Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឆាយ ថន ៖ គ្មាន​នរណា​ម្នាក់​ត្រូវបាន​ទុក​ឱ្យ​នៅ​ក្រៅ​ការអភិវឌ្ឍ និង​គ្មាន​នរណា​ម្នាក់​មិន​ទទួលបាន​ផល​ពី​ការអភិវឌ្ឍ​ឡើយ​

spot_img

​ភ្នំពេញ ​៖​ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្សព្វផ្សាយ​ក្របខ័ណ្ឌ​​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(​គ​.​អ​.​ច​.​ក​.) ២០១៦-២០៣០ កាលពី​ថ្ងៃ​ចន្ទ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ នេះ​​នឹង​រួមចំណែក​យ៉ាង​ពេញលេញ ក្នុង​ការជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​នៅ​ឆ្នាំ​២០៣០ និង ឈាន​ទៅ​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ជាមួយគ្នា​នឹង​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​​នឹង​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ទៀត និង​ឈាន​ទៅ​លុបបំបាត់​បំបាត់​ទាំងស្រុង ហើយ​កម្រិត​ជីវភាពរ​បស់​ប្រជាជន​​ក៏​នឹង​ត្រូវ​បាន​ការលើកកម្ពស់​កាន់តែ​ប្រសើរ​ឡើង តាមរយៈ ការធ្វើសមាហរណកម្ម​ក្របខ័ណ្ឌ​នេះ ទៅក្នុង​ប្រព័ន្ធ​ផែនការ​ជាតិ​​ដើម្បី​អនុវត្ត​។​

​យើង​អបអរសាទរ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​សមិទ្ធផល​ដែល​យើងទាំងអស់គ្នា​បាន​ខិតខំ​រួម​គ្នា​បង្កើតឡើង​។ សមិទ្ធផល​នេះ​គឺជា​ការបង្ហាញឱ្យឃើញ​ច្បាស់ ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងនាម​ជា​សមាជិក​មួយ​របស់​អង្គការសហប្រជាជាតិ​​ក្នុង​ការអនុវត្ត និង​រួមចំណែក​ធ្វើឱ្យ​សម្រេច​បាន​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។ ជាមួយគ្នានេះ លទ្ធផល​នេះ​ក៏​បាន​ស្តែង​ឱ្យឃើញ​ពី​ការ​រួបរួមសាមគ្គី និង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ទាំងអស់​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស ទាំង​ក្រសួង​​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍ សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល ផែ្ន​ក​ឯកជន​ ​និង​ភាគី​ដែល​មាន​ចំណែក​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​ការរួមចំណែក​រៀបចំ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោ​យ​ចីរភាព​កម្ពុជា នេះ​​ក្នុង​បុព្វហេតុ​ជំរុញ​ការអភិវឌ្ឍ​និង​លើកស្ទួយ​កិត្យានុភាព​ប្រទេសជាតិ តាម​គោលការណ៍​​គ្មាន​នរណា​ម្នាក់​ត្រូវបាន​ទុក​ឱ្យ​នៅ​ក្រៅ​ការអភិវឌ្ឍ និង​គ្មាន​នរណា​ម្នាក់​មិន​ទទួលបាន​ផល​ពី​ការអភិវឌ្ឍ​។​

​នៅ​ទី​បញ្ចប់​លោក​ទេសរដ្ឋមន្ត្រី​មាន​មតិ​ផ្តាំផ្ញើ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់​​នឹង​ធ្វើ​សមាហរណកម្ម គ​.​អ​.​ច​.​ក​. ទៅក្នុង​ផែនការ​របស់​ស្ថាប័ន​រៀងៗ​ខ្លួន ដើម្បី​អនុវត្ត​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មាំ​ថា តាមរយៈ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជា​ថ្មី​ទៀត ក្នុង​ការធ្វើឱ្យ​សម្រេចបាន គ​.​អ​.​ច​.​ក​. និង​បាន​អាច​សម្រេច​បាន​តាម​ទស្សនទាន​ឆ្នាំ​២០៣០​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា បើ​យើង​ពិនិត្យមើល​ឡើងវិញ ពី​លទ្ធផល​នៃ​ការអនុវត្ត គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​​ស្ទើរតែ​គ្រប់​គោលដៅ​ទាំងអស់​ត្រូវបាន​ធ្វើឲ្យ​សម្រេច​បាន រហូត​ដល់​អង្គការ​សហប្រជាជាតិ​បាន​ចាត់ថ្នាក់​កម្ពុជា​​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​សម្រេចបាន​គោលដៅ​ច្រើនជាងគេ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​។ ជា​ការពិត​​ផ្នែក​តាម​ការ​វាយ​ត​កម្លៃ​ចុងក្រោយ ឆ្នាំ​២០១៥ នៅ​មាន​គោលដៅ​និង​ចំណុច​ដៅ​មួយចំនួន ដែល​យើង​មិនទាន់​អាច​សម្រេចបាន​​ឬ​សម្រេចបាន ពេញ​លេញ​​មិន​ទាន់​ពេញលេញ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​បញ្ហា​ដែល​នៅ​សេសសល់ គឺជា​អាទិភាព​ខ្ពស់​ ​និង​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុង​ការដោះស្រាយ ទន្ទឹម​នឹង​ការចាប់ផ្តើម​អនុវត្ត គោលដៅ​ថ្មី​បន្តទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា គឺជា​ឯកសារ ដែល​ត្រូវបាន​រៀបចំ​ឡើង​ផ្អែ​លើ​​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សាកល ដោយ​បាន​កំណត់​ជ្រើសរើស​បណ្តា​គោលដៅ ចំណុច​ដៅ និង​សូចនាករ​​បញ្ចូល​ក្នុង​អាទិភាព​ជាតិ តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​និង​ដែល​រំពឹង​ថា​អាច​នឹង​សម្រេច​បាន​​ដោយ​ផ្អែក​លើ​ប្រភព​ធនធាន​សម្រាប់​គាំទ្រ និង​ប្រភព​ទិន្នន័យ​សម្រាប់​បម្រើ​ឲ្យ​ការតាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ​។ ក្រសួង​ផែនការ​​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ប្រទាន ក្នុង​ការដឹកនាំ​សម្របសម្រួល​ក្នុង​ដំណើរការ​រៀបចំ​ធ្វើ​មូលដ្ឋាន​នីយកម្ម​​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រៀបចំ ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​។​

​លោក​ឆាយ ថន បាន​លើកឡើង​ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នាំ កម្ពុជា បាន​ស្នើឡើង​នូវ គ​.​អ​.​ច​.​ក​. ដែល​មាន​គោលដៅ​ចំនួន ១៨ ​ដែល​ក្នុងនោះ គោលដៅ​ចំនួន ​១៧ ទទួលយក​ពី​ក្របខ័ណ្ឌ​សាកល និង​បន្ថែម​គោលដៅ​ជាតិ​មួយ​ពាក់ព័ន្ធ​​នឹង​ការបញ្ចប់ ផល​ប៉ះ​ពាល់​អវិជ្ជមាន នាំ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ជំរុញ​ការសង្គ្រោះ​ជនរងគ្រោះ ចំណុច​ដៅ​ចំនួន ​៨៤ ​រួមបញ្ចូល​នូវ​ចំណុច​​ដៅ​សាកល​ចំនួន​៨៤ ដែល​មាន​ការគាំទ្រ​ទិន្នន័យ និង​ចំណុច​ដៅ​បន្ថែមចំនួន​៤ និង​សូចនាករ​ចំនួន​ ១៤៨ ​រួមបញ្ចូល​នូវ​សូចនាករ​របស់​សាកល និង​បន្ថែម​សូចនាករ​របស់​ជាតិ​ដែល​ជា​សូចនាករ​ថ្មី និង​សូចនាករ​បំបែក​៕ ដោយ​៖​កូឡាប​

spot_img
×