Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន :​ការជួបជុំ​សិល្បករ​មកពី គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រទេសជាតិ​

spot_img

​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទិវា​វប្បធម៌​ជាតិ ៣ មីនា និង​ការជួបជុំ​សិល្បករ​មកពី គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រទេសជាតិ​យើង ដើម្បី​ពិនិត្យ​តាមដាន អំពី​វឌ្ឍនភាព​នៃ​វិស័យ​វប្បធម៌​ដែល​កំពុងមាន​ការរីក​ចម្រើន​គួរឱ្យកត់សម្គាល់​។

​នៅ​រសៀល​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ថ្ងៃនេះ​គឺមាន​ការជួបជុំ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមទាំង​សិល្បករ សិល្បការិនី ដែលមាន​ចំនួន​ប្រមាណ ៤​ពាន់​នាក់ ។

​មុននឹង​ថ្លែង​សុន្ទរកថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ឲ្យ​បងប្អូន​ជនរួមជាតិ​ក្រោកឈរ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ លោកតា​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន និង​លោកតា ផ្លុ​ង មឿ​ក ដែល​បានទទួល​មរណភាព​កាលពីពេល​ថ្មីៗ​កន្លងទៅ ដែល សម្តេច​តេ​ជោ បាន​ចាត់ទុកថា​ជាការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​នៃ​វិស័យ​សិល្បៈ​វប្បធម៌​របស់​ប្រទេសជាតិ​។

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​មតិ​ណែនាំ និង​អនុសាសន៍​ចំនួន​៧​ចំនុច សំខាន់ៗ​ដូចខាងក្រោម ៖

១)​ត្រូវ​រួមគ្នា​រៀបចំ​ឱ្យមាន ទិវា​វប្បធម៌​ជាតិ ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្កើន​ការយល់ដឹង និង​ស្រឡាញ់​វប្បធម៌​ជាតិ ការបណ្តុះ​មនសិការ ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​ផ្ទេរ និង​ទទួលយក​ចំណេះដឹង ជំនាញ​បច្ចេកទេស​សិល្បៈ វប្បធម៌ សំដៅ​លើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ ក៏ដូចជា​ពហុវប្បធម៌​នៅ​កម្ពុជា ដែលជា​មូលដ្ឋានគ្រឹះ​នៃ សុខដុម​នីយកម្ម​រប​ស់​សង្គមជាតិ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ។​

២)​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​រៀបចំ​សកម្មភាព និង​រំលេច​នូវ​ខ្លឹមសារ ប្លែកៗ ប្រកបដោយ​អត្ថន័យ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ តាមរយៈ​ការបង្កើត​សេវាកម្ម និង​ផលិតផល​វប្បធម៌​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម​និង​ទេសចរណ៍ ។​

៣)​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​សហការ​អោយបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ផ្តល់​ចំណេះដឹង​ស្តីពី​សិល្បៈ​វប្បធម៌​ក្នុង​ស្រទាប់​យុវជន​ដែលជា​កម្លាំង​សកម្ម​របស់​សង្គម និង​ជា​អ្នក​បន្តវេន ដើម្បី​ចងក្រង​រក្សាទុក​នូវ​រាល់​ឯកសារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​គ្រប់​ប្រភេទ ទាំង​រូបី និង​អរូបី ដើម្បី​អភិរក្ស អភិវឌ្ឍ និង​លើកស្ទួយ​ពហុវប្បធម៌​ក្នុងសង្គម​កម្ពុជា​។ ត្រូវ​សហការ​ជាមួយ​អង្គការ​មហាជន សមាគម​សិល្បៈ​នានា រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ឱ្យបាន​ច្រើន ដោយមាន​ការចូលរួម​ពី​ព្រឹទ្ធាចារ្យ​សិល្បៈ យុវជន​និង កុមារ ដោយមាន​ការសម្តែង​សិល្បៈ​ក្នុងន័យ​អប់រំ ដើម្បី​និ​ន្ត​រ​ភាព​នៃ​វប្បធម៌ និង​ការអប់រំ ។​

៤)​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវមាន​យន្តការ ដើម្បី​បង្កលក្ខណៈ​សម្បត្តិ ឱ្យ​កូន​ខ្មែរ​មានលទ្ធភាព​ឤ​ច​បង្កើត​ស្នាដៃ ដែលជា​ផលិតផល​វប្បធម៌​ថ្មី​របស់ខ្លួន​តាមរយៈ វគ្គ​បណ្តុះបណ្តាល ដល់​យុវជន​នៅតាម​វិទ្យាល័យ សាកលវិទ្យាល័យ និង​អង្គការ សមាគម សិល្បៈ​ទូទៅ ដើម្បី​ពង្រឹងគុណភាព​អ្នកបង្កើត​ស្នាដៃ​ថ្មីៗ​ទាំងអស់ តាម​ទម្រង់​ក្បួនខ្នាត​នៃ​វប្បធម៌​ជាតិ សេចក្តីថ្លៃថ្នូរ និង​គុណធម៌​របស់​មនុស្ស ជៀសវាង​ការលួចចម្លង​ទាំងស្រុង​នូវ​ស្នាដៃ​សិល្បៈ​បរទេស ។​

៥)​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គាំទ្រ​ចំពោះ​ប្រធានបទ «​យុវជន​ដើម្បី វប្បធម៌​ជាតិ​»​ញ្រេះ​នេះ​ជា ប្រធានបទ​ដែលមាន​អត្ថន័យ សម្រាប់​យុវជន​កម្ពុជា​គ្រប់រូប​ដែលជា​អ្នក​បន្តវេន​ត្រូវមាន​កាតព្វកិច្ច​ថែរក្សា ការពារ និង​បង្កើត​ស្នាដៃ​ថ្មីៗ​ជា​វិជ្ជមាន​បន្ថែមទៀត លើ​គ្រប់ផ្នែក គ្រប់​ទម្រង់​នៃ​សិល្បៈ​វប្បធម៌ គឺ កម្ពុជា ជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​។

៦)​ត្រូវ​រួមគ្នា​សហការ និង​បង្កើន​សាមគ្គីភាព​ក្នុង​បុព្វហេតុ​រួម គឺ​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ តាមរយៈ គោលនយោបាយ​ជាតិ ស្ដីពី​វី​ស័​យ​វប្បធម៌ ដែលមាន​យុទ្ធ​ស្រា​ស្ត​ច្បាស់លាស់ គឺ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​គាំពារ ហើយ​ដៃគូ​ឯកជន​ជា​អ្នកអនុវត្ត ។ ដូច្នេះ ក្រសួង ស្ថាប័ន​ញក់​ព័ន្ធ ឤ​ជ្ញា​ធរ​ដែនដី អង្គការ​ជាតិ​-​អន្តរជាតិ និង​វិស័យ​ឯកជន សូម​ចូលរួម ធ្វើ​សកម្មភាព​បំផុស ស្មារតី​ទិវា​វប្បធម៌​នេះ ឱ្យ​កាន់តែ​ផុសផុល​ទាំង​ក្នុង​និង ក្រៅប្រទេស ។​

៧)​កន្លងមក ដោយ​ពិនិត្យឃើញ​ពី​ភាពចាំបាច់​ក្នុងការ​ជំរុញ និង​លើកស្ទួយ វិស័យ​ភាពយន្ត​ខ្មែរ ដែល​ប្រឈម​នឹង​ការប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​ទៅនឹង​ការហូរចូល​នៃ​ភាពយន្ត​បរទេស រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​សម្រួល​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ផលិតភាព​យន្ត​ក្នុងស្រុក​រយៈពេល ៣​ឆ្នាំ រហូតដល់ ឆ្នាំ ២០១៨ ។

​ដើម្បី​ជាការ​លើកទឹកចិត្ត និង​លើកស្ទួយ​វិស័យ សិល្បៈ និង​ការផលិត​ភាពយន្ត​ខ្មែរ រាជរដ្ឋាភិបាល​សម្រេច​សម្រួល និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ថែមទៀត រហូតដល់​ដំណាច់ឆ្នាំ ២០២៣ ដូចខាងក្រោម ៖

១) អនុញ្ញាតឱ្យ​ព្យួរទុក​ការអនុវត្ត​ពន្ធ​កាត់​ទុក (១៥%) លើ សួយ​សារ​នៃ​ទ្រព្យ​អ​រូបិយ (
​ការផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត​ក្នុងស្រុក​) ។​

២) អនុញ្ញាតឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់ចំណូល​ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ ។​

៣)​អនុញ្ញាត​ព្យួរទុក​ការអនុវត្ត​ឤ​ករ ពិសេស​លើ​សេវា​លំហែ​កំសាន្ត (១០%) ជូន​ដល់​សិល្បៈ​សៀក​នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប ។ សហគ្រាស​ផលិតភាព​យន្ត និង​សៀក​ត្រូវបំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​កត់ត្រា និង​កាន់កាប់​បញ្ជី​ការ​គណនេយ្យ ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ ព្រមទាំង​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ​ផ្សេងទៀត ឱ្យបាន​ត្រឹមត្រូវ​ដូច​ក្រុមហ៊ុន​ឤ​ជីវ​កម្ម​ដទៃទៀត ដើម្បី​ជាការ​ចូលរួមចំណែក​ព​ង្រឹ​ង​អនុលោមភាព​សារពើពន្ធ និង​វប្បធម៌​ពន្ធ​នៅ​កម្ពុជា ។​

​ជាថ្មី​ម្តងទៀត ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​ការងារ ដែល​ក្រសួង​វប្បធម៌​និង វិ​ច្រិត​សិល្បៈ​សម្រេចបាន ជាពិសេស​មរតក​មនុ​ស្សរស់ សិល្បករ ចាស់ទុំ ជា​ព្រឹទ្ធាចារ្យ និង​ជាវ​រៈ​សិល្បករ ក៏ដូចជា មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃ​ស្ថាប័ន​វប្បធម៌ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​យ៉ាងសកម្ម និង​រស់​រវើក​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍ សិល្បៈ​វប្បធម៌​ខ្មែរ ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​និង​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ ។

​ទន្ទឹមនឹងនេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ចំពោះ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត រួមជាមួយ​ក្រុម​សិល្បៈ​យុវជន​ទូទាំងប្រទេស មកពី​បណ្តា​គ្រឹះស្ថាន​មធ្យមសិក្សា​រាជធានី​-​ខេត្ត ទាំង​២៥ សាកលវិទ្យាល័យ​ទាំង ១១ និង​អង្គការ សមាគម​សិល្បៈ ទាំង​១០ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​តែង​និពន្ធ ដឹកនាំ​រឿង និង​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​នាពេលនេះ​។

​មុននឹង​បិទ​កម្មវិធី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត បានផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ថែរក្សា និង​អភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ​កន្លងមក និង​បានប្រគល់​ពានរង្វាន់​ដល់​ក្មួយៗ​ជ័យលាភី​ដែលមាន​ស្នាដៃ​សិល្បៈ​ឆ្នើម​មកពី​ទូទាំងប្រទេស ព្រមទាំង​ជូនពរ​ដល់​មន្ត្រី​ក្រសួង​វប្បធម៌ សាស្ត្រាចារ្យ វិ​រៈ​សិល្បករ សិល្បការ​នី មួយចំនួនទៀត និង​អញ្ជើញ​ពិសារ​អាហារ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ក្នុង​បរិយាកាស​ស្និ​ទ្ឋ​ស្នាល និង​សប្បាយរីករាយ​ក្រៃលែង​៕ ដោយ​:​កូ​ឡាប​

spot_img
×