Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ APF នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩

spot_img

​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា APF នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ទទួល​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ APF ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ​។​

​កិច្ចប្រជុំ​នាពេល​នេះ​ធ្វើឡើង​នៅ​វិមាន​រដ្ឋ​សភា ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម​សមាជិក​រដ្ឋសភា និង​ជា​សមាជិក​នៃ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ APF និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​មួយចំនួនទៀត​។​

​លោក ហេង រដ្ឋា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​កិច្ចការ​អន្តរជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​ក្រុម​សភាជាតិ​កម្ពុជា APF បាន​ជម្រាបជូន​ដោយ​សង្ខេប អំពី​ប្រវត្តិ និង​ដំណើរការ​ការងារ​របស់ APF ជូន​អង្គប្រជុំ​បាន​ជ្រាប​។ ឯកឧត្ដម​ក៏បាន​ជម្រាបជូន​អំពី​នីតិវិធី​ការងារ​មួយចំនួន​ដែល​ក្រុម​សភាជាតិ​កម្ពុជា APF និង​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​ក្រុម​សភាជាតិ​កម្ពុជា APF ត្រូវបំពេញ​ចាប់តាំងពី​ពេលនេះ រហូតដល់​ពេល​ដំណើរការ​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ APF នា​ពេល​ខាង​មុខ​ផង​ដែរ​។​

​លោក ប៉ែន បញ្ញា ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា APF បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ ជា​កិច្ចប្រជុំ​ដើម្បី​ចែករំលែក​ព័ត៌មាន​បឋម អំពី​ការត្រៀម​រៀបចំ​ទទួល​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ APF​។ ឯកឧត្ដម​បណ្ឌិត​សង្ឃឹមថា គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ នឹង​រួម​សហការ​គ្នា​ត្រៀម​លក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ APF ដែល​រៀបចំ​ធ្វើ​នៅ​កម្ពុជា​នា​ពេលខាងមុខ​ទទួលបាន​ជោគជ័យ​។​

​សូមបញ្ជាក់​ថា កម្ពុជា បាន ចូល ជា សមាជិកសភា និយាយ ភាសា បារាំង APF ចាប់ តាំង ពី ឆ្នាំ​១ ៩៦៧ មក​។ រហូត មក ទល់ នឹង ពេលនេះ APF មាន សមាជិក ជាង​៤០ ប្រទេស ក្នុង ពិភព លោក​។ ដើម្បី​រួមចំណែក​ក្នុង​វេទិកាសភា​អន្តរជាតិ​មួយ​នេះ សភា​កម្ពុជា​បាន​រៀបចំ​តែងតាំង​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង APF ដោយមាន ​៖

​ក​-​គណៈកម្មាធិការ​អចិន្ត្រៃយ៍​

​ខ​-​គណៈកម្មការ​ជំនាញ​ចំនួន​៤ ៖ មាន ១-​គណៈកម្មការ​នយោបាយ ២-​គណៈកម្មការ​កិច្ចការ​សភា ៣-​គណៈកម្មការ​អប់រំ ទំនាក់ទំនង និង​វប្បធម៌ ៤-​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​។​

​គ​- បណ្ដាញ​សមាជិកសភា​នៃ​សភា​និយាយ​ភាសា​បារាំង​ចំនួន​៣ មាន ៖ ១-​បណ្ដាញ​សភា​ស្ត្រី ២-​បណ្ដាញ​សមាជិកសភា​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ ជម្ងឺរបេង និង​ជម្ងឺគ្រុនចាញ់ ៣-​បណ្ដាញ​សមាជិកសភា​វ័យក្មេង ឃ​-​លេខាធិការដ្ឋាន​រដ្ឋបាល​និង​ទីប្រឹក្សា​៕​ ដោយ​ ៖ ​កូឡាប​

 

    

spot_img
×