Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​យកចិត្ត​ទុក​ដាក់ឱ្យ​ស្ត្រី ក្លាយជា​កម្លាំងចលករ​ចូលរួម​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ដើម្បីឱ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​

​គួរ​ជម្រាប​ថា ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​អំពី​វីរភាព​នៃ​ការតស៊ូ​របស់​នារី​ទូទាំង​សកលលោក ក្នុងការ​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​សិ​ទ្ធិ សេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។​

​នៅ​កម្ពុជា ទិវា​អន្តរជាតិ​នារី ៨​មីនា ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​។ សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​

​ក្នុង​ពិធី​នោះដែរ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ដើម្បីឱ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ​មួយ ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺ​ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​លើកស្ទួយ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​ពង្រឹង​តួនាទី​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​

​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ ដែលមាន​លក្ខណៈ​ទូលំទូលាយ ដោយ​ផ្តោតលើ​សសរស្តម្ភ​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា ក្របខ័ណ្ឌ​គោលនយោបាយ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម ដែលជា​ការគិតគូរ​ចំពោះ​ស្ត្រី មាន​ជា​ឤ​ទិ៍ ៖

​ទី​១៖ កម្មការិនី​សម្រាលកូន​បានទទួល​ប្រាក់​ឈ្នួល​ចំនួន ១២០​ភាគរយ ចំនួន​៣​ខែ​។ ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បាន​អនុវត្ត​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មការ​នី​សម្រាលកូន ដោយ​ផ្តល់ជូន​កូន​មួយ​នាក់​ចំនួន ៤០​ម៉ឺន​រៀល ចំពោះ​កូនភ្លោះ​ទទួលបាន ៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី​បាន ១​លាន​២​សែន​រៀល ព្រមទាំង​ទទួលបាន​ថវិកា​បន្ថែមចំនួន ៥​លាន​រៀល ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ទាល់​។​

​ទី​២៖ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ​ដែលមាន ៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ឧបត្ថម្ភ​៤​លើក ក្នុង​១​លើក ៤​ម៉ឺន​រៀល នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួលយក​សេវា​ពិនិត្យ​ផ្ទៃពោះ នៅ​មូលដ្ឋាន​សុខាភិបាល​របស់​រដ្ឋ ដំណាក់កាល​ទី​២ ឧបត្ថម្ភ​២០​ម៉ឺន​រៀល នៅពេល​ស្ត្រី​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​របស់​រដ្ឋ និង​ដំណាក់កាល​ទី​៣ ឧបត្ថម្ភ​១០​លើក ក្នុង​១​លើក ៤​ម៉ឺន​រៀល នៅពេល​ស្ត្រី​ជា​ម្តាយ​នាំ​ទារក​ទៅ​ទទួល​ថ្នាំ​បង្ការ ឬ​សេវា​គាំពារ​រហូតដល់​កុមារ​មាន​អាយុ​២​ឆ្នាំ​។​

​ទី​៣៖ ការអនុញ្ញាតឱ្យ​កម្មការិនី​ជា​ស្ត្រី​ដែលមាន​ផ្ទៃពោះ ចេញ​មុន​ម៉ោង​យ៉ាងតិច​១៥​នាទី​។ លើសពីនេះ​ទៀត គ្រប់​រោងចក្រ​ទាំងអស់​ត្រូវ​រៀបចំ​បន្ទប់​បំបៅកូន​សម្រាប់​កម្ម​ការ​នី ដែលមាន​កូន​អាយុ​ក្រោម​១២​ខែ និង​ត្រូវមាន​ទារកដ្ឋាន សម្រាប់​កម្មការិនី​ដែលមាន​កូន​អាយុ​លើសពី​១៨​ខែ​។ គ្រប់​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​សួន​ឧស្សាហកម្ម​ត្រូវ​រៀបចំ​ឱ្យមាន​ទារកដ្ឋាន​មួយ​នៅក្នុង​តំបន់​របស់ខ្លួន​។​

​ទី​៤៖ ទន្ទឹមនឹងនេះ គ្រប់​រោងចក្រ​ទាំងអស់​បាន​អនុញ្ញាតឱ្យ​កម្មករនិយោជិត​ជា​ស្ត្រី​ខ្មែរឥស្លាម អាច​ប្រើប្រាស់​សម្លៀកបំពាក់​តាម​បែប​ប្រពៃណី​ឥស្លាម​។​

​ទី​៥៖ រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់ជូន​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ ដែល​បាន​សម្រាលកូន ក្នុងនោះ​កូន​មួយ​ទទួលបាន ៨០​ម៉ឺន​រៀល កូនភ្លោះ​ទទួលបាន ១​លាន​៦០​ម៉ឺន​រៀល កូនភ្លោះ​៣ ទទួលបាន ២​លាន​៤០​ម៉ឺន​រៀល រួមជាមួយ​នឹង​ការឈប់​សម្រាកលំហែរ​មាតុភាព រយៈពេល​៣​ខែ ជាមួយ​ប្រាក់បៀវត្ស ១០០​ភាគរយ​។​

​ទាំងអស់នេះ បានបង្ហាញ​ច្បាស់​ថា រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំ​ញេះ​ស្ត្រី ដោយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ស្ត្រី​តែង​ទទួលបាន​នូវ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើន និង​កាត់បន្ថយ​បន្ទុកគ្រួសារ​កាន់តែច្រើន ដែលជា​ការលើកកម្ពស់​ដល់​សមភាព​យេនឌ័រ​កាន់តែ​ប្រសើរឡើង នៅ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

​ជា​លទ្ធផល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រេចបាន​នូវ​សមិទ្ធផល​គួរឱ្យកត់សម្គាល់​។ បើ​ពិនិត្យមើល​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិញ ក្រសួង​មាន​រដ្ឋលេខាធិការ​ជា​ស្ត្រី​មួយរូប អនុរដ្ឋលេខាធិការ​៣​រូប​ជា​ស្ត្រី និង​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ជាច្រើន​ទៀត ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ទាំងឡាយ​របស់​មន្ត្រីរាជកា​រ​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លទ្ធផល​ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល មិនអាច​កាត់ផ្តាច់​បាន​ពារការប្តេជ្ញាចិត្ត​ចូលរួម​សហការ និង​សាមគ្គី ឯកភាពគ្នា​ជា​ធ្លុង​មួយ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ទាំង នារី និង​បុរស ក្នុងការ​គ្រប់គ្រង​រាល់​សភាពការណ៍ និង​ពុះពារ​កសាង​នូវ​បរិយាកាស​វិជ្ជមាន និង​ល្អប្រសើ​សម្រាប់​ធានា​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើរ​ដល់​បុរសៗ សូម​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី ស្របតាម​ពាក្យស្លោក​ខ្មែរ​យើង​ដែល​បាន​លើកឡើងថា “​សំណាប​យោង​ដី​-​ស្រី​យោង​ប្រុស​” ជាពិសេស​សូមកុំ​មានការ​រើសអើង​ការងារ​រវាង​ស្ត្រី និង​បុរស ទាំង​ការងារ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ គឺ​សុទ្ធសឹងតែ​មានតម្លៃ​ស្មើគ្នា​៕ ដោយ​៖​កូ​ឡាប​

spot_img
×