Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែកុម្ភៈ កងយោធពល​ខេមរភូមិន្ទ បាន បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ បទល្មើស​មជ្ឈិម ១៧៩​លើក ឃាត់ខ្លួន​ជនសង្ស័យ​២៩៩​នាក់

spot_img

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០១ ខែមីនា ឆ្នាំ​២០១៩ ក្រសួងការពារជាតិ បានរៀបចំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង​របាយការណ៍​បូកសរុប​ការងារ​ខែកុម្ភៈ និង​ទិសដៅ​អនុវត្ត​ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ការពារជាតិ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ បានលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា​ ​សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ កងយោធពល​ខេមរភូមិន្ទ បាន​ប្រមូលផ្តុំ​បន្ត​អនុវត្តន៍​ភារកិច្ច​តាម​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ផែនការ​កែទម្រង់​កង​យោធពល​​ខេមរភូមិន្ទ​រយៈពេល​៥​ឆ្នាំ និង​កម្មវិធី​ការងារ​ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​ធំៗ​ជាច្រើន ​។

​កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​ពង្រឹង​ប្រៀប​ការពារជាតិ លើ​គ្រប់​វិស័យ​នៅតាម​តំបន់​ព្រំដែន​ធ្វើ​ល្បាត​ជាប្រចាំ ដើម្បី​ត្រួតពិនិត្យ​គ្រប់គ្រង​សភាពការណ៍​និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ និង​ចូលរួម​ទប់ស្កាត់ បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស ជិតខាង​ដោះស្រាយ បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​ដោយ​សន្តិវិធី​។​

​កងយោធពល​ខេមរភូមិន្ទ បាន​ម្ចាស់ការ​និង​សហការ​ចូលរួម​យ៉ាងសកម្ម​ធ្វើការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ភាពអនាធិបតេយ្យ​ផ្សេងៗ ក៏ដូចជា​ការគោរព​អនុវត្ត​នូវ​បទបញ្ជា អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ការពារ​សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ ជូន​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូ​ជាតិ គណៈប្រតិភូ​អន្តរជាតិ​នានា ព្រមទាំង​ពិធីបុណ្យ​ជាតិ​និង​ពិធី​ផ្សេងៗ​បានល្អ​ប្រសើរ​។​

​របាយការណ៍​បាន​បង្ហាញថា អំឡុង​ខែកុម្ភៈ កន្លងទៅនេះ កងយោធពល​ខេមរភូមិន្ទ បានធ្វើ​ម្ចាស់ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ បទល្មើស​មជ្ឈិម ១៧៩​លើក ឃាត់ខ្លួន​ជនសង្ស័យ​២៩៩​នាក់ ក្នុងនោះ​រកឃើញ​ជន​ពាក់ព័ន្ធ ២៣៧​នាក់ និង​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​តុលាការ ព្រមទាំង​បាន​ដោះស្រាយ​បណ្ដឹង​ផ្សេងៗ​បាន​ចំនួន ១១/២៩​នៃ​បណ្តឹង និង​អនុវត្ត​ដីកា​តុលាការ​បាន​ចំនួន​២០៦/៣០៧​នៃ​ដីកា​។ ដោយឡែក​កិច្ចសហការ​វិញ គឺ​កងយោធពល​ខេមរភូមិន្ទ បាន​សហការ​បង្ក្រាប បទល្មើស​ឧក្រិដ្ឋ បទល្មើស​មជ្ឈិម ៣៤១​លើក និង​ករណី​ផ្សេងៗ​ចំនួន​១.២១០​លើក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២១៧​នាក់ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួន​។ កងយោធពល​ខេមរភូមិន្ទ ជួយសង្គ្រោះ​គ្រោះថ្នាក់​ចរាចរណ៍ អគ្គិភ័យ គ្រោះធម្មជាតិ និង​ករណី​ផ្សេងៗ​បាន​ចំនួន​៣២៣​លើក​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ បាន​ចំនួន​៤២​នាក់ និង​សាកសព​ទៅកាន់​លំនៅឋាន​០៤​នាក់​។​

​កងទ័ពជើងគោក​បាន​សហការ និង​ម្ចាស់​ការធ្វើ​ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា ភូមិសាស្ត្រ​ទទួលខុសត្រូវ ដើម្បី​ក្តាប់​សភាពការណ៍​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​
​សរុប​បាន​ចំនួន ៤៥៨ លើក​ព្រំដែន​កម្ពុជា​-​ថៃ​២១៨​លើក កម្ពុជា​-​វៀតណាម ១១៩​លើក កម្ពុជា​-​ឡាវ​១២១​លើក​)​។ ទន្ទឹមនេះ បាន​សហការ​ជាមួយ​ក្រុម​រុករក​អដ្ឋិធាតុ​វៀតណាម រុក​រកឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​​ចិត្ត​​វៀតណាម​ចំនួន​៤១​ធាតុ​។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​នោះ ពិធី​ប្រកាស​តែងតាំង​មុខងារ និង​បំពាក់​ឋានន្តរសក្តិ ដល់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ចំនួន​៤​រូប រួមមាន​ ៖

១. នាយ​ឧ​ត្ត​ម​សេនីយ៍ ភួង ស៊ី​ផាន អនុរដ្ឋលេខាធិការ ត្រូវបាន​ដំ​ឡើងជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ។

២. ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុ បុត្រ មេបញ្ជាការរង​កងទ័ព​ជើងគោក ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា នាយ​ឧ​ត្ត​ម​សេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ។

៣. ឧ​ត្ត​ម​សេនីយ៍​ឯក ព្រហ្ម ឌិន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ពិសេស ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ។

៤. ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ៕ ​ដោយ​ ៖ កូ​ឡាប​

spot_img
×