Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុប​អាជ្ញាប័ណ្ណ​ទេសចរណ៍ ប្រកប​អាជីវកម្ម​ខារ៉ាអូខេ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដោយសារ​លោក​គិត ធាង អនុវត្តន៍​ផ្ទុយ​កិច្ចសន្យា​

spot_img

​ភ្នំពេញ ​៖ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីសម្រេច​លុប​អាជ្ញាប័ណ្ណ​ទេសចរណ៍​ប្រកប​អាជីវកម្ម​ខារ៉ាអូខេ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក របស់​លោក​គិត ធាង ដោយសារតែ​លោក​គិត ធាង បាន​អនុវត្តន៍ ផ្ទុយ​ពី​កិច្ចសន្យា​របស់​ខ្លួន​។​

​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ បាន​ជម្រាប​លោក​គិត​ធាង ម្ចាស់​អាជីវកម្ម​រ៉ុក អ៊ិន​ធើ​ធេន​មេន សិន​ធើ ស្តីពី​ការ​លុប​អាជ្ញាប័ណ្ណ​លេខ ០៥៨/១៨ អ​.​ទ​.​ច ចុះ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាដ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​ហួត ហៃ បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​អាជ្ញាប័ណ្ណ​លេខ ០៥៨/១៨ អ​.​ទ​.​ច ចុះ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាដ​២០១៨ ស្តី​ពី​ការប្រកប​អាជីវកម្ម​ខារ៉ាអូខេ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក អ៊ិន​ធើ​ធេន​មេន សិន​ធើ ដោយ​លោក​គិត ធាង បាន​ធ្វើ​ការអះអាង​ថា មិនឥ្យ​មាន​ការប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​អាជីវកម្ម របស់​ខ្លួន​ឡើយ​។ ក្រោយមកទៀត នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​បាន​សន្យាថា មិន​អនុញ្ញាត​ឲ្យមាន​ការជួ​ញ​ដូរ ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​នៅក្នុង​ទីតាំង​អាជីវកម្ម ក្នុង​ករណី​មិន​បាន​អនុវត្ត​ទៅតាម​ខ្លឹមសារ​នៃ​កិច្ចសន្យា លោក​សុខចិត្ត​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ បិទ​អាជីវកម្ម​ទាំងស្រុង និង​ទទួលខុសត្រូវ​តាមច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ព្រម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​លោក​ហួត ហៃ បាន​បន្ថែមថា ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ វេលា​ម៉ោង ២​និង​៤៥​នាទី​ទៀបភ្លឺ កងកម្លាំង​មាន​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក បាន​រកឃើញ​វត្ថុតាង​ជា​គ្រឿងញៀន ចំនួន​៤៨,៨១០​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣១១​នាក់ ស្រី​៥៦​នាក់​។ ករណីនេះ បញ្ជាក់ថា លោក​បាន​អនុវត្តន៍​ផ្ទុយ​ពី​កិច្ចសន្យា​របស់​ខ្លួន ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំ​ពែ​ញ សម្រេច​លុប​អាជ្ញាប័ណ្ណ​លេខ ០៥៨/១៨ អ​.​ទ​.​ច ចុះ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាដ​២០១៨ វិញ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ១ និង ៣០ នាទី រំលង​អធ្រាត្រ ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះ​រាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​អន្តរាគមន៍​ពិសេស ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់សែ្តង​ទីតាំង​មជ្ឈមណ្ឌល​កំសា​ន្ត​រ៉ុក ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ប្រើប្រាស់ សំរួល និង ចាត់ចែង ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​នៅ​ពេល​ចុះ​ទៅ​ដល់​ទីតាំង​ខាង​លើ​កម្លាំង​ប្រតិបត្តិការ​ចម្រុះ​យើង​បាន​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ខាងលើ ចំនួន ១៥ បន្ទប់ រកឃើញ ឃាត់ខ្លួន​មនុស្ស​ចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់​) និង​ចាប់​យក​បាន វត្ថុតាង ពាក់​ពន្ធ័​បទល្មើស​មួយចំនួន បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ ។​

​បច្ចុប្បន្ន​ជនជាតិ ចិន ចំនួន ១៣ នាក់ ការិយាល័យ បាន​បញ្ជូន​ទៅ ការិយាល័យ​ស៊ើបអង្កេត អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ន​គេ​បាល​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត ។​

​ចំពោះ​មនុស្ស ចំនួន ២៨១ នាក់ ដោយ​មាន​ការឯកភាព​ពី​លោក អគ្គស្នងកា​រង និង​ជា​ស្នងការ និង លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​បាន​អប់រំ ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយ​មាន​អាណា​ព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត ។​

​ចំណែក​ជនសង្ស័យ​ចំនួន ១៧ នាក់ និង​វត្ថុតាង ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ហើយ​ត្រូវបាន​តុលាការ​ចេញ​ដី​ការឃុំខ្លួន​បណ្តោះអាសន្ន​៕ ដោយ ​៖ ​កូឡាប​

    

spot_img
×