Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្រ្តីក្រសួង​បរិស្ថាន គាំ​ទ្រ​ដៃ​គូស​ហការ​លើក​កម្ពស់​ជីវភាព​ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ

spot_img

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថាក្រសួងបរិស្ថាន ពង្រឹងការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិចូលរួម ក្នុងការ​លើក​ស្ទួយ​ជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ឲ្យបានល្អប្រសើរ។

លោក សាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ លោកស្រី Elisabet EKLIND នាយិកាប្រចាំប្រទេសអង្គការ FORUM SYD នៃប្រទេសស៊ុយអែត កាលពីរសៀលថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២០១៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៧ នាទី​ស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនេះ លោក រដ្ឋមន្រ្តី បានគាំទ្រចំពោះដៃគូសហការ ដើម្បីចូលរួមលើកកម្ពស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ តាមរយៈសក្តានុពលធម្មជាតិ ដែលជាផ្នែកទេសចរណ៍ធម្មជាតិយ៉ាងសំខាន់ កំពុងទាក់ទាញអ្នកទេសចរនាពេលបច្ចុប្បន្ន។ ជា​មួយ​គ្នានេះ លោក រដ្ឋមន្រ្តីបានលើកឡើងផងដែរ ចំពោះអ្នកទេសចរ ចង់ភ្លក់ម្ហូបអាហារ ដែលមាន​លក្ខណៈពិសេស​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ ដែលចំអិនដោយសហគមន៍។

ម្យ៉ាងទៀតបន្លែដែលដុះតាមនៅតាមសហគមន៍ ដូចជាខ្ទឹម ជី ខ្ញីជាដើម មានលក្ខណៈធម្មជាតិ និងធ្វើឱ្យមានសុខភាពល្អផងដែរ។ លោក រដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បង្កើតសួនបន្លែនៅតាមផ្ទះ ដែលជាផ្នែកមួយជួយដល់បរិស្ថាន និងអាចជួយ​លើក​កម្ពស់ជីវភាពបន្ថែមទៀតផងដែរ។

លោកស្រី Elisabet EKLIND នាយកប្រចាំប្រទេសអង្គការ FORUM SYD នៃប្រទេសស៊ុយអែត បានគាំទ្រ​ដល់ផែនការ​សកម្មភាព​របស់​ក្រសួងបរិស្ថាន ក្នុងការជំរុញទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូល និងបង្កើន​ការ​អប់រំ​បណ្តុះបណ្តាលធនធាន មនុស្ស ដើម្បីឲ្យប្រជាពលរដ្ឋចេះគ្រប់គ្រងផល ដែលមកបានពីវិស័យទេសចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត​និងធ្វើឲ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះឲ្យកាន់តែពេញលេញថែមទៀត។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅក្នុងអាណត្តិទី៥នេះ បានសម្រេចការអនុវត្តយុទ្ធសាស្ត្រនានា ដើម្បី​ការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងនោះមានការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការ​រស់នៅ​ប្រកបដោយចីរភាព៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×