Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​កាយ​វប្បកម្ម​របស់​កម្ពុជា ប្រកាស​ផ្អាក​សកម្មភាព​ប្រកួត ទាំង​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី និង​ពិភពលោក​

spot_img

​ភ្នំពេញ​ ៖ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ ប្រកាស សម្រេចចិត្តថា សហព័ន្ធ​នឹង​ផ្អាក រាល់​ការចូលរួម​ប្រកួត ទាំង​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី និង​ពិភពលោក មួយរយៈ រង់ចាំ​ការដោះស្រាយ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន លើ​រង្វាន់​ឧបត្ថម្ភ​លើកទឹកចិត្ត​។​

​ពាក់ព័ន្ធ​នឹង​ករណី​ភាព​មិន​ប្រក្រតី​លើ​រង្វាន់​ឧបត្ថម្ភ​លើកទឹកចិត្ត​១២០​លាន​រៀល លើ​កីឡាករ សំបូរ សុភ័ណ្ឌ ដែល​ដណ្តើម​បាន​មេដាយមាស​ពី​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ​២០១៩ បានចេញ សេចក្តីប្រកាស​លើក​ទី​២ ដោយ​បាន​បញ្ជាក់ថា ៗ​យើងខ្ញុំ​ជា​គណៈកម្មការ​ប្រតិបត្តិ និង​សមាជិក​នៃ​ខេមរៈ​សហព័ន្ធ កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ មិន​អាច​ទទួលយកបាន ចំពោះ​ការបកស្រាយ​របស់ ឯកឧត្តម អ៊ុក សុទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​សារព័ត៌មាន ក្នុងស្រុក​បាន​ដកស្រង់​សម្តី និង​ចុះ​ផ្សាយ នា​ពេលកន្លងមក បាន​និយាយថា “​កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើម​បាន​ពី​ប្រទេស​ថៃ គឺ​មាន​វិញ្ញាសា​ច្រើន រហូតដល់​ទៅ​៥១​វិញ្ញាសា ហើយ​មេដាយ​ខ្លះ ប្រកួត​ពី​ពីរ​ទៅ​បី​ប្រកួត ក៏​ទទួលបាន​មេដាយ​ដែរ​”​។

​សេចក្តីប្រកាស​លើក​ទី​២ បានបញ្ជាក់​ថា “​ហេតុនេះ​ក្រសួង​មិន​បាន​ចាត់​មេដាយ​នេះ ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​១២០​លាន​រៀល​នោះទេ ដោយ​ក្រសួង បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង ដោយ​ផ្តល់​ប្រាក់រង្វាន់​ប្រមាណ​ជា​២០​លាន​រៀល​តែម្តង ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​។​ ​បន្ថែម​ពីលើ​នេះ​ទៀត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដដែល ក៏​បាន​លើក​ឧទាហរណ៍​ភ្ជាប់​ទៅ​នឹង​កីឡា​ប៉េតង់​ផងដែរ ដែល​ជា​ប្រភេទ​កីឡា​ធ្លាប់​ដណ្តើម បាន​មេដាយមាស​ពិភពលោក​ច្រើនជាងគេ ហើយ​តែង​ទទួលបាន​នូវ​ប្រាក់រង្វាន់​១២០​លាន​រៀល​ពេញ​ថា ប៉េតង់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តងៗ មាន​ប្រទេស​ចូលរួម​ច្រើន ហើយ​វិញ្ញាសា​ត្រឹមតែ​៣​ទៅ​៤​វិញ្ញាសា​ប៉ុណ្ណោះ ទម្រាំ​ដណ្តើមបាន​មេដាយមាស​១ កីឡា​ប៉េតង់​ត្រូវ​ឆ្លងកាត់​ការប្រកួត​ច្រើន តែ​បើ​ធៀប​នឹង​កីឡាករ​សំបូរ សុភ័ណ្ឌ ដណ្តើម​បាន​មេដាយ​ខាងលើ​គឺ​ខុសគ្នា ។​”

​បើ​តាម​តែ​ការបកស្រាយ​របស់​ឯកឧត្តម ស្តាប់​មើលទៅ​ហាក់ដូចជា​ឯកឧត្តម មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ ពី​របៀប​នៃ​ការប្រកួត​របស់​កីឡា​កាយ​វប្បកម្ម នឹង​ធ្វើការ​តាម​អារម្មណ៍ នឹកឃើញ​របស់​បុគ្គល​ខ្លួនឯង មិន​យល់​ពី​របៀប​ឲ្យ​ពិន្ទុ ហើយ​ហ៊ាន​វាយតម្លៃ​មេដាយមាស​ពិភពលោក ដែល​យើង​ទទួល​បាន​ថា​មិន​ពេញលេញ ចុះ​ហេតុអ្វី​បាន​ប្រទេស​៥០​ផ្សេងទៀត គេ​ឲ្យ​តម្លៃ បែរជា​ក្រសួង​អប់រំ​កម្ពុជា​យើង វាយតម្លៃថា​មេដាយ​របស់​យើង មាន​លក្ខណៈ​មិន​ពេញលេញ ហើយ​ទៅ​ជា​យក​កីឡា​មួយ​ទៅ​ប្រៀបធៀប ជាមួយ​កីឡា​មួយទៀត ពិត​ណាស់​កីឡា​ប្រភេទ​នីមួយៗ ពួកគាត់​មាន​ផល​ពិបាក​រៀងៗ​ខ្លួន បើ​មិន​ដូច្នោះ​ទេ គ្រប់​គ្នា​បាន​ជើងឯក​គ្រប់គ្នា​ហើយ ដែល​ហៅថា​ម្ចាស់​ពាន​ឯក នោះ​គាត់​តែម្នាក់ឯង​។​

​ត្រឡប់មកវិញ ជាមួយ​កីឡាករ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូលរួម ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក លើក​ទី​១០ (10th WBPF World Bodybuilding and Physique Sports Championships And Congress 11th – 17th December 2018) នៅ​ទីក្រុង​ឈៀង​ម៉ៃ ព្រះរាជាណាចក្រ​ថៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០១៨ កីឡាករ​កម្ពុជា​មាន​ចំនួន​៥​រូប ក្នុងនោះ​កីឡាករ បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា ខុសៗ​គ្នា​ទាំងអស់ សូម​បញ្ញា​ក់ថា ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម ក្នុង​មួយ​ឆ្នាំ មានតែ​៣​ដង​ប៉ុណ្ណោះ ក្នុងនោះ​រួមមាន កម្រិត​អាស៊ីអាគ្នេយ៍ (៨-១០​ប្រទេស​ចូលរួម​) កម្រិត​អាស៊ី (៣០-៣២​ប្រទេស​ចូលរួម​) និង​កម្រិត​ពិភពលោក (៤៥-៥២​ប្រទេស​ចូលរួម​) ក្រុម​កីឡាករ​កម្ពុជា ក៏​មិន​បាន​ទៅ​ចូលរួម​ប្រកួត​ដោយ​ចិត្ត​ឯង ឬ​ត្រឹម​សហព័ន្ធ​ទេ យើង​បាន​ស្នើសុំ​លិខិត​ឧទ្ទេសនាម ត្រឹមត្រូវ​តំណាង​ឲ្យ​ជាតិ ដើម្បី​បង្ហាញ​មុខមាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ឆាក​អន្តរជាតិ លើ​វិស័យ​កីឡា​ប្រភេទ​នេះ ថា​យើង​ក៏​អាច​ធ្វើបាន​ដូច ប្រទេស​ដទៃ​ទៀត​ដែរ​។ ចំពោះ​កីឡា​កាយ​វប្បកម្ម មិន​មាន​ច្រើន​ទេ ដែល​បាន​កាន់​មេដាយមាស និង​ស​ឡេង​ភ្លេងជាតិ នៅលើ​ឆាក​អន្តរជាតិ បន្លឺ​ឡើង​នៅ​មុខ​ប្រទេស​ជាច្រើន​។​

​សូម​សាធារណ​ជន ពិចារណា​មើល​ថា​តើ​សម​ហេតុផល​ទេ ដែល​ក្រសួង​ធ្វើ​ការបកស្រាយ​ដូចខាងលើ អ៊ីចឹង​ហើយ​ពួកយើងខ្ញុំ ជា​សមាជិក​សហព័ន្ធ​ទាំងអស់ សម្រេចចិត្តថា សហព័ន្ធ​នឹង​ផ្អាក​រាល់​ការចូលរួម​ប្រកួត ទាំង​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី និង​ពិភពលោក មួយរយៈ​រង់ចាំ​ការដោះស្រាយ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន​។​

​សូម​រំលឹង​ឡើងវិញ​ថា នៅក្នុង​ជំនួប​រវាង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​មាឃ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​ស្តាប់​ការពន្យល់ និង​បកស្រាយ​របស់​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ពាក់​ពន្ធ​និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត ដែល​បាន​បាត់បង់ ពេល​នោះ​សហព័ន្ធ​ទទួល​ការពន្យល់​ពី​ថ្នាក់​ដឹក​ក្រសួង តំណាង​ដោយ ឯកឧត្តម សុខ សប្បាយ​ណា និង​ឯកឧត្តម អ៊ុក សុទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា តែ​សហព័ន្ធ​មិន​ទាន់​យល់ព្រម ទទួលយក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​ត្រឹមតែ​២០​លាន​រៀល​ទេ ដោយ​ខាង​ភាគី​ក្រសួង​ថា នឹង​មាន​ការស្នើសុំ​គោលការណ៍ សារ​ជា​ថ្មី​ទៅ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​អប់រំ និង​ក្រសួង​ពាក់​ពន្ធ ក៏​ដូចជា​សម្តេច​អគ្គ​មហា​សេតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមុនសិន យើង​ក៏​បាន​យល់ព្រម​រង់ចាំ​ចម្លើយ​ដែរ រហូតមកដល់​ពេលនេះ ខាង​សហព័ន្ធ​មិនទាន់​បាន​ទទួល​ចម្លើយ ឬ​ដំណោះស្រាយ​ណាមួយ ពី​ក្រសួង​ក៏ដូចជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា​នៅឡើយ​។​

​សហព័ន្ធ​មើលឃើញថា ក្រសួង​មិន​ឲ្យ​តម្លៃ​ដល់​សហព័ន្ធ និង​កីឡាករ​កាយ​វប្បកម្ម​ទេ តើ​ពួកយើង​ប្រឹងប្រែង​ដើម្បី​អ្វី​ទៀត​? សមាជិក​គណៈកម្មការ​របស់​ខេមរៈ​សហព័ន្ធ គឺ​សុទ្ធសឹងតែ​មាន​សាវតារ​ជា​កីឡាករ​សុទ្ធសាធ ដូចនេះ​រាល់​ការនិយាយ គឺ​ចេញពី​បេះដូង​កីឡាករ​ដូចគ្នា កីឡាករ​ទើប​យល់​ពី​អារម្មណ៍រ​បែបនេះ​។​

​សហព័ន្ធ​មាន​ការអត់ធ្មត់​ជាខ្លាំង​ទាំង​សមាជិក និង​កីឡាករ ព្រម​ទាំង​អ្នកគាំទ្រ ចាប់​តាំង​ពេល​ប្រកួត​បាន​ជ័យលាភី​ជូន​ជាតិ រហូតដល់​ចេញ​លិខិត​ប្រាក់រង្វាន់ សហព័ន្ធ​តំណាង​ដោយ​លោក​អគ្គលេខាធិការ តឹក ប៊ុន​វី ស្នើសុំ​ជួប​ឯកឧត្តម អ៊ុក សុទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ធ្វើ​ការបកស្រាយ និង​ពន្យល់​បន្ថែម​ពី​ប្រាក់រង្វាន់​លើកទឹកចិត្ត តែ​ឯកឧត្តម​មិន​ទទួល​ជួប​ក្រុម​យើង​ឡើយ ក្រុម​យើង​ចង់​បញ្ជៀ​ស​ណាស់ ចំពោះ​ព័ត៌មាន​អវិជ្ជមាន​ទាំងឡាយ​ណា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រហូតដល់​មាន​បាតុភាព​កីឡាករ គាត់​ចេញ​សារ​ជា​សារណៈខ្លួន​គាត់ ទើប​ក្រសួង​កោះអញ្ជើញ ក្រុមការងារ​សហព័ន្ធ​ទៅ​ជួប​បន្ទាន់​។ សួរថា​តើ​ធ្វើ​ចឹង​ធ្វើ​អី ចង់​ល្បី​ណាស់​មែន​ទេ​? ចង់​បង្ហាញ​ពី​កំសោយ នៃ​ការដឹកនាំ​របស់​ខ្លួន ដល់​ពិភពលោក​មែន​?

​សហព័ន្ធ ក៏ដូចជា​កីឡាករ កំពុង​រង់ចាំ​ចម្លើយ និង​ដំណោះស្រាយ​ពី​ក្រសួង​បន្តទៀត​….

​សូម​ជួយ​ចែករំលែក ដល់​មហាជន​បាន​ជ្រាប​ផង​”​។​

​ចំណែក​ក្លឹប​សាច់ដុំ​រតនគិរី បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ថា “​ជីវិត​អ្នក​សាច់ដុំ គ្មាន​អី​ក្រៅពី​ទ្រូង​មាន់ និង​ពងមាន់​នោះទេ ខំ​ថា​ហា​ត់ៗ​ទៅ ខ្លាច​មាន​វាសនា ដើម្បី​ទៅ​ប្រកួត​ដណ្តើម​មេដៃ ក្រៅប្រទេស ដូច​លោកគ្រូ សំបូរ ណាន ឥឡូវ​ដល់​ពេល​ប្អូនប្រុស Suphorn Sombo ប្រកួត​បាន​មេដៃ​មាស លំដាប់ថ្នាក់​ពិភពលោក ហើយ​អស់លោក​ក្រសួង និយាយ​ខ្វះ​ការគិត​សិទ្ធិ​តែ​ឈរៗ បាន​មេដៃ​ហួស​ចិត្តម៉ង មិនដឹង​ត្រូវ​យាយ​ថា​ម៉េច កីឡាករ​ស្ទើរតែ​យក​ជីវិត ទៅ​ប្តូរ​ដើម្បី​ប្រទេសជាតិ​។ បាន​មេដៃ​ហើយ​អស់លោក និយាយ​ស្រេច​តែ​មាត់ អស់លោក ថា​មេដៃ​មិន​ពេញលេញ​ទៀត និយាយ​នឹងមាន​យក​ខួរក្បាល មក​គិត​អត់​នឹង​។ តើ​ខ្ញុំ​គួរ​បន្ត​ដើម្បី​អ្វី​មាន​តែ​បន្ត ដើម្បី​ខ្លួនឯង​មែន​ទេ អ្នក​ដែល​ស្រឡាញ់ Gym ទាំងអស់គ្នា (RIP កាយ​វប្បកម្ម​)”៕ ដោយ ​៖ ​កូឡាប​

spot_img
×