Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ប្រាប់​ដល់​ឈ្មួញ​ទុច្ចរិត សូម​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​សកម្មភាពល្មើស ដែល​បង្ក​ហានិភ័យប៉ះពាល់​ដល់​សុខភាព​របស់ប្រជាពលរដ្ឋ

spot_img

​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម បាន​អំពាវនាវ​ដល់​ឈ្មួញ​ទុច្ចរិត សូម​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​សកម្មភាព ល្មើស​ទាំងឡាយណា ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សង្គមជាតិ ជា​ពិសេស​ប៉ះពាល់​ដល់​សុខភាព​របស់ ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត សូម​បញ្ឈប់​ការយក​អំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស នានា ដែល​ក្នុងនោះ​មាន​ទាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​ផងដែរ ។ មានតែ​ការ​ពួតដៃ​សហការគ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ អនុវត្ត​នូវ​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល រួម​នឹង​ប្រជាពលរដ្ឋ​ចូលរួម យ៉ាង​សកម្ម​ផង​ដែរ ទើប​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស បទឧក្រិដ្ឋ ទទួលបាន​ជោគជ័យ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​ថ្លែង​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​ជាង ៧០​តោន ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ​នៅ​​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ថា ការដុត កម្ទេច​​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​ជាង ៧០​តោន ដែល​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នេះ​ជា​លើក​ទី​៤​ ។​

​សម្តេច​ក្រឡាហោម បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ឲ្យ​យក​ចិត្តទុក ដាក់​ជា​អាទិភាព​លើ​ផលិតផល​ដូចជាៈ ថ្នាំពេទ្យ ចំណីអាហារ គ្រឿង​បរិភោគ និង​ភេសជ្ជៈ​ដែល​បរិភោគ និង​ទទួលទាន​ដាក់ចូល​ក្នុង​មាត់​ជាដើម ពីព្រោះថា ផលិតផល​ទាំងនេះ យើង​ទាំងអស់​គ្នា​តែងតែ​ត្រូវការ ប្រើប្រាស់ និង​ទទួលទាន​រាល់ថ្ងៃ ។ ហេតុនេះហើយ វា​ចាំបាច់​ណាស់ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ ត្រូវតែ​រួមគ្នា​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ទប់ស្កាត់ បើ​មិន ដូច្នោះ​ទេ ផលិតផល​ក្លែងក្លាយ​ទាំងអស់នោះ វា​នឹង​ត្រូវ​បាន​ចែកចាយ​ទៅលើ​ទីផ្សារ ហើយ​ប្រើប្រាស់ និង​ទទួលទាន​ដោយ​ប្រជាពលរដ្ឋ ហេតុនេះ អ្នក​ដែល​រងគ្រោះ គឺ​ប្រជាពលរដ្ឋ រួម​នឹង​ខ្លួន​យើង​ទាំង អស់​គ្នា​ផង ដែល​ត្រូវ​ខាតបង់​ប្រាក់​កាស ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ថែម​ទាំង​អាច​បណ្តាល​ឲ្យ គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រាជរដ្ឋាភិបាល​ត្រូវ​បង់ខាត​ការចំណាយ សម្រាប់​បំផ្លាញចោល​ផលិតផល​ក្លែង​ក្លាយ​​ទាំងនេះ និង​ត្រូវ​ដំណើរការ យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បី​កុំឲ្យ​កាក សំណល់​ពី​ការបំផ្លាញ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​បន្ថែមទៀត ។​

​ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​មហាផ្ទៃ ជា​អ្នកដឹកនាំ​ផ្ទាល់​លើ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ក្រសួង​ពាក់ព័ន្ធ​ដ៏ទៃទៀត ដែល​មាន​សមាស ភាព​តំណាង​ជាច្រើន​ក្នុង​គណៈកម្មាធិការ បានរួម​គ្នា​យក​​ចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការធ្វើ​ចរាចរ​ផលិតផល​ក្លែងក្លាយ ពីព្រោះថា ប្រទេស​កម្ពុជា​យើង ជា​ប្រទេស​ដែល​នាំចូល នូវ​ផលិតផល​ប្រើប្រាស់ ក៏​ដូច​ថ្នាំពេទ្យ និង​ចំណីអាហារ​ជាច្រើន​មុខ និង​ច្រើន​ប្រភេទ​ពី​ក្រៅប្រទេស ជាពិសេស​ពី​បណ្តា​ប្រទេស​ជិតខាង​ជា​រៀងរាល់ថ្ងៃ ។ ហេតុនេះ​ហើយ​ជនល្មើស​តែងតែ​ឆ្លៀតឱកាស លួច​នាំ​ចូល​នូវ​ផលិតផល​អន់​គុណភាព ខូច​គុណភាព ហួស​សុពលភាព និង​ផលិតផល​ក្លែងក្លាយ​ដ៏​ទៃ ទៀត​មក​ធ្វើការ​ចែកចាយ​នៅលើ​ទីផ្សារ​របស់​កម្ពុជា​យើង ដែល​ជា​បញ្ហា​គួរឲ្យ​ព្រួយបារម្ភ ។ ពិតណាស់ ថា​បញ្ហា​ទាំងនេះ​ត្រូវ​មាន​ការសហការ និង​ការចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ ថ្នាក់ ដើម្បី​អប់រំ ផ្សព្វផ្សាយ និង​ទប់ស្កាត់ ទើប​ទទួលបាន​ជោគជ័យ ។

សម្តេច បាន​បន្តថា ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ដើម្បី ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប គ្រប់​ស្រទាប់ រួម​ទាំង​វិស័យ​ឯកជន និង​ក្រុមហ៊ុន​ម្ចាស់​ដើម នៃ​ផលិតផល​ផងដែរ សូម​ចូលរួម​ជាមួយ​នឹង​គណៈ​កម្មា​ធិ​ការប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ ក្នុងការ​សហការ និង​ផ្តល់​ព័ត៌មាន​អំពី​ប្រភព​នៃ​ការផលិត ការ​ចរាចរ ការ​ចែកចាយ​នូវ​ផលិតផល​ក្លែងក្លាយ ដើម្បី​ឈាន​ទៅ​ធ្វើ​ការបង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា ។

​ទន្ទឹម​នឹង​ការខិតខំ​ប្រឹងប្រែង​នានា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏ត្រូវ ខិតខំ​អប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដើម្បី​ឲ្យបាន​យល់​ជ្រួតជ្រាប​អំពី ហានិភ័យ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក៏​នឹង​បន្ត​ការខិតខំ​ព្យាយាម និង​រួម​សហការ​គ្នា​ជាមួយ​គណៈ​កម្មា​ធិ​ការ​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​ផលិតផល​ក្លែងក្លាយ​ដែល​កំពុង​ចរាចរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ថែរក្សា​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកនាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​​ថ្លែងថា សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ធ្វើ​ប្រតិបត្តិការ ចាប់​ឃាត់​នូវ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​ផលិត ស្តុក​ទុក និង​ចែកចាយ បាន​ចំនួន ២០​ករណី (​ចាត់ការ​តាម​បណ្តឹង​របស់​ក្រុម​ហ៊ុន ឬ​ម្ចាស់​ដើម​មាន​ចំនួន ១២​ករណី​) និង​ចុះ​បង្ក្រាប​នៅ​នឹង​ទីតាំង ផ្ទាល់​បាន ៨​ករណី មានដូចជាៈ ករណី នាំចូល ចែកចាយ ផលិត​ផល​គ្រឿង​​សំអាង​ក្លែងក្លាយ រំលោភ​ច្បាប់​កម្មសិទ្ធិបញ្ញា បង្ក្រាប​ទីតាំង​ផលិត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​-​ខុសច្បាប់ បង្ក្រាប​ទីតាំង​ចែក​ចាយ​ជី​កសិកម្ម​ក្លែងក្លាយ​-​ខុសច្បាប់ បង្ក្រាប​សិប្បកម្ម​ផលិត​ទឹកខ្មេះ ទឹក​សៀង ទឹក​ម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់ បង្ក្រាប​ទីតាំង​សាច់​ប៉ាតេ មិន​អនុលោម​តាមច្បាប់ និង​បង្ក្រាប​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ ក្លែងក្លាយ​-​ខុសច្បាប់ ។​ល​។

​បន្ទាប់ពី​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តាម​នីតិវិធី គណៈកម្មាធិការ​ទទួល​បានការ សម្រេច​ពី​តុលាការ​ឲ្យធ្វើ​ការកម្ទេ​ច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​មួយចំនួន​រួមមានៈ ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦​មុខ ស្មើនឹង ៤០០​គីឡូក្រាម​, ទឹក​សុទ្ធ​ម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០​កេស ស្មើនឹង ៦២.៦៤០​គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម ចំនួន​៧.៨៥០​គីឡូក្រាម សរុប ទាំងអស់​មាន​ចំនួន​ជាង ៧០​តោន ចំពោះ​វត្ថុតាង​ជាច្រើន​តោន​ទៀត កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ ហើយ​គណៈកម្មាធិការ​នឹង​ធ្វើ​ការកម្ទេច​ចោល​ជា​បន្តបន្ទាប់​ទៀត នៅពេល​តុលាការ​ជំនុំជម្រះ​រួចរាល់ ។​

​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​មហាផ្ទៃ ដែលមាន សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​អ្នកដឹកនាំ​ផ្ទាល់ ក្នុង​ការតម្រង់​ទិស​ដល់​គណៈកម្មាធិកា​រប្រ​យុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ ដោយ សម្តេច បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ការ ធ្វើចរាចរ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​បាន​នឹង​កំពុង​ចែកចាយ​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់ ថែមទាំង​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ប្រាក់កាស យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​មាន​ករណីខ្លះ បាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​អាយុជីវិត ទៀតផង ។ នាពេល​បច្ចុប្បន្ន​នេះ ទោះបីជា​មាន​ការខិតខំ​ទប់ស្កាត់ ពី​បណ្តា​សមត្ថកិច្ច​អ្នក​អនុវត្ត​ន៍​ច្បាប់ យ៉ាងណាក៏ដោយ ក៏​ជនល្មើស​នៅតែ​ព្យាយាម​បន្ត​ប្រព្រឹត្ត​នូវ​បទល្មើស​ផលិតផល​ក្លែងក្លាយ​នេះដែរ ពីព្រោះថា ការ​ចរាចរ និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់ នោះ​គេ​នឹង​ទទួល បាន​ប្រាក់​ចំណេញ​យ៉ាងច្រើន ហើយ​ចំពោះ​ការដាក់ទោសទណ្ឌ​ទៀតសោត នៅ​មាន​កម្រិត​ស្រាល គួបផ្សំ​នឹង​ការយល់ដឹង​របស់​សមត្ថកិច្ច​ជំនាញ​លើ​វិស័យ​នេះ​ក៏​នៅមានកម្រិត​ផងដែរ ។

​ប៉ុន្តែ​ទោះបីជា​ជួប​ការលំបាក​ក្នុង​ការទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការ​ចែកចាយ​របស់​ជន​ល្មើស យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែ​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ការខិតខំ​ព្យាយាម​របស់​សមត្ថកិច្ច និង​ជំនាញ ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ការចូលរួម​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​​​ទាំងអស់ ដែល​ជា​កត្តា​មិន អាច​ខ្វះ​បាន ដើម្បីឲ្យ​ការប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ទទួលបាន​ជោគជ័យ ក៏ដូចជា​ចូលរួម លើកកម្ពស់​សុខភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ។ ក្នុងន័យនេះ ដើម្បី​សម្រេច​គោល បំណង និង​គោលដៅ​ជា​យុទ្ធ​សាស្ត្រ​​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្នុងនាម គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ខ្ញុំ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំង កាយ កម្លាំងចិត្ត ដោយ​ធ្វើ​ការសម្របសម្រួល សហការគ្នា​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​ស្ថាប័ន អង្គភាព ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បេសកកម្ម ក៏​ដូចជា​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ផលិត ផល​ក្លែងក្លាយ ក្រោម​ការដឹកនាំ និង​ណែនាំ​ដោយ​ផ្ទាល់​របស់ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទទួលបាន​ជោគជ័យ​បន្ថែម​ទៀត ។

​លោក បាន​លើកឡើង​ថា ​ពិធី​កម្ទេច​នូវ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ នា​ពេលកន្លងមក ក៏ដូចជា​ពេល​នេះ​ដែរ វា​ក៏​ជា សារ​មួយ​រំលឹក​សារជាថ្មី ទៅ​ដល់​ជនល្មើស​ទាំងឡាយ ដែល​បាន​នឹង​កំពុង​ផលិត ស្តុក​ទុក និង​ចែកចាយ ផលិតផល​ក្លែងក្លាយ ថា ដរាបណា​សកម្មភាព​ខុស​ច្បាប់​បំផ្លាញ​សុខភាព សុខុមាលភាព និង​សុវត្ថិភាព សង្គម​នេះ​នៅតែ​បន្ត ដរាប​នោះ គណៈកម្មាធិការ ក៏​នៅតែ​ព្យាយាម​ធ្វើ​ការទប់ស្កាត់ និង​រឹបអូស​យក មក​កម្ទេច​ចោល ដោយ​មិនមាន​ការលើកលែង រឺក៏​បន្ធូរបន្ថយ​ជាដាច់ខាត ៕ ដោយ​ ៖ ​កូឡាប

      

spot_img
×