Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន :​ត្រូវ​រួមគ្នា​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព​នៃ​សេវា​សុខាភិបាល​

spot_img

​នៅ​រសៀល​ថ្ងៃ​អង្គារ ៧​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងសុខាភិបាល​។

សន្និបាត​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ដោយមាន​ការអញ្ជើញ​​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល មន្ដ្រីរាជការ​នៃ​អង្គភាព​ថ្នាក់កណ្ដាល មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ដ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិ​ប​ត្ដិ មន្ទីរពេទ្យបង្អែក គណៈ​អភិបាល​រាជធានី​-​ខេត្ដ​ទាំង​២៥ តំណាង​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ តំណាង​សមាគមវិជ្ជាជីវៈ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្ដរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​។ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​វិស័យ​សុខាភិបាល​នេះ ចាប់តាំងពី​ក្រោយ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​សុខាភិបាល​លើក​ទី​៤០​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​ទូទាំងប្រទេស ដែល​បាន​ខិតខំ​ពុ​ពារ​គ្រប់​ឧបសគ្គ និង​ការលំបាក់​ដើម្បី​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​សម្រេចបាន​លទ្ធផល​ជាច្រើន​គួរ​ជាទី​មោទនៈ ពិសេស​អប់រំ​សុខភាព ការពិនិត្យ​ព្យាបាល និង​យន្តការ​គាំពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​នូវ​ភាព​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍ​សុខាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អន្តរជាតិ និង​វិស័យ​ពាក់ព័ន្ធ​នានា រួមមាន​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមវិជ្ជាជីវៈ​សុខាភិបាល និង​វិស័យ​ឯកជន​ដែល​បាន​សហការ​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ដើម្បី​អនុវត្ត​សកម្មភាព​សំខាន់ៗ​នៅក្នុង​វិស័យ​សុខាភិបាល​។​

​ក្នុងឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍ និង​ការ​ទូន្មាន​ដល់​ក្រសួងសុខាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​នូវ​ចំនុច​សំខាន់ៗ​ដូចខាងក្រោម​៖

១)​ត្រូវ​រួមគ្នា​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព​នៃ​សេវា​សុខាភិបាល ជាពិសេស សេវា​សុខភាព​បឋម សេវា​សង្គ្រោះបន្ទាន់ និង​បង្កើន​ការអភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល និង​បច្ចេកវិទ្យា​វិ​ជ្ជ​សាស្ត្រ​។ ទន្ទឹមនឹង​នេះដែរ ត្រូវ​លើកកម្ពស់​សមត្ថភាព​និ​យ័​ត្រ​កម្ម​ទាំង​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​ឯកជន ហើយ​ត្រូវ​ទទួល​សុខ​ត្រូវ​ក្នុង​ការផ្តល់សេវា​សុខាភិបាល ការស្រាវជ្រាវ​សុខាភិបាល រួមមាន ជំងឺឆ្លង និង​ជំងឺមិនឆ្លង ពង្រឹង​ប្រព័ន្ធ​អង្កេត តាមដាន ដើម្បី​ឆ្លើយតប​គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ឲ្យ​ស្របតាម​ល័ក្ខខ័ណ្ឌ​ច្បាប់​សុខភាព​អន្តរជាតិ​។​

២)​ត្រូវ​រួមគ្នា​រៀបចំ​និង​អនុវត្ត​ឲ្យ​មាន​សុវត្ថិភាព​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធន​ធា​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល ពង្រឹងសមត្ថភាព​ជំនាញ តាមរយៈ​ការបណ្តុះបណ្តាល​មុនពេល​ចូល​បម្រើ​ការងារ និង​ក្នុងពេល​បម្រើ​ការងារ ជាពិសេស​ត្រូវអនុវត្ត​ប្រព័ន្ធ​ទិន្ន័យ​គ្រប់​គ្រង់​ធនធានមនុស្ស​សុខាភិបាល ការពង្រាយ​បុគ្គលិក​សុខាភិបាល​ដែលមាន​ជំនាញ​ច្បាស់លាស់​ទៅកាន់​ទីជនបទ និង​ត្រូវ​លើកទឹកចិត្ត​ជូន​ដល់​បុគ្គលិក​សុខាភិបាល​នៅតាម​ទីជនបទ​ដាច់ស្រយាល​។​

៣)​ត្រូវ​រួមគ្នា​អនុវត្ត​វិធានការ​ទប់ស្កាត់​និង​បង្ការ​ជំងឺ​ដោយ​បង្កើន​កិច្ចសហការ​ជាមួយ​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​អប់រំ​និង​ផ្សព្វផ្សាយ​អំពី​អនាម័យ​សុវត្ថិភាព​ចំណីអាហារ ការថែទាំ​សុខភាព និង​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ឬ​ថ្នាំជក់ និង​ផលប៉ះពាល់​ដោយសារ​កត្តា​ប្រែប្រួល​អាកាសធាតុ​។​

៤)​ពង្រឹង​ការអនុវត្ត​ច្បាប់ បទ​បញ្ញា​តិ​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វិ​ជ្ជ​បញ្ជា ការប្រើ​សារធាតុ​គីមី​ក្នុង​ចំនីអាហារ និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ថ្នាំជក់​។​

៥)​ត្រូវ​រួមគ្នា​ឲ្យ​មាន​យន្តការ​ពហុ​វិស័យ​ក្នុង​សហគមន៍ លើ​កម្ពស់​អាហារូបត្ថម្ភ ដោយមាន​ការចូលរួម​ពី​សហគមន៍ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​តំបន់ ដែលមាន​បញ្ហា​ប្រឈម​កំរិត​ខ្ពស់​ចំពោះ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​។

៦)​ត្រូវ​រួមគ្នា​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម តាមរយៈ​ការបង្កើន​វិសាលភាព​គ្របដណ្តប់​នៃ​មូល​និ​ធី​សមធម៌​សុខភាព របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​ង​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ កម្មករ និ​យោ​ជិ​ក នៃ​វិស័យ ក្នុង​ប្រព័ន្ធ និង​ការរៀបចំ​បទដ្ឋាន​គតិ​យុត្ត និង​យន្ត​ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​សង្គម​សម្រាប់​ប្រជាជន​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

៧)​ក្រសួងសុខាភិបាល​ត្រូវធ្វើ​វិចា​រណកម្ម​មុខងារ និង​ភារកិច្ច រចនាសម្ព័ន្ធ​គ្រប់​គ្រង់​ស្ថាប័ន និង​ការសម្របសម្រួល​អន្តរ​ស្ថាប័ន​តាមរយៈ​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​មាន​គណនេយ្យភាព​ច្បាស់លាស់ ព​ង្រឹ​ក​សាមគ្គីភាព​ផ្ទៃក្នុង​ស្ថាប័ន និង​អង្គភាព​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​នូវ​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​ផ្សារភ្ជាប់​និង​ក្រម​អភិវឌ្ឍ​មូលធន​មនុស្ស ជាពិសេស​គុណ​វ​ឌ្ឍ​ល្អប្រសើរ សម​ត្ថិ​ភាព​ជំនាញ ទេ​ព្យ​កោស​
​ល ការលើកទឹកចិត្ត ការផ្តល់​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​មន្ត្រី​បុគ្គលិក​សុខាភិបាល​។​

៨)​ក្រសួងសុខាភិបាល​ត្រូវ​រៀបចំ​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​តាមរយៈ​យន្តការ​តាមដាន និង​ការវាយតម្លៃ​ដើម្បី​ជំរុញ​ការអនុវត្ត និង​ការកែលម្អ​វិធានការ​តម្រង់ទិស​យុទ្ធសាស្ត្រ​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរក្រសួង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ទន្ទឹមនេះ ត្រូវ​លើកកម្ពស់​យន្តការ​ចែក​រំលែក​និង​ផ្លាស់ប្តូរ​ព័ត៌មាន​ក្នុង​និង​ក្រៅ​វិស័យ​សុខាភិបាល​នៅ​គ្រប់​កម្រិត​ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​និង​ការថែទាំ​សុខុមាលភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាជន​ទូទាំងប្រទេស​ដែលជា​អ្នកប្រើប្រាស់​សេវា​សុខាភិបាល​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធិភាព​និង​តម្លាភាព​។​
​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់​អង្គសន្និបាត ភ្ញៀវ​ជាតិ និង​អន្តរជាតិ មន្ត្រី​សុខាភិបាល ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា ព្រមទាំង​ពុទ្ធពរ​ទាំង​៥ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន​ដល់​មន្ត្រី​សុខាភិបាល​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បម្រើសេវា​សុខាភិបាល​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​កន្លងមក​ប្រកបដោយ​បរិយាកាស​រីករាយ​និង​ស្និទ​ស្នាល​ក្រៃលែង​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×