Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ សំបូរ សុ​ភណ្ឌ ម្ចាស់​មេដាយមាស កីឡា​កាយ​វប្បកម្ម​ពិភពលោក ស្នើ​សម្តេច​តេជោ អន្តរាគមន៍​លើ​ប្រាក់រង្វាន់​

spot_img

​ភ្នំពេញ ​៖ កីឡាករ សំបូរ សុ​ភណ្ឌ ដណ្ដើម​បាន​មេដាយមាស ពី​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ ឆ្នាំ ២០១៨ នៅ​ប្រទេស​ថៃ​។ នា​ពេល​ថ្មីៗ​នេះ កីឡាករ សំបូរ សុ​ភណ្ឌ បាន​សរសេរ​សារ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ខ្លួន​ថា ក្រសួង​អប់រំ បាន​ទម្លាក់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី 120.000.000 រៀល ដោយ​នៅត្រឹមតែ 20.000.000 រៀល​ ដោយ​មិន​​បាន​​​បញ្ជាក់​ពី​មូលហេតុ និង​មិន​បាន​ប្រាប់​អ្នក​កីឡាករ​មុន​ថ្ងៃ​ប្រកួត​នោះទេ​។ ករណីនេះ កីឡាករ​កាយ​វប្បកម្ម​រូបនេះ ក៏​បាន​ស៊ែរ​សារ​នេះ ចូលទៅ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​សម្តេច​តេ​ជោនា​យក​រដ្ឋមន្ត្រី ( Samdech Hun Sen, Cambodian Prime Minister) ដើម្បី​ឲ្យសម្តេចបាន​ឃើញ និង​ជួយ​អន្តរាគមន៍ ទៅ​ក្រសួង​អប់រំ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​ពេញលេញ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក Suphorn Sombo បាន​លើកឡើង​ថា ‎ “​ខ្ញុំបាទ​សូម​ជំម្រាបសួរ និង​គោរព​សម្តេច​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​
​ខ្ញុំបាទ​ជា​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ដែល​ទើបនឹង​ប្រកួត​បាន​មេដាយមាស លំដាប់ថ្នាក់​ពិភពលោក កាលពី​ថ្ងៃ​ទី​15 ខែ​ធ្នូ ឆ្នាំ​2018 នៅ​ប្រទេស​ថៃ ដែល​ប្រទេស​ចូលរួម​ប្រមាណ 51 ប្រទេស ថ្ងៃនេះ ខ្ញុំបាទ​មាន​បញ្ហា ដែល​ទាក់ទង​ជាមួយនឹង​ប្រាក់រង្វាន់ លើកទឹកចិត្ត​ដោយ​ក្រសួង​អប់រំ បាន​ទម្លាក់​ប្រាក់​រង្វាន់​លើកទឹកចិត្ត ពី 120.000.000 រៀល ដោយ​នៅត្រឹមតែ 20.000.000 រៀល​ ​ដោយ​​មិន​​បាន​បញ្ជាក់ ពី​មូលហេតុ និង​មិន​បាន​ប្រាប់​អ្នក​កីឡាករ មុន​ថ្ងៃ​ប្រកួត​នោះទេ លុះដល់​ពេល​ដែល​ខ្ញុំបាទ​ប្រកួត​រួច ទទួលបាន​មេដាយ​ហើយ ទើប​ក្រសួង​បានប្រកាសថា ទម្លាក់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ទៅវិញ​ ​ខ្ញុំ​សូម​ឲ្យ​សម្តេច ជួយ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​ខ្ញុំបាទ​ផង ពី​ព្រោះ​ខ្ញុំ​មិនដឹងថា​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ ដោយ​វិធី​ណា​ទេ​ ​សូម​ឲ្យ​សម្តេច​ជួយ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​។ ខ្ញុំបាទ​សូម​​អរគុណ សម្តេច និង​ជូនពរ​ឲ្យ​សម្តេច មាន​សុខភាព​ល្អ​” ​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ស្តីពី​ការទទួលស្គាល់ និង​ផ្តល់​ប្រាក់រង្វាន់​ជ័យលាភី ការប្រកួត​កីឡា​កាយ​វប្បកម្ម ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ នៅ​ប្រទេស​ថៃ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន បានសម្រេច ត្រូវបាន​ទទួលស្គាល់ ផ្តល់​ប្រាក់រង្វាន់​ជ័យលាភី និង​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រូបង្វឹក កីឡាករ កីឡា​កាយ​វប្ប​កម្ម ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក លើក​ទី​១០ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ មាន​ដូចខាងក្រោម លោក ស៊ឹម សុភមង្គល​រស្មី គ្រូបង្វឹក ទទួលបាន​ប្រាក់រង្វាន់ ២០.០០០.០០០​រៀល និង​លោក​សំបូរ សុ​ភណ្ឌ ជា​កីឡាករ ទទួលបាន​ប្រាក់រង្វាន់ ២០.០០០.០០០​រៀល​។ កីឡាករ​និង​គ្រូបង្វឹក​ដែលជា​ជ័យលាភី​ត្រូវ​ទទួល​ប្រាក់រង្វាន់​ទៅតាម​ប្រភេទ និង​ចំណាត់ថ្នាក់​ដែល​បាន​ចែង​នៅក្នុង​ប្រកាស​អន្តរក្រសួង​លេខ ៧១៦ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ស្តី​ពី​គោលការណ៍​ចំណាយ​សម្រាប់​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ ប្រចាំឆ្នាំ​។​

​ចំណែក ផេក​ហ្វេស​ប៊ុក Sethea Un បាន​លើកឡើង​ថា ឧទាហរណ៍ ប្រសិនបើ​គាត់​ប្រកួត​មិន​ឈ្នះ​វិញ តើ​ខាង​ក្រសួង មាន​ប្រាក់​លើក​ទឹក​ចិត្ត​ឲ្យ​ទេ​? ( ចូល​ចិត្ត​ណាស់ ស៊ីកម្លាំង​ញើស​ឈាម​គេ )​។​

​ចំណែកឯ ផេ​ក ឡៃ ស្រេង បាន​បញ្ចេញ​មតិ​ថា សង្ឃឹមថា​នឹង​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បង Suphorn Sombo ឲ្យបាន​ទទួល​នូវ​អ្វី ដែល​ជា​រង្វាន់​សមរម្យ ដើម្បី​ផ្តល់​កម្លាំងចិត្ត ដល់​កាយ​វប្បកម្ម​កម្ពុជា​គ្រប់​រូប​ផង​។ កីឡា​កាយ​វប្ប​កម្ម គឺជា​កីឡា​មួយ​ប្រភេទ ដែល​ត្រូវការ​ពេលវេលា ការតស៊ូ សេចក្តី​ព្យាយាម ភាព​អំណត់ ខ្លាំងណាស់ ហើយ​ក៏​ប្រថុយប្រថាន ជាមួយ​ផលវិបាក​មួយចំនួន នៅពេល​ហាត់ ក៏ដូចជា នៅពេល​ដែល​រាងកាយ​វិវឌ្ឍន៍​ពេល​ចាស់​ផង​ដែរ​។​

​ចំនួនផេក​ហ្វេស​ប៊ុក​មួយចំនួនទៀត ក៏​បាន​លើង​ឡើង​ផងដែរ​ថា បើ​ចឹងៗ អី​តើ​កីឡាករ​រូប​ណា គេ​មាន​ទឹកចិត្ត នឹង​ប្រគួត​ដណ្ដើម​មេដាយ​ទៀត គ្រាន់តែ​ប្រាក់រង្វាន់​ឆ្នាំមុន នឹង​ឆ្នាំ​នេះ ខុស​គ្នា​ដល់​ទៅ​100​លាន​រៀល ចប់​ហើយ​កីឡា​ខ្មែរ​យើង​អើយ បើ​ធ្វើ​ចឹង​អ្នក​កីឡា មុន​នឹង​អ្នកកីឡា​ក្រោយ​តើ​មានទឹក​ចិត្ត​ចង់​ប្រគួត​ទៀត ដែល​ទេ​បើ​ចឹងៗ​អី នេះ​ឬ​ដែល​ជា​ទង្វើ ដែល​លើក​ស្ទួយ​លើ​វិស័យ​កីឡា​។​

​ផេ​ក Nun Sambo៖ យប់​នេះ ដេក​មិន​លក់​ទេ ខ្ញុំ​មិន​សប្បាយចិត្ត​និង​ភាពអយុត្តិធម៌ ក្នុង​ខ្ញុំ​ជា​កីឡាករ​វប្បកម្ម​កម្ពុជា​ម្នាក់ ហើយក៏​ជា​បង​បង្កើត​របស់​កីឡាករ សំបូរ ណាន និង​សំបូរ សុភ័ណ្ឌ មិន​សប្បាយចិត្ត និង​មិន​អាច​ទទួលយកបាន​នៅ​ប្រាក់រង្វន់ 20.000.000 រៀល ហេតុ​អី​បានជា​ខ្ញុំ និយាយ​អញ្ចឹង ពីព្រោះ​ប្រាក់រង្វន់ ដែល​ត្រូវ​ទទួលបាន គឺ​120.000.000​រៀល សម្រាប់​កីឡាករ​ដែល​បាន​មេដាយមាស ហើយ​មេដាយប្រាក់ គឺ​ទទួលបាន 80.000.000 រៀល និង​មេដាយ​សំរឹទ្ធិ ទទួលបាន​64.000.000​រៀល ព្រោះ​កីឡា​កាយ​វប្បកម្ម ធ្លាប់​ទទួលបាន​រួច មកហើយ កាល​ឆ្នាំ​2016 និង​2017 ដល់​ឆ្នាំ​2018 កីឡាករ​កាយ​វប្ប​កម្ម សំបូរ សុភ័ណ្ឌ ទទួល​បាន​មេដាយមាស​ពិភព​លោក លើក​ទី​10 ដែល​ថៃ ជា​ម្ចាស់ផ្ទះ ហើយ​ហេតុអ្វី​បាន​ជា​ប្រាក់រង្វន់ បានតែ​20.000.000 រាល​100.000.000​រៀល បាត់​ទៅ​ណា បើ​អ្នក​ចង់​ទម្លាក់​ប្រាក់រង្វន់ ហេតុម្តេច អ្នក​មិន​ផ្តល់ដំណឹង​តាំងតែ​មុន ពេល​ដែល​កីឡាករ​ចេញទៅ​ប្រកួត មិនមែន​បាន​មេដាយ​ហើយ បាន​ប្រាប់​ដូច្នេះ​ទេ ហេតុដូច្នេះ​ហើយ បា​ន​ជា​រូបខ្ញុំ មិន​អាច​ទទួលយក​នៅ​ភាព​អយុត្តិធម៌​នេះ​បានទេ ជា​ចុងក្រោយ ខ្ញុំបាទ​សូម​លើក​ម្រាម​ដៃ​ដប់ សូមឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​អ្នកមានអំណាច ជួយ​រក​យុត្តិធម៌​ផង និង​ជួយ​លើកស្ទួយ ដល់​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ដ៏​កម្សត់​នេះ​ផង​បាទ​។​

​ផេ​ក Mrr Daras ៖ ពេល​អត់​មេដៃ ប្រឹង​ឲ្យគេ​ទៅ​ប្រកួត ដល់​ពេល​មេដៃ​ច្រើនពេក បោះបង់​គេ​ចោល សូម​ជួយ​ដល់​កីឡាករ​មេដៃ​មាស​ម្នាក់​នេះ​ផង គាត់​ពិបាក​ណាស់ ទម្រាំ​បាន​ប៉ុណ្ណេះ សូមមេត្តា​ជួយ​ផង លោក​ក្រសួង​។ ពួក​ខ្ញុំ ត្រូវតែ​បោះបង់​វា​ចោល ព្រោះ​វា​គ្មានអ្វី សម្រាប់​ពួក​ខ្ញុំ​បន្ត​ទៅមុខ​ទៀត​ទេ​។​

​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ បានប្រកាស​អបអរសាទ​រ ការ​មក​ដល់​មាតុប្រទេស របស់​ម្ចាស់​មេដាយមាស ពិភពលោក គឺ​កីឡាករ សំបូរ សុភ័ណ្ឌ​។​

​កីឡាករ សំបូរ សុភ័ណ្ឌ ដែល​ទទួលបាន​មេដាយមាស ក្នុង​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក ឆ្នាំ​២០១៨​នៅ​ប្រទេស​ថៃ បាន​មក​ដល់​មាតុប្រទេស និង​បាន​ទទួល​ការស្វាគមន៍ ដល់​អាកាសយានដ្ឋាន ពី​សំណាក់ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​សូមបញ្ជាក់​ថា កីឡាករ សំបូរ សុ​ភណ្ឌ បន្ទាប់ពី​ទទួល​បាន​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​កាយ​វប្បកម្ម ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ ឆ្នាំ​២០១៨ នៅ​ឈៀង​ម៉ៃ ប្រទេស​ថៃ បាន​ថ្លែងថា ទម្រាំ​នឹង​ឈ្នះ​មេដាយមាស​លើកដំបូង​នេះ​មាន​ការលំបាក​ខ្លាំង​ណាស់​ក្នុង​រយៈពេល ៣​ខែ​កន្លង​ទៅ ព្រោះ​ត្រូវ​តប​ចំណីអាហារ សម្រក​ទម្ងន់ នឹង​បន្ថែម​ការហ្វឹកហាត់ ១​ថ្ងៃ ៣​ដង ដែរ​ជា​ទូទៅ​ខ្លួន​ហាត់​តែ ២​ដង​ប៉ុណ្ណោះ​។ បើ​តាម​ម្ចាស់​មេដាយមាស​រូបនោះ យល់ឃើញថា មានតែ​កីឡាករ​របស់​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ ដែល​ជា​ឧបសគ្គ​សម្រាប់​ខ្លួន ហើយ​លោក បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ហ្វឹកហាត់​បន្តទៀត ដើម្បី​ការពារ​តំណែង​មេដាយមាស​នេះ នា​ឳ​កាស​ក្រោយ។​

​លោក តឹក ប៊ុន​វី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្ប​កម្ម និង​លំ​ហាត់ប្រាណ​បាន​រំលឹកថា មុនពេល​ចេញ​ទៅ​ប្រកួត រូប​លោក​ក៏​ដូចជា​កីឡាករ​ផ្ទាល់​សុទ្ធ​តែ​គិតថា យ៉ាងហោចណាស់​ក៏​ទទួល​បាន​លេខ​៣ ដែរ​។ ជាពិសេស កីឡាករ សំបូរ ណាន អតីត​ម្ចាស់​មេ​ដាយ​មាស​ពិភពលោក​លើក​ទី​៩ ម៉ុង​ហ្គោលី ត្រូវបាន​គេ​ទម្លាក់​ដល់​ទៅ​ចំណាត់ថ្នាក់​លេខ​៥​។ លោក​បញ្ជាក់ថា បើ​តាម​លោក​មើល​លើ​កីឡាករ​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ គឺ​សាច់ដុំ​ពួកគេ​មិន​លើក​កីឡាករ សំបូរ ណាន នោះទេ​។ មួយវិញទៀត​លោក​មិន​អស់ចិត្ត ត្រង់​ចៅក្រម​ប្រៀបធៀប​សាច់ដុំ​កីឡាករ​ត្រឹមតែ ២​ដង​។ ខុស​គ្នា​ទៅ​នឹង​កាល​លោក​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៩ នៅ​ម៉ុង​ហ្គោលី ចៅក្រម​ពិនិត្យ និង​វាយ​តំលៃ​ដល់​ទៅ ៥​ដង​។​

​សូមបញ្ជាក់​ថា ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ មាន​អត្ត​ពលិក​ចូលរួម​សរុប ៤៧៤​នាក់ (​ស្រី ១៨៤​នាក់​) មកពី ៥១​ប្រទេស ។ ជា​លទ្ធផល​នៃ​ការប្រកួត​ជម្រុះ កីឡា​ករទាំង ៥​ រូប ​របស់​កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ៥​នាក់ ចុង​ក្រោយ​ដូចៗ​គ្នា ទាំងអស់​។ ប៉ុន្តែ​មាន​តែ សំបូរ សុ​ភណ្ឌ ម្នាក់​គត់ ដែល​បាន​ឈ្នះ​មេដាយមាស លើ​ការប្រកួត​រាង​ស្អាត លើ​វិញ្ញាសា Sports Physique up to 170 cm-120​។ ដោយឡែក​កីឡាករ សំបូរ ណាន អតីត​ម្ចាស់​មេដាយមាស​ពិភពលោក លើក​ទី​៩ ម៉ុង​ហ្គោលី កីឡាករ ណុំ សុបិន្ត អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក លើក​ទី​៩ ម៉ុង​ហ្គោលី រួមទាំង កីឡាករ សំបូរ ន​ន់ កីឡាករ ត្រឹង ចាន់ ធ្លាក់​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ៥​នាក់​ចុងក្រោយ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

    

spot_img
×