Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ធ្ងន់ធ្ងរ និង​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ​ជួយសង្គ្រោះ​ឲ្យទាន់ពេល​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ បុគ្គលិក​ពេទ្យ និង​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា​រាល់ថ្ងៃនេះ ខាង​មន្ទីរពេទ្យ​បង្អែក មិន​មាន​ទឹក​ប្រាស់​ឲ្យបាន​គ្រប់​ចំនួន​នោះ​ទេ​។​

​បញ្ហា​នេះ ទាំង​ក្រុម​គ្រូពេទ្យ និង​អ្នកជំងឺ ដែល​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យជួយ​អន្តរាគមន៍​ផ្គត់ផ្គង់​ទឹកស្អាត ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះ​សីហនុ ឲ្យមាន​ទឹក​ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន​ឡើងវិញ​។​

​ភ្លាមៗ មិន​បង្អង់​យូរ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​បញ្ចេញ​រថយន្ត​ដឹក​ទឹក​ចំនួន ២​គ្រឿង ដើម្បី​ដឹក​ទឹក​នាំយកទៅ​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជាបន្ទាន់ ស្រប​ពេល​ទាំង​បុគ្គលិក​​ពេទ្យ និង​អ្នក​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ កំពុង​ជួបប្រទះ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​ចាំបាច់​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ផ្តល់​ព័ត៌មាន​មក​ថា ខាង​មន្ទីរពេទ្យ​នេះ មិន​មាន​ទឹក​ប្រើប្រាស់​ទាំង​បុគ្គលិក​ពេទ្យ ជាពិសេស​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា លោក​ក៏​បាន​ចាត់ឲ្យ​កម្លាំង​នគរបា​ល នាំ​យក​ឡាន​ទឹក​ចំនួន​២​រថយន្ត ដើម្បី​ទៅ​ដឹក​ទឹក​ជូន​មន្ទីរពេទ្យ​នេះ ឲ្យមាន​ទឹក​ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន​ឡើងវិញ​។ លោក​បន្តថា រថយន្ត​ដឹក​ទឹក របស់​ស្នងការ បាន​ដឹក​ទឹក​ចំនួន ១០​ជើង ឬ​ស្មើ​ទឹកដប់​រថយន្ត ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​សេចក្តីត្រូវការ​ទឹក​ប្រើប្រាស់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​លោក ជួន ណា​រិន្ទ ថា លោក​បាទ​ទទួល​ការស្នើ​សុំ​អន្តរាគមន៍ ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពី​ការ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ សម្រាប់​បុគ្គលិក​ពេទ្យ និង​អ្នក​សម្រាក​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​នេះ​។ ភ្លាមៗ​លោក​បាន​ចាត់ចែង​ឲ្យកម្លាំង​ការិយាល័យ​នគរបាល បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត ដើម្បី​ដឹក​ទឹក​ស្អាត​យក​ទៅ​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ជាបន្ទាន់ ដែល​ខ្វះ​ទឹកស្អាត​ប្រើប្រាស់។​

​លោក​បន្តថា រថយន្ត​២​គ្រឿង បាន​ដឹក​ជញ្ជូន​ទឹក​យក​ទៅ​បញ្ចូល​ក្នុង​អាង​ស្តុក​ទឹក របស់​មន្ទីរពេទ្យ​បង្អែក បាន​ចំនួន​១០​ឡាន ឬ​ស្មើ​ចំនួន​៥០​ម៉ែត្រគូប សម្រាប់​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យ​ទាំងមូល​។​

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក សេង ណុង បាន​ថ្លែងអំណរគុណ ដល់​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹក​ទឹក មក​ផ្តល់​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​ទាន់ពេលវេលា​ចំនួន​១០​ឡាន ដោយ​ប្រើប្រាស់​រថយន្ត​​ចំនួន​២​គ្រឿង​។​

​សូមបញ្ជាក់​ថា រាល់ថ្ងៃនេះ សម្រាប់​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ គឺ​បញ្ហា​តម្រូវការ​ទឹក​ប្រើប្រាស់ គឺ​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវការ របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ បើទោះបី​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​រដ្ឋា​រករ​ទឹក​ស្វយ័ត​ខេត្ត​នេះ បាន​ខិតខំ​ប្រឹងប្រែង​ត​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​មាន​ទំហំ​ធំ ឲ្យបាន​ទូលំទូលាយ​បែបណា​ក្តី ក៏ប៉ុន្តែ​តម្រូវការ​ទឹកស្អាត​ប្រើប្រាស់​នៅក្នុង​ខេត្ត​ព្រះសីហនុ មិនទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​ចំនួន​ទេ​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ជាពិសេស​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ទៅ​ក្រុម​អាន​កូ ដែល​មាន​ប្រភព​ទឹក​នៅ​តំបន់​ក្បាលឆាយ ឲ្យ​បញ្ចេញ​ទឹក​ចែកជូន​ប្រជាពលរដ្ឋ ឲ្យមាន​ទឹក​ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន​ឡើងវិញ​។​

​ពលរដ្ឋ​អះអាងថា រាល់ថ្ងៃនេះ ពួក​គេ​ឃើញ​មាន​ការតភ្ជាប់​បំពង់​ចែកចាយ​ទឹក ចេញ​ពី​ក្រុមហ៊ុន​អាន​កូ ចូល​ទៅកាន់​ទីតាំង​មាន​សំណង់​អគារ​ធំៗ ឬ​សណ្ឋាគារ​ប្រណិតៗ មាន​សកម្មភាព​យ៉ាងសកម្ម ប៉ុន្តែ​សម្រាប់​ផ្ទះ​ប្រជាពលរដ្ឋ ឬ​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ​រស់នៅ​វិញ មិនសូវ​ឃើញ​មាន​ការតភ្ជាប់​បំពង់​ចែកចាយ​ទឹក ឲ្យបាន​ទូលំទូលាយ ដូច​ក្រុមហ៊ុន​អាន​កូ ជួយ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​ទទូច​ស្នើសុំ​ដល់​សម្តេច​ប្រមុខ​ដឹកនាំ ឲ្យជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​អាន​កូ ឲ្យ​បញ្ចេញ​ទឹក​ឲ្យបាន​គ្រប់​ចំនួន មកឲ្យ ស្ថាប័ន​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យបាន​គ្រប់​ចំនួន ដើម្បី​មាន​ទឹក​ចែ​កូន​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​មាន​ទឹក​ប្រើប្រាស់ ឲ្យបាន​គ្រប់​ចំនួន​ឡើងវិញ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×