Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ៖ មន្ដ្រី​ពាល​មួយ​ភាគ​តូច អាង​ខ្លួន​មាន​លុយ អាង​អំណាច បានធ្វើ​បាប និង​មើលងាយ​តម្លៃ​ស្ដ្រី

spot_img

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្ដាំផ្ញើ​ដល់​ស្ដ្រី​គ្រប់រូប​ថា អ្វី​ក៏ដោយ​សំខាន់បំផុត នៅលើ​ខ្លួនឯង ព្រោះ​កូនសោ​​នៅលើ​យើង បើ​យើង​មិន​យល់ព្រម ជាមួយ​ពួកជនពាល​នោះទេ ក៏​មិនមាន​ករណី​អ្វី​កើតឡើង​។ ស្ដ្រី​កម្ពុជា​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព ចំណេះ​ជំនាញ និង​រក្សា​ខ្ជាប់​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ យើង​ឱ្យបាន​។​

​នៅ ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១៩​នេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើល​ពី​ការរស់នៅ ព្រមទាំង​ផ្តល់​អំណោយ​មនុស្សធម៌ និង​អាហារ​ដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្ត​បរទេស​សរុប​ចំនួន ១៣៣​នាក់ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី ដែល​ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងថា សង្គម​ស្អាតស្អំ​អាស្រ័យ​លើ​ប្រជាជន​រួមគ្នា​ធ្វើអំពើ​ល្អ ហើយ​ប្រឆាំង​ដាច់ខាត នូវ​អំពើ​ព្រៃផ្សៃ អសីលធម៌ រំលោភបំពាន ពី​សំណាក់​មនុស្ស​ពាល​មួយចំនួន​។ ទន្ទឹមនឹងនេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​អំពាវនាវ​ឱ្យ​ស្ត្រី​គ្រប់រូប​ត្រូវ​ក្រោកឈរ​រឹង​ពឹង​ដោយ​ខ្លួនឯង ត្រូវ​ពង្រឹងសមត្ថភាព រក្សា​តម្លៃ​ស្ត្រី​ខ្មែរ វប្បធម៌ ប្រពៃណី ដើម្បី​កសាង​គ្រួសារ​ដ៏​ល្អ​ក្នុងសង្គម ហើយក៏​ត្រូវ​ហ៊ាន​លាតត្រដាង​ចំពោះ​អំពើ​រំលោភបំពាន​ដើម្បី​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដល់​ជនល្មើស​ឱ្យបាន​ធ្ងន់ធ្ងរ​តាមផ្លូវ​ច្បាប់​ឱ្យ​ស្មើនឹង​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​។​

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ និង​ជំរុញ​លើកទឹកចិត្ដដ​ល់​ស្ដ្រី​ទូទាំងប្រទេស ត្រូវ​ហ៊ាន​ក្រោកឈរឡើង ពង្រឹងសមត្ថភាព​ខ្លួន កុំ​ពឹង​តែ​លើ​បុរស ជា​ប្ដី​ទាំងស្រុង ដែល​អាចធ្វើ​ឲ្យ​ជះ​ផល​អាក្រក់​មកលើ​ខ្លួន និង​គ្រួសារ​។ ទន្ទឹមនឹងនេះ សម្តេច​បាន​អំពាវនាវ​ឱ្យ​ស្ដ្រី​ខ្មែរ​ហ៊ាន​លាតត្រដាង ចំពោះ​ជន​ដែល​បំពាន​លើ​ខ្លួន ទោះ​អ្នកនោះ​ពាក់​ផ្កាយ ឬ​លោក​ខែ​ក៏ដោយ​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងថា បើសិន​ជាមាន​ករណី​រំលោភបំពាន​ផ្លូវភេទ កើតឡើង​នៅក្នុង​គ្រួសារ​មកលើ​យើង ម្ដាយ ឬ​កូន​យើង​ក្ដី ក្នុងនាម​យើង​ជា​ស្ដ្រី ត្រូវតែ​ក្រោកឈរឡើង ពង្រឹងគោលជំហរ និង​សមត្ថភាព ហ៊ាន​លាង​ត្រដាង​ការពិត ដើម្បី​ការពារ​ក្រុមគ្រួសារ​យើង កុំ​ខ្លាច​អំណាច​ប្ដី​ច​រិ​កពាល​ឲ្យ​សោះ​។

ពិសេស យើង​ត្រូវ​ប្រកាន់​ជំហរ​ខ្លួនឯង​ថា កុំ​ពឹង​លើ​ប្ដី​ទាំងស្រុង​នោះ គឺ​ត្រូវតែ​ពង្រឹងសមត្ថភាព​ខ្លួន មានការ​ងារ​ធ្វើ មាន​ប្រាក់ខែ​ទើប​ជាការ​ល្អ​។ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ករណី​ស្ត្រី​រងគ្រោះ​ឈ្មោះ ស្រី​ពៅ មាន​អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​បឹង​មាស ដែល​ត្រូវបាន​បុរស​ម្នាក់​អួត​ខ្លួនឯង ជា​មន្ត្រី​យោធា​ផ្កាយ​៣ ទះកំផ្លៀង​នាង ពេល​បបួល​នាង​ចេញ​ក្រៅ តែ​នាង​មិន​ព្រមទៅ ដែល​នេះ​បង្ហាញថា គាត់​មិន​ស្រេកឃ្លាន​លុយ​របស់​មនុស្ស​ពាល​នោះឡើយ មិន​ដូច​អ្នកខ្លះ​ឃើញ​លុយ​ហ៊ាន​លះបង់​គ្រប់យ៉ាង​។

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​ទៀតថា ចំពោះ​មន្ដ្រី​ពាល​មួយ​ភាគ​តូច អាង​ខ្លួន​មាន​លុយ អាង​អំណាច បានធ្វើ​បាប និង​មើលងាយ​តម្លៃ​ស្ដ្រី បំផ្លាញ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់ ដែល​សង្គម​ស្អប់ខ្ពើម​។ ដូច្នេះ​សូម​អំពាវនាវ​ដល់​ក្មួយ​ទាំងអស់ ទាំង​កម្មការិនី សិល្បការិនី ត្រូ​ហ៊ាន​ក្រោកឈរ​លាតត្រដាង ទោះបីជា​អ្នកនោះ មានបុណ្យ​ស័ក្ដិ​ប៉ុណ្ណា​ក៏ដោយ ទោះបី​ពាក់​ផ្កាយ ឬ​ពាក់​លោក​ខែ​ក៏ដោយ ក៏​មិនអាច​រួចខ្លួន​ឡើង ឱ្យតែ​យើង​ហ៊ាន​លាតត្រដាង​នោះ ក្នុងនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​សូម​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវតែ​ចាប់​ជនពាល​ទាំងនោះ​ឱ្យបាន​ផងដែរ​ ៕ ដោយ​:​កូ​ឡាប​

spot_img
×