Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​គ្រូពេទ្យ​បង្កើន​ស្មារតី ក្នុងការ​ជួយសង្គ្រោះ​អ្នករងគ្រោះជាមុនសិន ទើប​គិតពី​តម្លៃ​សេវា​ព្យាបាល ស្នាក់នៅ​ជា​ក្រោយ

spot_img

​សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​ក្រុមគ្រូពេទ្យ ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​អ្នក​មក​ទទួល​សេវា​ព្យាបាល និង​រក្សា​ឲ្យ​បាន​នូវ​ក្រមសីលធម៌​គ្រូពេទ្យ ​និង​បង្កើន​ស្មារតី​ក្នុងការ​ជួយសង្គ្រោះ​អ្នករងគ្រោះ ជាមុនសិន ទើប​គិតពី​តម្លៃ​សេវា​ព្យាបាល ស្នាក់នៅ​ជា​ក្រោយ ពីព្រោះថា​អាយុជីវិត​មនុស្ស​មិនមាន​ដាក់លក់​នៅតាម​ទីផ្សារ​នោះឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ មីនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ គន្ធបុប្ផា​ខេត្តសៀមរាប​មាន​បើក​អង្គសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត តែ គុយ​ស៊ាន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោក ទៀ សីហា ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

​លោក ទៀ សីហា បាន​គូសបញ្ជាក់ថា ការចូលរួម​ក្នុង​កិច្ចសហការ ពី សំណាក់​មន្ទីរ ស្ថាប័ន អង្គភាព សប្បុរសជន និង​អង្គការ​ដៃគូ​សុខាភិបាល សំខាន់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ចូលរួម​សហការ​ជម្រុញ​ដល់​អត្រា​នៃ​ការយល់ដឹង​ពី​បញ្ហា​សុខភាព​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន និង នៅតាម​តំបន់​ដាច់ស្រយាល ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ ដ៏​ត្រឹមត្រូវ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​រួម​ជាមួយនិង​គោលនយោបាយ និង យុទ្ធសាស្ត្រ​ប្រកបដោយ ភាពជាក់ស្តែង និង ភាព​ម៉ឹងម៉ាត់ ដោយបាន​ធ្វើ​ឲ្យ​តំបន់​ជនបទ​នៅ​កម្ពុជា​មានការ​ប្រែ​មុខមាត់​ថ្មី​ក្នុង​ក្តីសង្ឃឹម គឺ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ចំណងដៃ​ជាច្រើន ។ ក្នុងនោះ​លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​កោតសរសើ​រ​ផងដែរ អំពី​លទ្ធផល សកម្មភាព​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ ។​

​លោក​ទៀ សីហា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដែល​បាន​ចូលរួមចំណែក យ៉ាងសកម្ម និង ផ្តល់នូវ​ការគាំទ្រ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​របស់​ក្រសួងសុខាភិបាល ក៏​ដូច​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុងការ​បំពេញបេសកកម្ម ដ៏​លំបាក​ស្មុគស្មាញ​ដើម្បី​បម្រើ​ជាតិ​មាតុភូមិ​យើង ។​

ក្នុងនោះដែរ លោក​វេជ្ជបណ្ឌិត តែ គុយ​ស៊ាន ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន សម្រាប់​ការលើកកម្ពស់​តាមដាន និង ពិនិត្យ នូវ​លទ្ធផល​សកម្មភាព ការលំបាក​មួយចំនួន និង បញ្ហា​រាំងស្ទះ​នាពេល​កន្លងមក ដើម្បី​ធ្វើការ​ពិភាក្សា ដោះស្រាយ និង កំណត់​ទិសដៅ​ផែនការ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ។ ម្យ៉ាងទៀត​វិស័យសុខាភិបាល​ខេត្ត មាន​ភាពប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល​សាធារណៈ មានការ​រីកចម្រើន​គួរកត់សម្គាល់ ជាអាទិ៍​មាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​បានផ្តល់​សេវា​នូវ​សកម្មភាព​ពេញលេញ និង​គ្រប់ផ្នែក​សម្រាប់​ទទួល​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​បំពាក់​សម្ភារ​បរិក្ខារ​ទំនើបៗ និង​មាន​មន្ទីរពេទ្យបង្អែក​ស្រុក​មាន​មណ្ឌល​សុខភាព ដែលមាន​បន្ទប់​រង់ចាំ​មុន នឹង​ក្រោយ​សម្រាល នៅ​គ្រប់​មណ្ឌល​សុខភាព​ទាំងអស់ ពី​ទីប្រជុំជន​រហូតដល់​តំបន់​ដាច់​ស្រ​យ៉ា​ល​ក្នុង​ខេត្ត ។​

​លោក​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏​ធ្វើការ​ក្រើនរំលឹក​ដល់​ក្រុមគ្រូពេទ្យ ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ និង ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក​មក​ទទួល​សេវា​ព្យាបាល និង រក្សា​ឲ្យ​បាន​នូវ​ក្រមសីលធម៌ គ្រូពេទ្យ​ផងដែរ ។ ម្យ៉ាងទៀត​សូម​ឲ្យ​ក្រុមគ្រូពេទ្យ បង្កើន​ស្មារតី​ក្នុងការ​ជួយសង្គ្រោះ អ្នករងគ្រោះ​ជាមុនសិន ទើប​គិតពី​តម្លៃ​សេវា​ព្យាបាល ស្នាក់នៅ​ជា​ក្រោយ ពីព្រោះថា អាយុជីវិត​មនុស្ស​មិនមាន​ដាក់លក់​នៅតាម​ទីផ្សារ​នោះឡើយ ហើយ​គ្រូពេទ្យ និង បុគ្គលិក​សុខាភិបាល​ទាំងអស់ មិនត្រូវ​ចាត់ទុក​អ្នកជំងឺ​ជា​អតិថិជន​របស់ខ្លួន​ទេ គឺ​ត្រូវ​ចាត់ទុក​អ្នកជំងឺ ជា​ជនរងគ្រោះ ដែល​ចាំបាច់​ត្រូវ ទទួលបាន​ការសង្គ្រោះ​ជីវិត ព្យាបាល និង ថែទាំ​សុខភាព​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ឲ្យ​ពួកគាត់​មាន​ក្តីសង្ឃឹម មាន​ជំនឿ​ទុកចិត្ត ចំពោះ​សេវា​សុខាភិបាល​សាធារណៈ នៅ​កម្ពុជា ។​

​លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក ចូលរួម​ធ្វើ ការផ្សព្វផ្សាយ ពី​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ពី​ការខ្វះខាត​ទឹក​ប្រើប្រាស់​នៅតាម​តំបន់​មួយចំនួន ដើម្បី​ឲ្យ​បងប្អូន បាន​ត្រៀមលក្ខណៈ និង ថែរក្សា​ទីតាំង​ប្រភពទឹក​ដែលមាន​ព្រមទាំង​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ ថ្នាក់​ក្នុងការ​ទប់ស្កាត់ បង្ក្រាប​ឲ្យ​ខាងតែបាន ពី​បញ្ហា​គ្រឿងញៀន​នៅតាម​មូលដ្ឋាន និង សូម​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ​នានា មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​មេត្តា​បន្ត​ជួយ​គាំទ្រ ជ្រោមជ្រែង និង សហការ​ឲ្យ​បានល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុង​ការផ្តល់សេវា​សុខភាព របស់​សហគមន៍​ជនបទ​នៅក្នុង​ខេត្តសៀមរាប ឲ្យ​កាន់តែ​ល្អប្រសើរ ឲ្យ​ទទួលបាន​ជោគជ័យ​ប្រកប ដោយ​ផ្លែផ្កា សំដៅ​កាត់បន្ថយ​អត្រា​មរណៈ របស់​ស្ត្រី និង​កុមារ និង​ទប់ស្កាត់ បាន​នូវ​ភាព​ងាយ​រងគ្រោះ ដោយ​ជំងឺឆ្លង​ផ្សេងៗ ដែល​កត្តា​នេះ នឹង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូ​ឡាប​

spot_img
×