Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​ប្រធានរដ្ឋសភា​៖ រដ្ឋសភា និង​រាជរដ្ឋាភិបាល កសាង​ច្បាប់ និង​ធ្វើ​សកម្មភាព ដើម្បី​លើកកម្ពស់ សមភាព​យេនឌ័រ​

spot_img

​ភ្នំពេញ​៖ សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើង​ថា ការជួបជុំ​គ្នា​នៅ​ពេល​នេះ គឺជា​ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ និង​ប្រកបដោយ​អត្ថន័យ​ដើម្បី​រំលឹក​ឡើងវិញ នូវ​ស្នាដៃ​ដ៏​មហិមា​របស់​ស្ត្រី​នានា លើ​ពិភពលោក ក្នុងនោះ​ក៏​មាន​ស្ត្រី​កម្ពុជា​ផងដែរ ដែល​បាន​តស៊ូ​លះបង់​នូវ​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និង​អាយុជីវិត នៅ​ក្នុង​ការប្រយុទ្ធ​តស៊ូ ដើម្បី​បុព្វហេតុ​ស្ត្រី និង​ដើម្បី​បុព្វហេតុ​របស់​មនុស្សជាតិ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ប្រសាសន៍​បែបនេះ​ក្នុង​ជា​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ជា​ការអបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា​។​

នៅក្នុង​សុន្ទរកថា​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ស្ត្រី​ទាំងអស់ លោក ឡេង ប៉េងឡុង បាន​លើកឡើង​ថា “​តាមរយៈ​ការជួបជុំ​របស់​ស្ត្រី​នា​ឱកាស​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មាំ​ថា ប្រតិភូ​ស្ត្រី​កម្ពុជា ដែល​មាន​ចំនួន​ជាង​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​កម្ពុជា​ជាង ១៤​លាន​នាក់ នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់​បំផុត ដែល​មិន​អាច​ចៀសវាង​បាន និង​ជា​សក្តានុពល​យ៉ាង​ធំធេង ក្នុង​ការរក្សា​សន្តិភាព និង​ជំរុញ​កិច្ច​អភិវឌ្ឍ​នៃ​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង​”​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា “​ថ្ងៃ​៨​មីនា គឺជា​ទិវា​ដែល​ផ្តល់​កិត្តិយស ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើងទាំងអស់គ្នា ជាពិសេស​បុរសៗ ត្រូវតែ​បន្ត​ជំរុញ​និង​លើក តម្កើង​នូវ​តម្លៃ ឋានៈ តួនាទី និង​សិទ្ធិ​របស់​ស្ត្រី​កម្ពុជា យើង​ឲ្យ​កាន់តែ​មាន​ភាពប្រសើរ និង​ថ្លៃថ្លា​ថែម​ទៀត​”​។ ទិវា​អន្តរជាតិ​នារី នៅ​ឆ្នាំ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​។​

​ជាមួយ​ការគាំទ្រ​ដល់​ប្រធានបទ​ខាងលើ ថា​មាន​សារសំខាន់ ក្នុង​ការលើកកម្ពស់​ស្ថានភាព​ស្ត្រី​កម្ពុជា ដែល​ជា​ម្តាយ ជា​អ្នកដឹកនាំ​គ្រួសារ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គម ឱ្យ​ប្រកប ដោយ​គុណសម្បត្តិ​ដ៏​ថ្លៃថ្លា ជោគជ័យ​គ្រប់​កិច្ចការ​ក្នុង​នាម​ជា​ពលរដ្ឋ​ដ៏​ល្អ​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដែល​បាន​ចាប់ផ្តើម​អនុវត្ត​មុនគេ ចំពោះ​ស្ត្រី​ដែល​ជា​កម្មការិនី​មាន​ផ្ទៃពោះ​។ ជា​ពិសេស​ទៀត​នោះ​គឺ​ក្នុង​ពេល​សម្រាលកូន​សាមីខ្លួន​បាន​ឈប់សម្រាក រយៈពេល ៣​ខែ និង​ទទួលបាន​ប្រាក់ខែ​១២០​ភាគរយ ទៀតផង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​គូសបញ្ជាក់ថា ទាក់ទង​នឹង​វិស័យ​អប់រំ​វិញ រាជរដ្ឋាភិបាល បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ស្ត្រី​បាន​បន្ត​ការសិក្សា​ឱ្យបាន​ច្រើន ដើម្បី​ឱ្យ​ធនធានមនុស្ស របស់​យើង​ជា​ស្ត្រីភេទ កាន់តែ​សំបូរបែប​ថែម​ទៀត​។ ជាក់ស្តែង​ក្នុង​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ សិស្ស​ស្រី​បាន​ប្រឡង​ជាប់ ៦៩,៣៨​ភាគរយ កើន​ជាង​ឆ្នាំ​២០១៧​។​ឆ្នាំ​២០១៧ ដែល​មាន​សិស្សស្រី​ជាប់​តែ​៦៥,៩២​ភាគរយ​។ ដោយឡែក​ចំនួន​និស្សិត​ស្រី បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិញ ក៏​មាន​ចំនួន​កើន​ឡើង​ដែរ​។ ឆ្នាំ​២០១៧​មាន​ចំនួន​៤៦,៦៧​ភាគរយ ចំណែក​នៅ​ឆ្នាំ​២០១៨ មាន​ចំនួន ៤៩,២៤​ភាគរយ​។​

​សម្តេច​ប្រធានរដ្ឋសភា មានប្រសាសន៍ថា កន្លង​មក​រដ្ឋសភា បាន​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ក្រសួង​អប់រំ​ឆ្នាំ​២០១៩ មាន​កំណើន ៩​ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨​។ ក្នុងចំណោម​ថវិកា​ទាំងនោះ ថវិកា​មួយចំនួន​ត្រូវ​យក​មក​កសាង​អាគារ​ស្នាក់នៅ​របស់​សិស្ស ដែល​មាន​សម្រាប់​សិស្ស​និស្សិត​ស្រី និង​គ្រូ​បង្រៀន​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្សស្រី មាន​ឱកាស​បាន​បន្ត​ការសិក្សា​ឱ្យបាន​ច្រើន​។​

​សម្តេច​ប្រធាន បាន​លើកឡើង​ថា រដ្ឋសភា​បាន​ខិតខំ​លើកកម្ពស់​សមភាព​យេនឌ័រ​។ ជាក់ស្តែង រដ្ឋសភា​មាន​សមាជិក និង​ថ្នាក់ដឹកនាំ​កំពូល​ជា​ស្ត្រី​ផង​ដែរ គឺ​លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​។ រដ្ឋសភា​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​បុព្វហេតុ​របស់​ស្ត្រី តាមរយៈ​ការងារ​នីតិកម្ម ដែល​ជា​ការងារ​ស្នូល​របស់​ស្ថាប័ន ដើម្បី​បង្កើត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា សំដៅ​ការពារ និង​លើកកម្ពស់​សិទ្ធិ របស់​ស្ត្រី​និង​ក្មេង​ស្រី ក្នុង​គ្រប់​វិស័យ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​កិច្ចការនារី បន្ត និង​ជំរុញ​ការអនុវត្ត គោលនយោបាយ​ជាតិ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឧត្តមប្រយោជន៍​របស់​ស្ត្រី និង​ក្មេង​ស្រី ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​លោកស្រី អ៊ឹង កន្ថាផាវី បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា និង​អ្នកចូលរួម​ថា ក្រសួង​កិច្ចការនារី បានជ្រើសរើស​ប្រធានបទ​សម្រាប់​អបអរ​ទិវា​អន្តរជាតិ​នារី​នៅ​ឆ្នាំ​នេះ “​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​” គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្រប​ជាមួយនឹង​វឌ្ឍនភាព និង​កាលានុវត្តភាព​ថ្មីៗ នាពេល​បច្ចុប្បន្ន​របស់​កម្ពុជា​។ លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ថា ប្រធានបទ​ខាងលើ ក៏​ស៊ីចង្វាក់​ជាមួយ នឹង​ប្រធានបទ​អាទិភាព របស់​សន្និបាត​នៃ​គណៈកម្មការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​លើក​ទី​៦៣ ឆ្នាំ​២០១៩ នៃ​អង្គការ​សហប្រជាជាតិ ស្តីពី “​ប្រព័ន្ធ​គាំពារ​សង្គម​ការទទួល​បាន​សេវាសាធារណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​”​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើង​ពី​វឌ្ឍនភាព​នានារ​​បស់​ស្ត្រី​នៅក្នុង​សង្គម​កម្ពុជា ដែល​មាន​ដូច​ជា​ស្ត្រី​បាន​ទទួល​បាន​តួនាទី​កាន់តែ​ច្រើន​នៅ​ក្នុង​ឋានៈ​ជា​អ្នកសម្រេចចិត្ត នៅ​លើ​វិស័យ​សាធារណៈ និង​នយោបាយ នៅក្នុង​នោះ មាន​ចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៧ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​កើនឡើង ជា​លំដាប់​ពី ៣៤​ភាគរយ ទៅ​៤១​ភាគរយ​។ រាជរដ្ឋាភិបាល បានតែងតាំង​ស្ត្រី​ជា​អភិបាលរង​ខេត្ត នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​២៦​រូប អភិបាលក្រុង ស្រុក ខណ្ឌ ជា​ស្ត្រី​៦​រូប ស្ត្រី​ជា​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ​១៨៦​រូប​។ ក្នុង​ឆ្នាំ​២០១៨ ស្ត្រី​ជា​ឯកអគ្គរាជទូត មាន​ចំនួន​០៤​រូប និង​មន្ត្រី​ការទូត​ជា​ស្ត្រី ដែល​កំពុង​ប្រចាំការ​នៅ​បរទេស​មាន​ចំនួន​៤៩​រូប​។​

​លោកស្រី​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​សម្រេចបាន​នូវ​គោលដៅ អភិវឌ្ឍ​សហស្សវត្សរ៍ មុន​ឆ្នាំ​កំណត់ លើ​សុខភាព​មាតា​និង​ទារក​។ អំពើហិង្សា​និង​ការរំលោភ​នានា លើ​ស្ត្រី​ក៏​បាន​ថយចុះ​គួរឲ្យ​កត់សម្គាល់​ផងដែរ​៕ ដោយ ​៖​ កូឡាប​

 

spot_img
×