Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់​ដល់​ស្ត្រី​ដែល​ធ្វើការ​នៅតាម​ផ្ទះ​

spot_img

​ភ្នំពេញ​ ៖ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់​ដល់​ស្ត្រី​ដែល​ធ្វើការ​នៅតាម​ផ្ទះ ត្រូវ​គិតគូរ​ពី​ការ​លើក​ទឹកចិត្ត និង​ផ្តល់​ថ្ងៃ​ឈប់សំរាក​ខ្លះ​សំរាប់​ពួកគាត់​ផង ជាពិសេស​មិន​ត្រូវ​ប្រើប្រាស់​អំពើហឹង្សា សកម្មភាព​មិន​សម​រម្យណា​មួយ​នោះ​ទេ។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​មាឃ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព និង​គេចផុត​ពី​ទង្វើ​ជិះជាន់​នានា​។ សម្រាប់​នៅ​កម្ពុជា​មិនថាតែ​សិទ្ធិនារី ឬ​បុរស​នោះឡើយ គឺ​ត្រូវបាន​បាត់បង់​អស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ស្ត្រី​ផង​បាន​កើតមាន​ជា​ថ្មី​ក្រោយ​របប​ដ៏​យង់ឃ្នង​របស់ ប៉ុល ពត ត្រូវ​បាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។ ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូតដល់​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​ជា​និច្ច​ក្នុង​ការលើកកម្ពស់​ស្ត្រី រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩ នាពេលនេះ​។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​រី ហ៊ុន​សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​ថ្វាយព្រះពរ​ជ័យ​សេរី​មង្គល សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរ​មនា នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទី​គោង​រព​ដ៏​ខ្ពង់ខ្ពស់​ជា​ទីបំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះទ័យ​ទុក្ខ​ដាក់​អំពី​សុខទុក្ខ និង​ជីវភាព​របស់​កូនចៅ​របស់​ព្រះអង្គ ពិសេស​ការលើកកម្ពស់​សមភាព យែន​ឌ័​ររបស់​ស្ត្រី និង​ក្មេង​ស្រី​កម្ពុជា​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី សូម​បួងសួង​ដល់​ទេវតា​រក្សា​ព្រះ​ស្វេត​ឆ័ត្រ​ដែល​ជា​បារមី​នៃ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រម​ទាំង​វត្ថុ​សាក​សិទ្ធិ​ដែល​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ថែរក្សា​ព្រះអង្គ​ទាំង​ទ្វេ​ទទួលបាន​នូវ​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​បញ្ញាញាណ​ភ្លឺ​ថ្លា​ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ​គ្រប់រូប​ទូទាំង​ប្រទេស​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន កោតសរសើរ​ក្រសួង​កិច្ចការនារី ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដែគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ​ទាំងអស់​ដែល​បាន​រួមចំណែក​គាំទ្រ​ការ​លើ​កម្ពស់​ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ​តួនាទី សុខមាលភាព ស្ត្រី និង​កុមារ និង​ការផ្តល់​សេវាកម្ម​ជួយ​ជនរងគ្រោះ​ដោយ​អំពើហឹង្សា​ប្រកដោយ​គុណភាព និង​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​បាន​ផ្តល់​ភាពយុត្តិធម៌​និង ជំនឿ​ទុកចិត្ត គាំទ្រ​សម្តេច​តេជោ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ដឹកនាំ​ប្រទេសជាតិ​ត​ទៅ​មុខ​ទៀត ដើម្បី​ធ្វើ​ការអភិវឌ្ឍឲ្យ​កាន់តែ​រីកចម្រើន និង​រក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​ជា​រៀងរហូត​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ គឺជា​កម្លាំងចលករ​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ​ដែលជា​កិច្ចការ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។​

​ដើម្បី​លើកស្ទួយ​នូវ​តួនាទី​ស្ត្រី​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ក្នុង​កិច្ច​គាំពារ​សង្គម​ឲ្យមាន​ប្រសិទ្ធភាព​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជនរួមជាតិ​ទាំងអស់​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៥​ដូចខាងក្រោម ​៖

១.ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​តា​មរយៈ​ការផ្តល់​អាទិភាព​ចំពោះ​ការបង្កើន​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​នៅ​តាម​វិស័យ​ផ្សេងៗ និង​គ្រប់​កម្រិត ព្រមទាំង តាមដាន​សមត្ថភាព​ដែល​មាន​ជំនាញ​ហើយ ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ឱកាស​បំពេញ​ការងារ​តាម​តួនាទី​របស់​ពួកគាត់​។​

២.​ត្រូវ​រួម​គ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ពន្លឿន​ដំណើរការ​កាត់ក្តី​ស្រី្ត​ដែល​ជាប់ទោស​ឱ្យទាន់​ពេលវេលា ហើយ​ត្រូវ​សហការ​គ្នា​បង្កើត​ឲ្យមាន​មូលដ្ឋាន​ស្ថិតិ​រួម​មក​ជា​ផ្លូវការ​មួ​យ​ដែល​អាច​តាមដាន​ស្ថានភាព​ពួកគាត់​បាន គឺ​ត្រូវ​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​ជម្លោះ​ផ្សេងៗ​។​

៣.​ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​ធ្វើ​ការណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ឱ្យ​អនុវត្ត​វិន័យ ផ្ដល់​ឱកាស​ដល់​ក្មេង​ស្រី​នៅ​គ្រប់​កំរិត ដើម្បី​បាន​សិក្សា​មុខវិជ្ជា​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា​ជាដើម​។​

៤.ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​វប្បធម៌ ត្រូវ​គ្រប់គ្រង​ការប្រើប្រាស់​ប្រព័ន្ធ Internet នៅ​ទូទាំង​ប្រទេស​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា ការ​កេងប្រវ័ញ្ញ​លើ​ស្ត្រី និង​ក្មេង​ស្រី​តាម​ប្រព័ន្ធ Internet និង​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​ដែល​ធ្វើឲ្យ​បាត់​សណ្ដាប់ធ្នាប់​សង្គម​។​

៥.​ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​យើង​តាមរយៈ​ការបង្កើត​កម្មវិធី​អប់រំ ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​ស្ត្រី​ខ្មែរ ជា​ពិសេស​តាមរយៈ​ការ​ស្លៀកពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ និង​មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ ក្រៅ​ពី​ចំនុច​ដែល​ជា​អនុសាសន៍ ៥​ចំនុច ខាងលើ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​អំពាវនាវ​នូវ​ចំនុច​សំខាន់​ចំនួន​៦​ផ្សេងទៀត​ដើម្បី​ចូលរួម​ជួយ​ដល់​ស្ត្រី និង​ក្មេង​ស្រី​កម្ពុជា មានដូចជា ​៖

១)​អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់​ទាំងអស់​គ្នា​នៃ​ការអនុវត្ត​នយោបាយ​គាំពារ​សង្គម ជាពិសេស​ ​ស្ត្រី​មាន​ផ្ទៃពោះ ទាំង​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ ស្រី្ត​បម្រើ​មុខងារ​តាម​ក្រសួង​ស្ថាប័ន ដើម្បី​ឲ្យ​ពួក​គាត់​ទទួលបា​ននូ​វរ​បប​ឧបត្ថម្ភ និង​ការឈប់​សម្រាក​តាមច្បាប់​ដែល​បាន​កំណត់​។​

២)​សូម​ឲ្យ​បណ្តា​ក្រុមហ៊ុន សហគ្រាស រោងចក្រ​ទាំងឡាយណា ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ស្រី្ត​ដែល​បំរើ​ការងារ​នៅ​ស្ថាប័ន​របស់​ខ្លួន ត្រូវ​ប្រញាប់​មក​ចុះបញ្ជី​នៅ​ក្រសួង​ការងារ ដើម្បី​អោយ​ស្ត្រី​ដែល​បម្រើ​ការងារ​នោះ ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​

៣)​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ជំរុញ​អោយ​មាន​តួនាទី​ស្ត្រី​ក្នុង​ស្ថាប័ន​នានា​ជា​បន្ត​ទៀត​។ ទន្ទឹមនឹងនេះ សម្ដេច​តេជោ​ចង់ឲ្យ​មាន​ការរៀបចំ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​គណៈ​អភិបាលខេត្ត អភិបាលស្រុក ខណ្ឌ ឬ​តាម​ស្ថាប័ន​អោយមាន​ជា​ឋានៈ​អគ្គនាយក អគ្គនាយករង​ជាដើម​។​

៤)​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យមាន​ការពង្រី​កក្រប​ខ័ណ្ឌ​ស្ត្រី​ដែល​ចូល​រៀន​កំរិត​ថ្នាក់ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ បាន​ជំរុញ​ឲ្យ​ស្ត្រី​គួរតែ​បន្ត​ការសិក្សា​ថ្នាក់ឧត្តមសិក្សា​ឲ្យបាន​ច្រើន​ជា​ពិសេស បុរស​ដែល​ជា​ប្តី សូម​ឲ្យ​ភរិយា​របស់​ខ្លួន​បន្ត​ការសិក្សា​ថ្នាក់ឧត្តមសិក្សា ដែល​អោយ​ពួក​គាត់​ទទួលបាន​ចំណេះដឹង​កាន់តែ​ប្រសើរឡើង​។​

៥)​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់​ដល់​ស្ត្រី​ដែល​ធ្វើការ​នៅតាម​ផ្ទះ ត្រូវ​គិតគូរ​ពី​ការ​លើក​ទឹក​ចិត្ត និង​ផ្តល់​ថ្ងៃ​ឈប់សំរាក​ខ្លះ​សំរាប់​ពួកគាត់​ផង ជាពិសេស​មិន​ត្រូវ​ប្រើប្រាស់​អំពើហឹង្សា សកម្មភាព​មិន​សម​រម្យណា​មួយ​នោះ​ទេ​។​

៦) រឿងរ៉ាវ​ទាក់ទង​ទៅនឹង​ការបង្កើត​ក្រុម​មេធាវី​ការពារ​ស្ត្រី​ក្រីក្រ​ដែល សម្តេច​តេជោ បានរៀបចំ ដែល​ពេល​នេះ​ត្រូវ​ប្រើប្រាស់​មនុស្ស​ប្រមាណ​ជាង​៦០​នាក់ ដើម្បី​ដំណើរការ​ការពារ​ដល់​ស្ត្រី​ដែល​ក្រីក្រ ដែល​ត្រូវការ​មេធាវី​ក្នុង​រឿងក្តី​ផ្សេងៗ​នោះ ។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ជំហាន​ដំបូង​ត្រូវ​ធ្វើ​ការដោះស្រាយ​ស្ត្រី​ជា​ពិរុទ្ធជន​ដែល​មិន​ទាន់​បាន​កាត់ក្តី ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​គាត់​ទទួលបាន​មេធាវី​ក្នុង​ការកាត់ក្តី សម្រាល​ទោស​និង​លើកលែង​ទោស​បើសិនជា​មើលឃើញ​ថា​ស្ថានភាព​ជាក់ស្តែង​យ៉ាងណា​នោះ​។ សូមឲ្យ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការនារី សហការ​ជាមួយ​ពន្ធ​ធនាគារ​ដើម្បី​ពន្លឿន​ការដោះស្រាយ​រឿងនេះ​ឲ្យបាន​ឆាប់រហ័ស​ជាទីបំផុត ។​

ក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ជូនពរ បងប្អូន​ជនរួមជាតិ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ច្រើន​ព្រមទាំង​ពុទ្ធពរ ទាំង ៥​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជូន​បាច់ផ្កា​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំនេះ​។ បន្ទាប់មក រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​អញ្ជើញ​ជូន​បាច់ផ្កា​ដល់ សម្តេច​តេជោ និង សម្តេច​កិត្តិ ព្រមទាំង​បាន​ថត​អនុស្សាវរីយ៍ ក្នុង​ភាព​ស្និត​ស្នាល ក្នុងឱកាស​អបអរសាទ​រ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩៕ ដោយ ៖ កូឡាប

      

spot_img
×