Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ការអនុវត្ត​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ការពារ​សត្វព្រៃ​ដែល​រងគ្រោះ​ជិត​ផុត​ពូជ​

spot_img

​ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ប្រភេទ​សត្វព្រៃ​ដែល​រងគ្រោះ​ជិត​ផុត​ពូជ​ជា​សាកល​ជាង​៤១​ប្រភេទ ដែល​ទទួលរង​ការគំរាមកំហែង​ទូទាំង​សាកលលោក ហើយ​ត្រូវបាន​រកឃើញ​នៅ​តំបន់​នេះ​។ ដើម្បី​ការ​ពារ​សត្វព្រៃ​រងគ្រោះ​ដែល​ជិត​ផុត​ពូជ​នោះ បំណង​ផ្សព្វផ្សាយ​ដល់​អ្នកពាក់ព័ន្ធ​អំពី​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ផ្ដល់ព័ត៌មាន​ថ្មីៗ​អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការអនុវត្ត​សកម្មភាព នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា នា​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ ការអនុវត្ត​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក ឈឹម កាន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ក្រោម​ជំនួយ​គាំទ្រ​ដោយ​គម្រោង USAID និង​មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​ក្រចេះ អាជ្ញាធរ​មូលដ្ឋាន តំណាង​សហគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS សរុប​ប្រមាណ​៧០​នាក់​។​

​បើតាម​ការផ្សាយ​របស់​ក្រសួងបរិស្ថាន បានបញ្ជាក់​ថ សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ ដល់​អ្នកពាក់ព័ន្ធ​អំពី​គម្រោង អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ផ្ដល់ព័ត៌មាន​ថ្មីៗ អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការអនុវត្ត​សកម្មភាព នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ព្រមទាំង​ស្វែងរក​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អ្នកពាក់ព័ន្ធ និង​សហគមន៍ សម្រាប់​អនុវត្ត​សកម្មភាព នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ប្រកបដោយ​ប្រសិទ្ធភាព​។​

​គួរ​រំលឹក​ជូន​ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ២៩២.៦៩០​ហិកតា មាន​ទីតាំង​ស្ថិតនៅ ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​ខេត្តមណ្ឌលគិរី និង​មួយផ្នែក​តូច​ស្ថិតក្នុង​ខេត្តក្រចេះ​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ប្រភេទ​សត្វព្រៃ ដែល​រងគ្រោះ​ជិត​ផុត​ពូជ ជា​សាកល​ជាង​៤១​ប្រភេទ ដែល​ទទួល​រង​ការគំរាមកំហែង ទូទាំង​សាកលលោក ហើយ​ត្រូវបាន​រកឃើញ​នៅ​តំបន់​នេះ​។ នៅ​ចុងឆ្នាំ​២០១៨​នេះ គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា គាំទ្រ​ដោយ​គម្រោង USAID ត្រូវបាន​អនុម័ត ហើយ​គម្រោង​នេះ ត្រូវបាន​បង្កើតឡើង ដោយ​ភាពជោគជ័យ ពី​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវៈចម្រុះ USAID ដែល​បាន​កាត់បន្ថយ ការបាត់បង់​ព្រៃឈើ ការការពារ​សត្វព្រៃ ការលើកកម្ពស់​ជីវភាព រស់នៅ របស់​សហគមន៍ និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ព្រៃឈើ​ពាក់កណ្តាល​ស្រោង ដែលជា​ជម្រក​ប្រភេទ​សត្វ​សំខាន់ៗ នៃ​ពិភពលោក​ដូចជា សត្វ​ដំរី​អាស៊ី អម្បូរ​ស្វា អម្បូរ​គោ​សាទិស អម្បូរ​មំសាសី និង​បក្សី​ដូចជា ត្រ​យ៉ង​យក្ស និង​ក្ងោក ។​

​ដែន​ជម្រក​នេះដែរ មាន​ប្រជាជន​ដើម​ភាគតិច​ព្នង និង​ប្រជា​ពល​ជន រស់​នៅតាម​ព្រំប្រទល់ ប្រមាណ​២៥០.០០០​នាក់​។​

នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​អង្គការ​ WCS ដែល​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា ផ្តល់​ជាទី​ជម្រក​ធម្មជាតិ​ដល់​សត្វព្រៃ និង​រុក្ខជាតិ​ជាង​៦០​ប្រភេទ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​ប្រភេទ​រង​ការគំរាមកំហែង ឈានទៅរក​ការ​ផុត​ពូជ​។​

​សូមបញ្ជាក់ថា IUCN(International Union for Conservation of Nature) គឺជា​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ធំជាងគេ​បង្អស់ លើ​ពិភពលោក ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៤៨ ដើម្បី​ជា​យន្ត​ការរួម​របស់​ពិភពលោក ក្នុងការ​អភិរក្ស​ធន​ធាន​ជីវៈចម្រុះ និង​ការធានា​នូវ​ការប្រើប្រាស់​ដោយ​ចីរភាព និង​និរន្តរភាព​។ សត្វ ឬ​រុក្ខជាតិ​ដែល​ត្រូវ​ចាត់​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN គឺ​សុទ្ធសឹងតែ​ជា​ប្រភេទ​រុក្ខជាតិ និង​សត្វ ដែលជា​ប្រភេទ​កម្រ​នឹងមាន​ក្នុង​លោក ឬ​ជា​ប្រភេទ​ដែល​ឈានទៅរក​ការ​ផុត​ពូជ ដែល​ទទួលបាន​ការវាយតម្លៃ​ជាស​កល​ពី​ឋានៈ​របស់​វា​។​

​សត្វ​ទាំង​៦០​ប្រភេទ​នោះ​រួមមាន ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ជាដើម ពពួក​ខ្លា​ព្រៃ ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ផ្សេងទៀត​។ ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​រកឃើញថា ដែន​ជម្រក សត្វព្រៃ​នេះ មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ គម្រោង​ទេសចរណ៍ ធម្មជាតិ​នាពេល​អនាគត​។​

​អង្គការ​WCS បានឱ្យដឹងថា ក្រៅពី​សំបូរ​ទៅដោយ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ហើយ​នោះ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ប្រភេទ​រុក្ខជាតិ​កម្រ និង​ផ្កា​ព្រៃចម្រុះ​ពណ៌ ពិសេស​ទឹកធ្លាក់​ធម្មជាតិ​ជាង​១០​កន្លែង​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លោក សូត្រ វ៉ាន់​ឌឿ​ន ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា​នៃ​អង្គការ​WCS បាន​និយាយថា​៖ “​តាមរយៈ​បទ ពិសោធន៍​ដែល​ខ្ញុំ​បាន​ដើរ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​សម្រាប់​រយៈ ពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​មើលឃើញថា​ដែនជម្រកសត្វព្រៃ កែវ​សីមា គឺជា​ដែនជម្រកសត្វព្រៃ​ដ៏​អស្ចារ្យ​មួយ និង​ពិតជា​ស្រស់ស្អាត ខ្លាំងណាស់​។ ដែនជម្រកសត្វព្រៃ​នេះ មាន​សក្តានុពល​ខ្ពស់​សម្រាប់ ការអភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ធម្មជាតិ ដែល​អាច​ផ្តល់​ជា​ថវិកា គាំទ្រ​ដល់​ការងារ​អភិរក្ស និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជា​សហគមន៍ នា​ថ្ងៃ​អនាគត​”​។​

​ក្រសួងបរិស្ថាន និង​អង្គការ​WCS រួមទាំង​ប្រជា​សហគមន៍ បាននិងកំពុង​ធ្វើការ​រួមគ្នា​ដើម្បី​ថែរក្សា និង​ការពារ​​ដែនជម្រកសត្វព្រៃ កែវ​សីមា​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​ដោយ​អនុវត្ត​ការងារ​ច្បាប់ សកម្មភាព​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍ និង​អា​​ជ្ញា​ធរ​មូលដ្ឋាន ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ ការចុះបញ្ជី​ដីធ្លី​ជនជាតិដើម​ភាគតិច គម្រោង​ចិញ្ចឹមជីវិត ប្រជា​សហគមន៍ និង​គម្រោង​ទេសចរណ៍ធម្មជាតិ​ជាដើម ​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×