Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបញ្ចៀសចរាចរឆ្លងកាត់ ទីតាំងប្រារព្ធពិធីបើក ការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយលូ ក្នុងទីក្រុងភ្នំពេញ ចាប់ផ្តើមជំហ៊ានទី៤

spot_img

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរឆ្លងកាត់ ទីតាំងប្រារព្ធពិធី បើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី ទៅតាមប្រពៃណីទំនៀម ទម្លាប់ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ សុំឲ្យមានសេចក្តីសុខ សេចក្តីចម្រើន តាមបែបសាសនា នារសៀលថ្ងៃទី៣មីនា មុននឹងបើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ហើយពិធីបើកការដ្ឋានសាងសង់ផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៤មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។

​លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី អញ្ជើញចូលរួមជាច្រើននាក់។

តាមកាលប​រិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះ គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីព្រះសុធារស ចាប់ពីចំណុចប្រសព្វមហាវិថីព្រះសីហនុ រហូតដល់ផ្លូវលេខ២៤០ មហាវិថីព្រះសុរាម្រិត និងកំណាត់ផ្លូវលេខ២៤០ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះនរោត្តម រហូតដល់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីម៉ោង៦រហូតដល់ចប់កម្មវិធី។ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធីតាមការបរិច្ឆេទ ដោយអនុគ្រោះ ។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ។

សូមជំរាបថា គំរោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានរាជរដ្ឋាភិបាល ប្រទេសទាំង២ កម្ពុជា.ជប៉ុន បានចុះហត្ថលេខា លើលិខិតប្តូរសារការពីថ្ងៃទី៧ សីហា ឆ្នាំ២០១៧ និងបន្ទាប់មក ទីភ្នាក់ងារ JICA ជប៉ុន ក៏បានចុះកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយភាគីកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចុះ ហត្ថលេខាជាមួយក្រុមហ៊ុន CTI Engineering International Co.Ltd សម្រាប់ធ្វើទីប្រឹក្សា បច្ចេកទេស ដើម្បីសិក្សាលម្អិតរៀបចំ ឯកសារដេញថ្លៃ, ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃ នៃកិច្ចសន្យាចំនួន ២៥៥.០០០.០០០ យ៉េនជប៉ុន។

តាមរយៈការដេញថ្លៃ នៅប្រទេសជប៉ុន ក្រុមហ៊ុន TOA Corporation ត្រូវបានជ្រើសរើស ជាក្រុមហ៊ុនម៉ៅការ អនុវត្តន៍គម្រោង ក្នុងតម្លៃគម្រោង ៣.២៩០.០០០.០០០ យ៉េនជប៉ុន។

គំរោងជំហានទី៤នេះ បានចាប់ដំណើរការ កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨ ហើយគ្រោង បញ្ចប់ការសាងសង់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ការអនុវត្តគម្រោងនេះ ពិតជា មានសារសំខាន់ ក្នុងការបញ្ចៀសទឹកជំនន់លិចទីក្រុង ដោយសារជំនន់ទឹកភ្លៀង និងជាផ្នែកមួយដ៏សំខាន់ នៃយន្តការលើកកម្ពស់ អនាម័យសាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើន ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគររូបនីយកម្ម និងការពង្រីកទីក្រុង៕

spot_img
×