Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​នី ៖ ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម នៅក្នុង​ស្រុក​ភ្នំស្រួច នៅតែ​បន្ត​សកម្មភាព ប្រាសចាក​ពី​ស្មារតី នៃ​កិច្ចព្រមព្រៀង​

spot_img

​កំពង់ស្ពឺ​ ៖ លោក​ហ៊ុន ម៉ា​នី បាន​អះអាង​ថា ទោះជា​មាន​ការឯកភាព​គ្នា រវាង​ភាគី​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក៏ដោយ ក៏​ក្រុមហ៊ុន​មួយចំនួន នៅតែ​បន្ត​សកម្មភាព​ប្រាសចាក​ពី​ស្មារតី នៃ​កិច្ចព្រមព្រៀង​ខាងលើ​។

ក្រសួង​រ៉ែ​និង​ថាមពល បានសម្រេច​ផ្អាក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​រ៉ែ​ថ្ម និង​ខ្សាច់​ចំនួន​៦ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក ឈ្មោះ Hun Many កាលពី​ថ្ងៃ​ទី​៧​ខែ​មីនា​ឆ្នាំ​២០១៩​នេះ លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ថ្លែងថា “​បើទោះជា​មាន​ការឯកភាព​គ្នា​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ រវាង​ភាគី​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក៏ដោយ ក្រុមការងារ​យើងខ្ញុំ​សង្កេតឃើញថា ក្រុមហ៊ុន​មួយចំនួន​នៅតែ​បន្ត​សកម្មភាព​ប្រាសចាក​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ខាងលើ​”​។​

​លោក​ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា ជា​ចំណាត់ការ​ឆ្លើយតប ទៅ​នឹង​សកម្មភាព​គគ្លើន​នេះ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩ អាជ្ញាធរខេត្ត រួម​ជាមួយនឹង​តំណាង​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ផ្អាក​សកម្មភាព ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចំនួន​៦ និង​បាន​ឈាន​ទៅដល់​ការព្យួរ​អាជ្ញាប័ណ្ណ​អាជីវកម្ម រយៈពេល​១ សប្តាហ៍​ទុក​ជា​ការព្រមាន​។ ឆ្លៀត​ឱកាស​នេះ ក្រុម​ការងារ​សូម​ធ្វើ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មាននូវ​ចំណាត់ការ ទាន់ពេលវេលា និង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ទាំងនេះ​។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏​សូម​ថ្លែងអំណរគុណ ដល់​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ទៀត ដែល​បាន​ចូលរួម​អនុវត្ត នូវ​កិច្ច​ព្រម​ព្រៀង​ខាងលើ បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ ក្រុមការងារ នឹង​នៅតែ​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​ការអនុវត្ត​ស្មារតី នៃ​កិច្ចព្រមព្រៀង​ខាងលើ​”​។​

​បើ​តាម​ក្រសួង​រ៉ែ និង​ថាមពល បានប្រកាសថា កាលពី​ថ្ងៃ​អង្គារ៍ ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ បាន​ដឹកនាំ​ក្រុមការងារ​អធិការ​កិច្ច្ម របស់​ក្រសួង​រ៉ែ​និង​ថាមពល ចុះ​ពិនិត្យ​តាមដាន​សកម្ម ភាព​ប្រកប​អាជីវកម្ម​រ៉ែ​ថ្ម និង​ខ្សាច់​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​បាន​រកឃើញថា ក្រុមហ៊ុន​ចំនួន​៦ (​ក្រុមហ៊ុន​រ៉ែ​ថ្ម​សំណង់​ចំនួន​២ ក្រុមហ៊ុន​ខ្សាច់​បក​ចំនួន​១ និង​ក្រុមហ៊ុន​ខ្សាច់​ស្ទឹង​ចំនួន​៣) ពុំ​បាន​គោរព​តាម​ស្មារតី​នៃ​អង្គប្រជុំ​ណែនាំ ពិសេស​សារាចរ​ណែនាំ របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​រ៉ែ ដូច្នេះ​ក្រសួង​បាន សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​រយៈពេល​១​សបា្តហ៍​ជា​ការព្រមាន និង​អាច​ឈាន​ដល់ ការបញ្ចប់​អាជ្ញាប័ណ្ណ​តែ​ម្តង​ក្នុង​ករណី​មិន​រាងចាល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​សម្រេច​ដល់​ការព្យួរ​អាជ្ញាប័ណ្ណ​នេះ ក្រុមការងារ​អធិការកិច្ច​ក្រសួង ធ្លាប់​បាន​បើក​កិច្ចប្រជុំ​ណែនាំ ដល់​ក្រុមហ៊ុន​ទាំង​អស់​រួច​ម្តង​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រួមជាមួយ​នឹង​ការប្រជុំ​ម្តង​ទៀត​ជាមួយ លោក ហ៊ុន ម៉ា​នី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែល​មាន​ការចូលរួម​ពី​តំណាង ក្រសួង​រ៉ែ​និង​ថាមពល អាជ្ញាធរខេត្ត​-​ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​តំណាង​ក្រុមហ៊ុន ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅនេះ​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×