Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​កាស៊ីណូ​«​ជីន​ទីង​» មាន​ទីតាំង​នៅលើ​កោះរ៉ុង​សន្លឹម ព្រោះ​ប៉ះពាល់​បរិស្ថាន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កំ​សាន្ត ជីន ទីង មាន​ទីតាំងនៅ​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ក្រោម​ហេតុផល​បាន​សង់​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ​ប៉ះពាល់​បរិស្ថាន បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ន្តិ​សុខ​ជាដើម​។​ ​

លិខិត​ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១៩ ចុះហត្ថលេខា​ដោយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​ទៅ​លោក Zhou Jianhua សញ្ជាតិ​ចិន កាន់​លិខិត​ឆ្លង​ដេ​ន​លេខ EC749131 ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ប្រធាន​ក្រុមហ៊ុន ១៦៨ ជីន​ទីង អ៊ិន​ធើ​ណា​សិ​នណល អេ​ន​ធើ​ធេ​ន​ម៉ិ​ន ទីស្នាក់ការ របស់​សហគ្រាស ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

សេចក្តីជូនដំណឹង ឬ​ស​.​ជ​.​ណ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានសម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត ជីន ទីង ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​នៅក្នុង​លិខិត​ដដែល​នេះ បាន​បញ្ជក​ក់ថា មូលហេតុ​នាំ​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កំសាន្ត​ជីន​ទីង ឬ​កាស៊ីណូ​ជីន​ទីង នៅលើ​សង្កាត់​កោះរ៉ុង ក្រោម​ហេតុផល​ថា ទីតាំង​ខាងលើនេះ បាន​សាងសង់​នៅ​លើដី​ឆ្នេរសមុទ្រ ពុំមាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​បង្ក​ផលប៉ះពាល់​បរិស្ថាន​ឆ្នេរសមុទ្រ និង​ពុំបាន​អនុវត្ត​ត្រឹមត្រូវ​តាម​លិខិត របស់​គណៈរដ្ឋមន្ត្រី ដែល​បាន​ណែនាំ ឲ្យ​ទីតាំង​សាងសង់​នោះ ត្រូវមាន​ការឯកភាព​ពី​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។​

​ចំណែក​នៅក្នុង​លិខិត របស់លោក ឈឺ​ន ចន្ថា ចៅសង្កាត់​កោះរ៉ុង​សន្លឹម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទីតាំង​អាជីវកម្ម​ជីន​ទីង ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បិទ​អា​ជី​កម្មនេះ ពុំមាន​ប្រព័ន្ធ​ចំរោះ​ទឹក​កខ្វក់ ឬ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​។ ទីតាំង​កាស៊ីណូ​នេះ បាន​សង់​នៅលើ​ដី​ឆ្នេរសមុទ្រ និង​បាន​នាំយក​ម៉ាស៊ីនភ្លើង យកទៅដាក់​នៅលើ​ផែ បង្ក​ឲ្យ​មាន​ប្រេង​ហូរ​ចូល​សមុទ្រ និង​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​។​

​លោក ឈឺ​ន ចន្ថា បន្ត​ឲ្យ​ដឹង​នៅក្នុង​លិខិត​ដដែល​ថា អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ របស់​កាស៊ីណូ ជីន​ទីង បាន​ហួស​សុពលភាព​។ មាន​ករណី​អ្នកគ្រប់គ្រង​សន្តិសុខ​ប្រចាំការ​នៅកាស៊ី​ណូ នេះ បាន​បាញ់​គម្រាម និង​បង្ក​ឲ្យ​មាន​របួសស្នាម​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រមទាំង​មានការ​បំពង​សំលេង​ខ្លាំងៗ (​ធុង​បាស់​) រាល់​យប់​រហូតទល់ៗ​ភ្លឺ ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ស្នាក់នៅ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ឆ្នេរ​កោះរ៉ុង​សន្លឹម មាន​ទីតាំង​នៅក្បែរនោះ​ជាដើម​។​

​ទាក់ទិន​បញ្ហា​នេះ អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង​សន្លឹម ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ បាន​សាទរ និង​គាំទ្រ ចំពោះ​ចំណាត់ការ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បានសម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កំ​សាន្ត​ជីន​ទីង មាន​ទីតាំង​នៅលើ​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ដែល​កន្លងមក​ទីតាំង​នេះ តែង​បាន​ប្រព្រឹត្តិ​សកម្មភាព​ល្មើសច្បាប់​ជា​បន្តបន្ទាប់ ជាពិសេស​មិន​ស្តាប់​តាម​ការណែនាំ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដាក់​ឲ្យ​អនុវត្ត​នោះទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​បិទ​ឈ​អាជីវកម្ម​មជ្ឈមណ្ឌល​កំ​សាន្ត ជីន ទីង ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ ជា​កំហិត​។​

​ជាងនេះទៀត ក៏​សូម លោក Zhou Jianhua សញ្ជាតិ​ចិន​ប្រធាន​ក្រុមហ៊ុន ១៦៨ ជីន​ទីង អ៊ិន​ធើ​ណា​សិ​នណល អេ​ន​ធើ​ធេ​ន​ម៉ិ​ន ត្រូវ​អនុវត្តតាម​ខ្លឹមសារ​ខាងលើនេះ ឲ្យ​មាន​ប្រសិទ្ធភាព​៕ ដោយ ៖ ដែន សីមា

​ខាងក្រោម នេះ ជា​លិខិត​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ៖

   

spot_img
×