Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ស៊ីវិល​ស្នើ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ឈប់​បញ្ជូន​កម្លាំង ទៅ​កាង​ការពារ​ផលប្រយោជន៍​ឲ្យ​ឧ​កញ៉ា ហើយ​ងាក​គំរាម​ធ្វើបាប​ពលរដ្ឋ​តវ៉ា​ទំនាស់​ដីធ្លី​

spot_img

​​ខេត្ត​ព្រះសីហនុ ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម អំពាវនាវ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​បញ្ឈប់​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ ឲ្យ​ចុះ​ទៅកាង​ការពារ​ផលប្រយោជន៍​ឲ្យ​ឈ្មួញ​មាន​ទ្រព្យ និង​មាន​គោរមងារ​ជា​ឧកញ៉ា ហើយ​មក​គំរាម​ធ្វើបាប​ពលរដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើ​ករណី​វិវាទ​ដីធ្លី កំពុង​ដោះស្រាយ​នៅ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​ចប់​។

​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ប្រចាំខេត្ត​ព្រះសីហនុ រួមមានៈ សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ​ជាដើម (Licadho) បាន​រិះគន់ ចំពោះ​សកម្មភាព​ចុះ​អនុវត្ត​ការងារ របស់​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ថា​ហាក់​មាន​ភាពមិនប្រក្រតី ឬ​បង្ហាញ​ទង្វើ និង​សកម្មភាព​គាំទ្រ ឬ​កាន់ជើង​តែ​ទៅលើ​ភាគី​ឧកញ៉ា​មាន​ទ្រព្យ និង​មន្ត្រី​មានអំណាច ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ នៅតាម​សហគមន៍​មួយចំនួន​នា​មូលដ្ឋាន​នេះ​។​

​អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់​លី សង្កេតឃើញថា កន្លងមក នៅពេល​មាន​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​តវ៉ា​លើ​ទំនាស់​ដីធ្លី ជាមួយ​ភាគី​ឧកញ៉ា​មានទ្រព្យ និង​មន្ត្រី​មាន​អំណាច​ជា​ដើម គឺ​តែង​សង្កេត​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​មាន​អាវុធ​វែង​ខ្លី​ជាច្រើន​នាក់ ឬ​រហូតដល់​រាប់​សិប​នាក់ បាន​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ គំរាម​មិន​ឲ្យ​តវ៉ា​លើ​វិវាទ​ដីធ្លី​ជាច្រើន​ករណី​។​

​ត្រង់​ចំណុច​នេះ លោក វ៉ាន់​លី បាន​ស្នើ​ដល់ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យ​ជួយ​ពិនិត្យ​ទៅលើ​សកម្មភាព របស់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​បាន​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ចុះ​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ឬទេ​។​

​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ សំណូមពរ​ថា បើ​រឿង​ក្តីទាក់ទិន​វិវាទី​ដីធ្លី ដែល​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​តុលាការ​កំពុង​ដោះស្រាយ មិនគួរ​បញ្ជូន​កម្លាំង​កងរាជអាវុធហត្ថ ស្ទើរ​មួយ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​ផលប្រយោជន៍​ឲ្យ​ឈ្មួញ​មាន​ទ្រព្យ មាន​ងារ​ជា​ឧកញ៉ា​ដូច​ពេល​កន្លងមក​នោះទេ​។​

​លោក ស្រេង វ៉ាន់​លី បាន​លើ​ជា​ឧទាហរណ៍​ថា ជាក់ស្តែង​ទំនាស់​ដីធ្លី​កើត​មាន​រុំាំរ៉ៃ នៅ​សហគមន៍​អូរ​ខ្សាច់ ស្រុក​ស្ទឹង​ហាវ ដែល​ឈាន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទុះអាវុធ ចាប់​ពលរដ្ឋ​ដាក់​ខ្នោះដៃ និង​បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង ចាប់​ដាក់គុក​រហូតមកល់​សព្វថ្ងៃ​។ លោក​ថា សំណុំរឿង​ដីធ្លី​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ប៉ុន្តែ​បែរ​ជា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​យក​តួនាទី របស់ខ្លួន ដោយ​សំអាង​ចុះ​អនុវត្ត​តាម​បណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ ដែល​ជា​ឧកញ៉ា​មានទ្រព្យ​មហាសាល​នៅ​ខេត្ត​ព្រះសីហនុ និង​ត្រូវ​ជា​មិត្តភ័​ក្រ របស់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ផង​។​

​ងាក​ទៅ​ករណី​ផ្សេង​ទៀត លោក ហេង ប៊ុន​ទី ក៏​ធ្លាប់បាន​បញ្ជូន​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ក្រោម​ឱវាទ ឲ្យ​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​សហគមន៍​អូរ​ដំរី ស្រុក​ស្ទឹង​ហាវ បញ្ជូន​ខ្លួន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​ឃុំខ្លួន​ក្នុង​បន្ទប់​ពេញ​មួយ​យប់ មុន​ត្រូវ​ដោះលែង​ទាំង​ពលរដ្ឋ​អះអាងថា គាត់​មិន​បាន​ប្រព្រឹត្តិ​កំហុសឆ្គង​សោះ​។

​ចំណែក​ករណី​មួយ​ផ្សេងទៀត គឺ​បាន​កើតមាន​ជា​ញឹកញាប់ នៅ​សហគមន៍​ពយ​កំពេ​ញចាស់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ជាដើម ក៏​កម្លាំង​កងរាជអាវុធហត្ថ​រាប់សិប​នាក់ បាន​បញ្ជូន​ទៅ​កាង​ការពារ​គ្រឿងចក្រ ជូន​ភាគីឧ​ញ៉ាមា​ន​ទ្រព្យ ដាក់​គ្រឿងចក្រ​នៅ​លើ​ដីធ្លី ដែល​ពលរដ្ឋ​សហគមន៍​នេះ បាន​អះអាង​ថា សំណុំរឿង​ដីធ្លី​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ស្រេង វ៉ាន់​លី ក្នុងនាម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង​កើតមាន​ទំនាស់​ដីធ្លី នៅតាម​សហគមន៍​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ​ថ្លែងថា តែង​សង្កេតឃើញ​កម្លាំង​រាជ​អាវុធហត្ថ​រាប់សិប​នាក់ បាន​ដាក់ពង្រាយ និង​គាំទ្រ​ផលប្រយោជន៍​ឲ្យ​ភាគី​ទំនាស់​ដីធ្លី ដែល​មាន​ងារ​ជា​ឧកញ៉ា ហើយ​ងាក​មក​គំរាម​ចាប់ចង​ពលរដ្ឋ​ជា​ភាគី​ទំនាស់​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ ដូចជា​ករណី​ទំនាស់​ដីធ្លី​រុំាំរ៉ៃ នៅ​សហគមន៍​កំពេ​ញចាស់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ជាដើម​។

លោក ស្រេង វ៉ាន់​លី​៖ « ពាក់ព័ន្ធ​ករណី​ដីធ្លី​ខាងលើ​នេះ ក៏​មាន​ការប្តឹង​ផ្តល់​គ្នា នៅ​ប្រព័ន្ធ​តុលាការ​ដែរ ហើយ​រឿង​នេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​តុលាការ​ដាក់​បណ្តឹង​រក្សា​ការពារ ប៉ុន្តែ​តុលាការ​គាត់​មិន​អាច​ចេញ​រក្សា​ការពារ ឲ្យ​ពលរដ្ឋ​បានទេ ដោយ​យោង​ថា ភាគី​ម្ខាង​ទៀត​មាន​បណ្ណ​កម្មសិទ្ធិ​។ ប៉ុន្តែ​រឿង​នេះ ក្នុងនាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល ក៏​ស្នើសុំ​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឬ​កម្លាំងប៉េ​អ៊ឹម មេត្តា​យោគយល់ ទៅលើ ប្រជាពលរដ្ឋ ដែល​ពួកគាត់​ជា​ជនរងគ្រោះ​ជា​យូរ​ឆ្នាំ​មកហើយ​។ ហើយ​ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី​នេះដែរ ក៏​ស្នើ​សុំឲ្យ​កម្លាំងប៉េ​អ៊ឹម កុំឲ្យ​បន្ត​សកម្មភាព​ជួយដ​ល់​ភាគី​ម្ខាង​ទៀត ដើម្បី​អនុវត្ត​ទៅ​តាម​ពាក្យ​ស្នើសុំ របស់​ភាគី​ទាំង​នោះ​។ ពីព្រោះ​សង្កេតឃើញថា ប្រជា​

​ពលរដ្ឋ​បា​ន​រងគ្រោះ ដែល​ពួកគាត់​បាន​នាំគ្នា​តវ៉ា ដើម្បី​រក​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី របស់​ពួកគាត់​។ ហើយ​ថា ករណី​វិវាទ​ដីធ្លី​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ​ទេ »​។

​យ៉ាងនេះក្តី មិនអាច​ទាក់ទង លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ខាងលើ​បាន​ទេ ដោយ​លោក​បង្វែ​សំណួរ ទៅ​សួរ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជំនួស​វិញ​។

​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឲ្យដឹងថា ការបញ្ជូន​កម្លាំង​រាជ​អាវុធហត្ថ ឲ្យ​ចុះ​ទៅ​ដល់​ទីតាំង​ដី​មាន​ទំនាស់ និង​ទីតាំង​ចុះ​អនុវត្ត​ដីកា​តុលាការ​ជាដើម គឺ​ទាល់តែ​មាន​ការស្នើសុំ​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​មាន​ការអនុញ្ញាតិ​ពី លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មុន​ទើប​អាច​បញ្ជូន​កម្លាំង​ជា​ក្រោយ​។​

​លោក អេង ហ៊ី បន្តថា តួនាទី របស់​កម្លាំង​កងរាជអាវុធហត្ថ គឺជា​អ្នក​ប្រតិបត្តិ​ច្បាប់ ហើយ​មាន​ភារកិច្ច​ចុះ​ទប់ស្កាត់​នូវ​រាល់​អំពើហិង្សា​ផ្សេងៗ ដែល​អាច​នឹង​កើតមាន នៅតាម​ទីកន្លែង​នានា ឬ​នៅ​ពេល​មាន​ការស្នើសុំ​ពី​ភាគី​ពាក់ព័ន្ធ​ណាមួយ​។

​លោក អេង ហ៊ី ៖ « ខ្ញុំ​សូម​បញ្ជាក់​ពី​តួនាទី របស់​កង​រាជ​អ​វុ​ធ​ហត្ថ គឺ​កងរាជអាវុធហត្ថ​មាន​តួនាទី សំខាន់​គឺ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ហើយក៏​ជា​មន្ត្រី​ប្រត្តិបត្តិ​ច្បាប់ ហើយក៏​ជា​អ្នកផ្តល់​កម្លាំង​ជូន​ដល់​ស្ថាប័ន ក្រសួង ដែល​ត្រូវការ​ចាំបាច់ ហើយ​បាន​ស្នើសុំ គឺ​យើង​ប្រគល់​កម្លាំង​ជូន ដើម្បី​ចុះ​ទៅ​អនុវត្ត​ការងារ​អ្វីមួយ ឬ​អនុវត្ត​សាលក្រម​តុលាការ​ជាដើម​។ ហើយ​ការការពារ​នោះ គឺ​ក្នុង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​។ ដូចជា​ពាក់​ព័ន្ធ​បញ្ហាដីធ្លី បើសិនជា​ខាង​អយ្យកា គណៈបញ្ជាការ​ឯកភាព​ស្នើសុំ​មក​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ក៏​គាត់​មិន​អា​ចុះ​ទៅ​អនុវត្ត ឬ​ក៏​ធ្វើ​ដោយ​ឯកឯង​នោះដែរ គឺ​គាត់​ត្រូវ​ស្នើ​សុំ​ទៅ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ មាន​សច្ច​ប័ណ្ណ និង​មាន​ការអនុញាតិ​ទើប​គាត់​អនុវត្ត »​។

​ទោះជា​បែប​នេះ​ក្តី ចំពោះ​ករណី​កម្លាំងចម្រុះ​ចូលរួម​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល ទាក់ទិន​ករណី​ដីធ្លី នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ដែល​ឈាន​ដល់​កើតមាន​អំពើ​ហិង្សា​។ លោក អេង ហ៊ី ទទួល​ស្គាល់ថា មាន​មន្ត្រី​អាវុធហត្ថ​ចំនួន ៥​នាក់ ត្រូវ​ទទួលពិន័យ ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើ​ទំនាស់​ដីធ្លី​នៅ​ទីតាំង​ខាងលើ​។ ក្នុងនោះ មាន​មន្ត្រី​យោធិន​ម្នាក់ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស ព្រោះ​មាន​កំហុស​ធ្ងន់ធ្ងរ​។​

​លោក អេង ហ៊ី ទទួលស្គាល់ថា ក្នុង​ប្រតិបត្តិការ​ចូលរួម​អនុវត្ត​សាលដីកា​តុលាការ​កំពូល នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ មាន​កងកម្លាំង​អាវុធហត្ថ​សរុប​ចំនួន ១០០​នាក់ បាន​បញ្ជូន​ទៅ​ដល់​ទីតាំង​ដី​ជាក់ស្តែង និង​មាន​អាវុធ​វែង​១០​ដើម និង​អាវុធខ្លី​៦​ដើម​៕ ដោយ ៖ ដែន សីមា

   

spot_img
×