្រូវបាន​ប្រកាសឡើង​ក្នុង​ដំណើរ​ទេស្សន​កិច្ច របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង មក​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨​។ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC លោក ពុង ខៀវ​សែ និង​ក្រុមហ៊ុន​ចិន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២៦០០​ហិកតា ដែលជា​ដី​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី ខេត្តតាកែវ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​១៥០០​លាន​ដុល្លារ​ ។​

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ទីស្ដីការក្រសួង ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លេ​ី​ក​ទី ១ របស់​គណៈកម្មការ​រៀប​ចំ​ទីតាំង គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ៖

១៖ ជម្រាបជូន​អំពី​ការសម្រេច​របស់ រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត 4F លើ​ផ្ទៃដី​ទំហំ ២៦០០ ហិកតា ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ​។​

២៖ ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល រៀបចំ​កិច្ចព្រមព្រៀង ដាក់​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ និង​សុំ​ការសម្រេច​ពី រាជរដ្ឋាភិបាល ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន ឯ​.​ក និង​សិក្សា កំណត់​តំបន់​សុវត្ថិភាព​នៃ​ការហោះហើរ​។​

៣៖ ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​គាំទ្រ​ដល់​ការរៀបចំ​ទីតាំង​គម្រោង​សាងសង់ ចុះ​កំណត់​និយាម​កា​ទីតាំង គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បោះបង្គោល​ព្រំ កំណត់​តំបន់​លំនៅឋាន​និង​កម្ពស់​អគារ រៀបចំ​ប្លង់​លម្អិត​នគរូបនីយកម្ម និង​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​។​

៤៖ អនុវត្ត​ឱ្យមាន​ការឯកភាព​គ្នា​នូវ​ប្រព័ន្ធ​និយាម​កា Datum WGS 84 ក្នុងការ​វាស់វែង គូស​ទីតាំង​ក្បាលដី​ក្នុង​ផែនទី​តែមួយ​។​

៥៖ រដ្ឋបាល​ខេត្តកណ្តាល និង​រដ្ឋបាល​ខេត្តតាកែវ សហការ​ជាមួយ​ក្រុមការងារ និង​ក្រុមហ៊ុន​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​គាំទ្រ​ដល់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ស្របតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល​។​

៦៖ ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខេត្តកណ្តាល រដ្ឋបាល​ខេត្តតាកែវ និង​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅក្នុង​ទីតាំង​គម្រោង​ឱ្យបាន​ច្បាស់លាស់ ដោយ​ផ្អែក​ទៅតាម​ការកាន់កាប់​ជាក់ស្តែង និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។ ជំហាន​បន្ទាប់ តាម​ការចាំបាច់ ផ្អាក​ជា​បណ្តោះអាសន្ន​ការធ្វើ​ចរន្ត​ការ​ដី​ស្ថិតក្នុង​ទីតាំង ដែល​បង្ក​ការលំបាក និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​។​

៧៖ ស្នើ ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​ជាមុន​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ជា​អា​ទី ការ​បង្កប់​បំពង់​ហ្គាស បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​លូ ខ្សែកាប​អុ​ប​ទិ​ក អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ឱ្យបាន​ត្រឹមត្រូវ​មុន​បង្ហូរ​ចូល​លូ​សាធារណៈ អង់​តែ​ន​ទូរ​សព្ទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី​ផ្សេងទៀត ចៀសវាង​រៀបចំ​តាម​ក្រោយ​ដែល​បង្ក​ឱ្យ​ខូចខាត​ដល់​ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធ​ការពារ និង​រំដោះ​ទឹកជំនន់​។​

៨៖ ស្នើ​ក្រុមហ៊ុន​បង្កើត​ទីស្នាក់ការ​បណ្តោះអាសន្ន​សម្រាប់ធ្វើ​កា​រ​នៅលើ​ទីតាំង ជ្រើសរើស​បុគ្គលិក​ចេញពី​មូលដ្ឋាន​ដែលមាន​កាយសម្បទា និង​លក្ខណសម្បត្តិ តាម​ចំនួន​សមស្រប មក​បម្រើ​ការងារ​ចាំបាច់​ក្នុង ការអនុវត្ត​គម្រោង​។​ជំហាន​បន្ទាប់ អាច​ជ្រើសរើស​បុគ្គលិក​បន្ថែម តាម​តម្រូវការ​ជាក់ស្តែង​។​

៩៖ លើកទឹកចិត្ត​ប្រើប្រាស់​ធនធានមនុស្ស​ក្នុងស្រុក​ទាំង​អ្នកជំនាញ និង​អ្នក​គ្មាន​ជំនាញ​ឱ្យអស់​លទ្ធភាព ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សេចក្តីសម្រេច​មួយ បង្កើត​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​គ្រោង​ធ្វើឡើង នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជា​អនុប្រធាន​។ គណៈកម្មការ​នេះ មាន​សមាសភាព​២៣​រូប​៕ ​ដោយ​:​កូ​ឡាប​

 

spot_img
×