Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ពុំ​ទាន់​រកឃើញ​មាន​ឆ្លង​លើ​មនុស្ស​

spot_img

​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បាន​ផ្សព្វផ្សាយ​ថា ថ្មីៗ​នេះ​មាន​ការផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់ គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​ស្រុក​ស្ទោង ខេត្ត​កំពុងធំ ករណី​ផ្ទុះ​ទាំងពីរ​នេះ ពុំ​ទាន់​រកឃើញ​មាន​ឆ្លង​លើ​មនុស្ស​ឡើយ​ទេ តែ​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏​បាន​ប្រកាស​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការចម្លង​ជំងឺ​នេះ ជាពិសេស ក្នុង​ពិធីបុណ្យ​ផ្សេង អាកាសធាតុ​ចុះ​ត្រជាក់ ដែល​នឹង​ឈាន​មកដល់​ក្នុង​ពេល​ឆាប់ៗ​នេះ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ជានិច្ច អំពី​ការចម្លង​ជំងឺផ្តាសាយបក្សី ។ សំខាន់​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឫ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុងការ បោច​រោម និង ចំអិន​ជាប់​ជានិច្ច ។​

​សូម​រំលឹក​ថា ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុង​ប្រទេស​យើង​ធ្លាប់​កើតមាន​ជំងឺ​ផ្តាសាយ​បក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី​ដែល​ក្នុង នោះ ៣៧ ករណី​បាន​ស្លាប់ ។ ដោយឡែក​គ្រាន់តែ​ឆ្នាំ ២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់ ។ បុគ្គល​ដែល​មាន​រោគសញ្ញា​គ្រុនក្តៅ លើសពី ៣៨,៥ អង្សារ​សេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុន​ចេញ​រោគសញ្ញា ចាត់ទុកថា​ជា​ករណី​សង្ស័យ ត្រូវ​បញ្ចូន​អ្នកជំងឺ ទៅ​មណ្ឌល់​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល យើង​មាន​ឱសថ​សំរាប់​ព្យាបាល​ជំងឺ​នេះ ។​

​ក្រសួង​សុខាភិបាល អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ការពារ​ការចម្លង​ជំងឺ​ផ្តាសាយ​បក្សី ។ ដោយសារ​អាកាសធាតុ​ត្រជាក់ និង​ការយកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ក្រើនរំលឹក​និង​អំពាវនាវ​សាជាថ្មី សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​សត្វ​បក្សី​កើត​ជំងឺផ្តាសាយបក្សី H5N1 នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម សូម​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់ ដូចជា ផ្តាសាយ ក្អក​កណ្តាស រលាក​ច្រមុះ បំពង់ក និង​ទងសួត ជាដើម​។

ជា​ពិសេស​ត្រូវ​ចេះ​ការពារ​កុំឲ្យ​មាន​ការចម្លង​វីរុស​ផ្តាសាយ​បក្សី​H5N1​ដោយ​ក្នុង​ពេល​ថ្មីៗ​នេះ មាន​ករណី​ជំងឺផ្តាសាយបក្សី H5N1 ផ្ទុះ​ឡើង​ជា​ថ្មី​លើ​សត្វ​បក្សី នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម (​ពុំ​ទាន់​រកឃើញ​មាន​ឆ្លង​មក​មនុស្ស​នៅឡើយ​) ហើយ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​មាម កំពុង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត រីឯ​វិធានការ​សាមញ្ញ​ដើម្បី​ការពារ​ជំងឺ​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់ និង​ការការពារ​ចម្លង​ជំងឺផ្តាសាយបក្សី​H5N1 ដែល​ត្រូវ​រួម​គ្នា​អនុវត្ត​៖ ត្រូវ​ពាក់​សម្លៀកបំពាក់​ក្រាស់​ជិត​ខ្លួនប្រាណ ត្រូវ​ពាក់​ម៉ាស់ នៅពេល​ក្អក កណ្តា​ស់ និង​ប្រើ​កន្សែង​ស្អាត ប្រសិនបើ​មាន​ហូរ​សំបោរ ហើយ​មិន​ត្រូវ​បោះចោល​ពាស​វាល​ពាស​កាល​ដែល​អាច​ចម្លង​ទៅ​អ្នកដទៃ ត្រូវ​លាង​សំអាត​ដៃ​និង​សាប៊ូ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ក្នុង​ការចាប់​កាន់​សត្វ​បក្សី​យកមក​ធ្វើ​ម្ហូបអាហារ ឬ​ប៉ះពាល់​សត្វ​បក្សី សំខាន់​បំផុត​សូមកុំ​យក​សត្វ​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ​ឬ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ចំណីអាហារ មាន​អនាម័យ​ល្អ​ក្នុង​ការ​បោច​រោមសត្វ​បក្សី និង​ត្រូវ​ចំអិន​អាហារ​ឲ្យបាន​ឆ្អិន​ល្អជាប់​ជានិច្ច​៕ ដោយ ៖ កូឡាប​

spot_img
×