Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះ​មហាក្សត្រី អំពាវនាវ​សូម​កូនចៅ មាតាបិតា អាណាព្យាបាល​ទាំងអស់ ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា នៅក្នុង​គ្រួសារ និង​សង្គម

spot_img

​ភ្នំពេញ​ ៖ ទិវា​អន្តរជាតិ​នារី ថ្ងៃ​៨​មីនា​នេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បាន​អំពាវនាវ​សូម​កូនចៅ មាតាបិតា អាណាព្យាបាល​ទាំងអស់ ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា នៅក្នុង​គ្រួសារ និង​សង្គម តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ដោយ​រៀបចំខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ការប្រើ​អំពើហិង្សា ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សីលធម៌ សុជីវធម៌។​

​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បានចេញ​ព្រះរាជសារ​ដ៏​ឧត្តុង្គឧត្តម ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី ថ្ងៃ​៨​មីនា ឆ្នាំ​២០១៩​។ ក្នុង​ព្រះរាជសារ សម្តេចម៉ែ ចាត់ទុក​សម័យ​តេ​ជោ សែន នាបច្ចុប្បន្ន ធ្វើ​ឲ្យ​ប្រជារាស្ត្រ មាន​សេចក្តីសុខ វឌ្ឍនភាព ដូច​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេចព្រះ នរោត្តម សីហនុ អំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ ​។​

​ក្នុង​ព្រះរាជសារ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​លើកឡើងថា ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ពី​វីរភាព​នៃ​ការតស៊ូ​របស់​នារី​ទូទាំង​សកលលោក ក្នុងការ​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី នៅក្នុង​សង្គម​។ នា​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ជា​រៀងរាល់ឆ្នាំ ប្រទេស​និ​មួយៗ តែងតែ​លើកយក​ប្រធានបទ​មួយ ដើម្បី​ដាក់ចេញ​ជា​សកម្មភាព​សម្រាប់​អនុវត្ត​ស្របទៅនឹង​បរិការណ៍​របស់​ប្រទេស​រៀងៗ​ខ្លួន​។ សម្រាប់​កម្ពុជា នៅ​ឆ្នាំនេះ បាន​លើកយក​ប្រធានបទ​មួយ គឺ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» សម្រាប់​ដាក់ចេញ​ជា​សកម្មភាព​គន្លឹះ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ គាំពារ​សង្គម ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព កិត្តិយស កិត្តិនាម នៅក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​ពិភពលោក ប្រជារាស្ត្រ​មាន​សេចក្តីសុខ វឌ្ឍនភាព ដូច​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ព្រះរាជ​កិច្ចដឹកនាំ​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នៃ​យើង ​។​

​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បន្តថា «​ទន្ទឹមនឹងនេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្រៃលែង ដោយ​ឃើញ​រាជរដ្ឋាភិបាល មាន​ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​ល្អប្រសើរ ក្នុង​គោលបំណង​កំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធានា​ឲ្យ​មាននូវ​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។ ខ្ញុំ​សូម​សរសើរ និង​គាំទ្រ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ ដែលជា​ផែនទី​ផ្តោតលើ​សសរស្តម្ភ​ចំនួន​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។ ប្រព័ន្ធ​ទាំងពីរ មាន​សារៈសំខាន់​ចំពោះ​សង្គម ដោយ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន ការអភិវឌ្ឍ​មូលធន​មនុស្ស​ឲ្យ​មាន​ជំនាញ និង​ចំណេះដឹង​ស្របទៅតាម​កា​រវិ​ឌ្ឍ​ន៍​របស់​សង្គម សុខុមាលភាព​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ ព្រមទាំង​គិតគូរ​ទៅលើ​ការថែទាំ​សុខភាព ហានិភ័យ​ការងារ និង​ពិការភាព ព្រមទាំង​សោធន​និវត្តន៍​ពេល​វ័យចាស់​។ នេះ​ជា​លទ្ធផល​ដ៏​វិជ្ជមាន​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ ដែល​ធ្វើ​ឲ្យ​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ នាំមក​នូវ​ភាព​រីកចម្រើន ថ្កុំ​ថ្កើ​ន​នា​ថ្ងៃនេះ​»​។​

​ឆ្លៀត​ក្នុងឱកាស​អបអរសាទ​រ​ទិវា​អន្តរជាតិ​នារី ថ្ងៃ​៨​មីនា​នេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បាន​អំពាវនាវ​សូម​កូនចៅ មាតាបិតា អាណាព្យាបាល​ទាំងអស់ ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា នៅក្នុង​គ្រួសារ និង​សង្គម តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ដោយ​រៀបចំខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ការប្រើ​អំពើហិង្សា ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សីលធម៌ សុជីវធម៌ និង​រួមចំណែក​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​រក្សាសុខ​សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម សាមគ្គី​ជា​ធ្លុង​មួយ ព្រមទាំង​រក្សា​សេចក្តីថ្លៃថ្នូរ ដើម្បី​ឆ្ពោះទៅរក​ភាពសម្បូរ​សប្បាយ និង​សុខដុមរមនា​ជា​រៀងរហូត ស្របតាម​ព្រះរាជ​បណ្តាំ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រ​វររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ ។​

​បន្ថែម​លើ​នេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន កូនចៅ ជនរួមជាតិ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល សម្រេច​ទស្សនទាន ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ជាថ្មី​ម្តងទៀត ចំពោះ​សម្តេច​តេ​ជោ ហ៊ុណ សែន ដែល​ខិតខំ​បំពេញភារកិច្ច ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា​។​

​នៅក្នុង​ព្រះរាជសារ​ដដែល សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏​មិន​ភ្លេច កោតសរសើរ​ដ៏​កក់ក្តៅ​ជាទីបំផុត ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អ្នកដឹកនាំ​ដ៏​ឆ្នើម និង​ជា​គំរូ​ដ៏​ល្អ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា និង​បាន​ខិតខំ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ឲ្យ​មាន​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម​ ៕ ដោយ​:​បញ្ញា​ស័ក្តិ​

spot_img
×