Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ឡាវ នឹង​បើក​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែមទៀត​

spot_img

ភ្នំពេញ ៖ កម្ពុជា​-​ឡាវ នឹង​បើក​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ ខណៈ​បច្ចុប្បន្ន​កម្ពុជា​-​ឡាវ មាន​ច្រក​អន្ដរជាតិ​រួមគ្នា​តែប៉ុណ្ណោះ គឺ​ច្រក​ត្រពាំង​គ្រៀល​-​ណង​ណុង​ឃៀន ដែល​ស្ថិត​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​។​

​លោក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្ដីពី​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៩ ក្រោម​អធិតីភាព​ដ៏​ខ្ពង់ស្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក Vilay Lakhamephong រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ ថា ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ថ្មី ដែល​ភាគី​កម្ពុជា​-​ឡាវ កំពុង​សិក្សា​រួមគ្នា​ដើម្បី​បើក​នេះ អាច​នៅ​ខេត្ត​រតនគិរី ឬ​នៅ​ខេត្ត​ស្ទឹងត្រែង ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។​

​លិក ផាត សុ​ផានិត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ភាគី​ទាំងពីរ​បាន​ឯកភាព​ដើម្បី​ធ្វើយ៉ាងណា​ពិនិត្យ​លទ្ធភាព ដើម្បី​ពង្រីក​ការបើក​ច្រកទ្វារ​ព្រំដែន​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការ​ផ្ដាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន សម្រួល​ដល់​ការធ្វើដំណើរ ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ដែល​នេះ​ជា​ទិសដៅ​សំខាន់ លើ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​ព្រមព្រៀង​គ្នា​»​។​

​មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ រូប​នេះ​ក៏​បាន​អះអាង​ទៀតថា ក្រៅពី​ឯកភាពគ្នា​រឿង​ការបើក​ច្រកទ្វារ​ព្រំដែន​ហើយ​នោះ កម្ពុជា​-​ឡាវ ក៏​បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​រួម​គ្នា​ផងដែរ លើ​ការបង្ការ បង្ក្រាប និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ដោយ​ភាគី​ទាំង​ពីរ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា មិន​ឲ្យ​បញ្ហា​គ្រឿងញៀន​មក​គ្រប់​ដណ្ដប់​លើ​ប្រជាជន​នោះឡើយ​។​

​លោក ផាត សុ​ផានិត បាន​គូសបញ្ជាក់​បន្ថែមថា កម្ពុជា​-​ឡាវ នៅតែ​បន្ដ​សន្យា​ជាមួយគ្នា ខិតខំ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែល​កើតឡើង​នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយ ក្នុងន័យ​រក្សា​សុវត្ថិភាព​ជូន​ជាតិ និង​ប្រជាជន​ផងដែរ​។​

​លើសពីនេះ អាជ្ញាធរ​នៅ​តាម​បន្ទាត់​ព្រំដែន ក៏​នៅតែ​បន្ដ​រក្សា​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ផ្លាស់ប្ដូរ​គណៈប្រតិភូ ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ ពិសេស​អនុវត្ត​ទៅ​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា នៅ​ក្នុង​កំណត់​ហេតុ​ដែល​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​នេះ​៕ ​ដោយ​ ៖ កូឡាប​

     

spot_img
×