Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​​ក្រសួង​ការងារ បានដាក់​ចេញ​នូវ​ទិសដៅ​ការងារ​ចំនួន ២៤​ចំណុច ដើម្បីឱ្យ​មន្ត្រីរាជការ​ក្រោម​ឱវាទ បន្ត​សហការគ្នា​ខិតខំ​ប្រឹងប្រែង​អនុវត្ត នៅ​ឆ្នាំ​២០១៩

spot_img

(​ភ្នំពេញ​) ៖​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ សេចក្តីជូនដំណឹង ស្តីពី​លទ្ធផល​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ និង​ការប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៩-២០២៣​ ។​

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ លោក អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានដាក់​ចេញ​នូវ​ទិសដៅ​ការងារ​ចំនួន ២៤​ចំណុច ដើម្បីឱ្យ​មន្ត្រីរាជការ​ក្រោម​ឱវាទ​បន្ត​សហការគ្នា​ខិតខំ​ប្រឹងប្រែង​អនុវត្ត នៅ​ឆ្នាំ​២០១៩​ ។​

​លោក​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បានផ្ដល់​អនុសាសន៍​ថា ឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ ត្រូវអនុវត្ត​ការងារ​សំខាន់ៗ​ចំនួន ២៤​ចំណុច រួមមាន ​៖

១.បន្ត​ខិតខំ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​អនុសាសន៍​ណែនាំ​ទាំង ១០​ចំណុច របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​គាំពារ និង​សម្រួល​ដល់​បន្ទុក​ចំណាយ ក៏ដូចជា​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករនិយោជិត​។​

២៖ បន្ត​សិក្សា​ស្រាវជ្រាវ​លទ្ធភាព​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ ស្របតាម​តម្រូវការ​សង្គម​-​សេដ្ឋកិច្ច​។​

៣៖ ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ ដោយ​ដាក់ឱ្យ​ប្រើប្រាស់​របាយការណ៍​អធិការកិច្ច​ការងារ​រួម លើ​ប្រព័ន្ធ​ទិន្នន័យ​ស្វ័យប្រវត្តិកម្ម​ដែល​អាច​ធ្វើការ​សំយោគ និង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​ដោយ​ស្វ័យប្រវត្តិ​។​

៤៖ កែសម្រួល​វិធីសាស្ត្រ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ដោយ​ផ្អែកលើ​កម្រិត​ហានិភ័យ​របស់​សហគ្រាស គ្រឹះស្ថាន និង​កំណត់​ការធ្វើ​អធិការកិច្ច​ការងារ​លើ​សហគ្រាស គ្រឹះស្ថាន​នាំចេញ​ចំនួន ១​លើក​/​ឆ្នាំ​។​

៥៖ ប្រកាស​កំណត់​លក្ខខណ្ឌ​ការងារ​ស្នូល ៣១​ចំណុច និង​លក្ខខណ្ឌ​ការងារ​ទូទៅ ៤១​ចំណុច ដែល​សហគ្រាស គ្រឹះស្ថាន​ត្រូវអនុវត្ត​។​

៦៖ បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​អធិការកិច្ច​ការងារ ដោយ​បង្កើតឱ្យមាន​គ្រូ​បង្គោល​លើ​វិស័យ​ការងារ​យ៉ាងតិច​ចំនួន ៥០​នាក់ និង​ធ្វើ​វិក្រឹត្យការ​ដល់​មន្ត្រី​អធិការកិច្ច​ការងា​រយ៉ា​ង​តិច​ចំនួន ៤៥០​នាក់ ជាមួយនឹង​ការប្រឡង​បញ្ជាក់​សមត្ថភាព​ក្រោយពេល​វគ្គ​វិក្រឹត្យការ​។​

៧៖ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ជាពិសេស​អំពី​សិទ្ធិ​ការងារ​ដល់​ប្រតិភូ​បុគ្គលិក ប្រតិភូ​សហជីព ថ្នាក់ដឹកនាំ​សហជីព​យ៉ាងតិច​ចំនួន ១,២០០​នាក់ និង​ដល់​បុគ្គលិក​រដ្ឋបាល​នៃ​សហគ្រាស គ្រឹះស្ថាន​យ៉ាងតិច​ចំនួន ៧៥០​នាក់​។​

៨៖ បន្ត​សហការ​ជាមួយ​គម្រោង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ, SLSG) នៅ​ប្រទេស​កម្ពុជា និង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​ជា​សកល​របស់​ស៊ុយ​អ៊ែត​។​

៩៖ បន្ត​ទប់ស្កាត់​ការប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​កម្លាំង​ពលកម្ម​កុមារ និង​ការងារ​ដោយ​បង្ខំ​។​

១០៖ បន្ត​ខិតខំ​ដោះស្រាយ​វិវាទ​ការងារ ជូន​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ដោយ​សិក្សា​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​បញ្ចូល​ការដោះស្រាយ​វិវាទ​បុគ្គល​មួយចំនួន ជូន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ព្រមទាំង​ខិតខំ​ទប់ស្កាត់​ការធ្វើ​កូដកម្ម បាតុកម្ម​ខុសច្បាប់ ដោយ​ឈរលើ​គោល​គា​រណ៍​ច្បាប់ និង​នីតិរដ្ឋ​។​

១១៖ ជំរុញ​ប្រែក្លាយ​សហគ្រាស គ្រឹះស្ថាន​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​របស់​កម្មករនិយោជិត ដែល​ពោរពេញ​ដោយ​សមត្ថភាព ផលិតភាព ឥរិយាបថ​ការងារ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​។​

១២៖ រៀបចំ​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព (CBT) ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​កម្រិត ១ ២ ៣ ៤ លើ​វិស័យ​អគ្គិសនី​-​អេឡិចត្រូនិក (២​មុខរបរ​-៣​គុណវុឌ្ឍិ​) មេកា​និក​រថយន្ត (៤​មុខរបរ​-៦​គុណ​វុ​ឌ្ឍ​) សំណង់ (៣​មុខរបរ​-៥​គុណ​វុ​ឌ្ឍ​) និង​វិស័យ​ធ​រុ​កិច្ច​-​ព័ត៌មានវិទ្យា (១​មុខរបរ​-២​គុណ​វុ​ឌ្ឍ​) សរុប​១០​មុខរប​-១៦​គុណ​វុ​ឌ្ឍ​។​
១៣៖ បង្កើន​ចំនួន​សិស្ស​ទទួលបាន​សេវា​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ លើ​ជំនាញ​អាទិភាព​៖ វគ្គ​ខ្លី (​ក្រោម​១​ឆ្នាំ​) យ៉ាងតិច​ចំនួន ២៧,០០០​នាក់​, រយៈពេល​វែង សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១, ២, ៣ (CQF2,3,4) យ៉ាងតិច​ចំនួន ៤,០៥០​នាក់ សញ្ញាបត្រ​ជាន់ខ្ពស់​-​បរិញ្ញាបត្ររង បច្ចេកទេស​-​ឯកទេស (CQF5) យ៉ាងតិច​ចំនួន ៥,៥០០​នាក់ និង​សញ្ញាបត្រ​បច្ចេកវិទ្យា ឬ​ឯកទេស​វិស្វករ​យ៉ាងតិច​ចំនួន ៦,០០០​នាក់ ដែល​នឹង​កើនឡើង ២០% ជា​រៀងរាល់ឆ្នាំ​។​

១៤៖ រៀបចំ​យន្តការ និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ឡើងវិញ (Reskilling) និង​យន្តការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ផ្តល់​ឥណទាន​ដល់​សិក្ខាកាម សិស្ស និស្សិត ដែល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ដើម្បី​បង្កើត​មុខរបរ​ខ្លួនឯង​។​
១៥៖ កែសម្រួល​លិខិតបទដ្ឋាន ដែល​ផ្តល់​ភាពស្មើគ្នា​រវាង​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង និង​កាតព្វកិច្ច​ហ្វឹកហាត់​ការងារ​-​កម្មសិក្សា និង​ពង្រឹង​ការហ្វឹកហ្វឺន​កូនជាង និង​កម្មសិក្សា និង​បង្កើន​ការផ្សព្វផ្សាយ​អំពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

១៦៖ ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ និង​ធ្វើ​សមាហរណកម្ម​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣ និង​កម្មវិធីរ​បស់ដៃ​គូ​អភិវឌ្ឍ​។​

១៧៖ បន្ត​លើកកម្ពស់​ការផ្តល់សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដោយ​ពង្រីក​យន្តការ «​វេទិកា​ការងារ​» ព្រមទាំង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ជាមួយ​បណ្តា​ប្រទេស​ដៃគូ ជាពិសេស​បង្កើត​សេវា​គាំទ្រ​ដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​ខ្មែរ សំដៅ​ធានាបាន​នូវ​ការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ និង​ក្រុមគ្រួសារ​។​

១៨៖ បន្ត​ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ការរៀបចំ ការដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម ផ្នែក​សោធន​និវត្តន៍ នៅ​ឆ្នាំ​២០១៩ ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ពង្រីក​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី ការអនុវត្ត​ការថែទាំ​សុខភាព តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត ជា​ស្ត្រី​នៅពេល​សម្រាលកូន​។​

១៩៖ បង្កើន​ការអប់រំ ការផលិត​ស្ព័ត​អប់រំ និង​ការផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ និង​ការដួលសន្លប់​។​

២០៖ បន្ត​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ សម្រាប់​អនុវត្ត​អនុសាសន៍​របស់​អង្គការ ILO ពាក់ព័ន្ធ​នឹង​សេរីភាព​អង្គការ​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ការលើកកម្ពស់​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

២១៖ ពង្រឹងសមត្ថភាព​មន្ត្រី និង​អង្គភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​នានា ប្រកបដោយ​ភាពទន់ភ្លន់ ក្រមសីលធម៌​វិជ្ជាជីវៈ និង​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត ស្របតាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

២២៖ កសាង​ឱ្យបាន​នូវ​ប្រព័ន្ធ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ការត្រួតពិនិត្យ​វាយតម្លៃ​មួយ​ត្រឹមត្រូវ និង​ទៀងទាត់ ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អនុវត្ត​អភិក្រម​ទាំង​៥ គឺ​«​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា​កែទម្រង់​ផ្ទៃក្នុង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​
២៣៖ ជំរុញ និង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​រដ្ឋ​-​វិស័យ​ឯកជន (Public-Private Partnership) ភាពជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ស្របតាម​បាវចនា «​បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​» របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

២៤៖ រៀបចំ​យន្តការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​ការងារ​របស់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដោយ​បង្កើត​ក្រុមការងារ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣៕ ដោយ​:​កូ​ឡាប​

ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ទាំងស្រុងរ​បស់​ក្រសួង​ការងារ ​៖

spot_img
×