Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​សិង្ហ​បុរី បន្ត​សហការ​ទប់ស្កាត់រាល់​បទល្មើស ការប្រឆាំង​ភេរវកម្ម ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​ឆ្លងដែន​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្តែង​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​កិច្ច​សហ​ប្រ​បិ​ត្តិ​ការ​ទ្វេភាគី​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សិង្ហ​បុរី លើ​កិច្ចសហការ​ទប់ស្កាត់​ប​ទ​ឧក្រិដ្ឋ​ឆ្លងដែន និង​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​រួមគ្នា ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ លោក Hoong Wee Teck អគ្គស្នងការ​នគរបាល​សឹង្ហ​បុរី ដើម្បី​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ចន្ទ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា វា​ជា​ការល្អ​បំផុត​ដែល​ភាគី​កម្ពុជា និង​សិង្ហ​បុរី បន្ត​សហការគ្នា​ក្នុងការ​ទប់ស្កាត់ រាល់​បទល្មើស​ឧក្រិដ្ឋ​ផ្សេង​ដូចជា ការប្រឆាំង​ភេរវកម្ម ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​ឆ្លងដែនៗ​ទៀត​។​

​សម្តេច​ក្រឡាហោម បាន​បន្ថែមថា កម្ពុជា​ពិតជា​អរគុណ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហ​បុរី ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ ជាពិសេស​នគរបាល​សិង្ហ​បុរី បាន​ជួយផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន​ដល់​នគរបាល​កម្ពុជា​។​

​យ៉ាងណាក៏ដោយ សម្តេច​ក្រឡាហោម បាន​រំពឹងថា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​នគរបាល​នៃ​ប្រទេស​ទាំងពីរ នឹង​កាន់តែ​ល្អប្រសើ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​រួម​សហការគ្នា​ទប់ស្កាត់​រា​ល់​បទល្មើស​ផ្សេងៗ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​រួម​នៃ​ប្រជាជន និង​ប្រទេស​ទាំងពីរ ក៏ដូចជា​ផលប្រយោជន៍​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក​។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ លោក HOONG WEE TECH បាន​លើកឡើងថា ប្រទេស​កម្ពុជា និង​សឹង្ហ​បុរី គឺជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ហើយ​សិង្ហ​បុរី​រីករាយ​ជានិច្ច ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ហើយ​សិង្ហ​បុរី នឹង​បន្ត​ជួយ​បើក​វគ្គ​បណ្តុះបណ្តាល នូវ​ជំនាញ​ផ្សេងៗ​ទៀត ដល់​កម្ពុជា​គ្រប់ពេលវេលា ជាពិសេស​ជំនាញ​ផ្នែក​នគរបាល​តែម្តង​ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×