Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​ ៤៨ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វ៉េ នាពេល​អនាគត

spot_img

​កោះកុង​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ផ្លូវជាតិ​លេខ​៤៨ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ នាពេល​អនាគត ក្រោម​ហិរញ្ញប្បទាន​របស់​កូរ៉េខាងត្បូង​។ គោលនយោបាយ​ត​ភ្ជាប់ ក៏​ជា​ជោគជ័យ សម្រាប់​ការអភិវឌ្ឍ នៅ​ខេត្តកោះកុង ក្នុងនោះ សម្តេច​បាន​ស្នើសុំ​ដោយផ្ទាល់​ទៅ​ភាគី​ថៃ ឲ្យ​ជួយ​សាងសង់​ផ្លូវជាតិ​លេខ​៤៨​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​១៣៨៦៦​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា មហិច្ឆតា​របស់​សម្តេច មិន​ត្រឹមតែ​ត​ភ្ជាប់​ខេត្តកោះកុង ទៅ​ព្រះសីហនុ នឹង​ទៅ​ភ្នំពេញ​នោះ គឺ​នឹង​សាងសង់​ផ្លូវ​ត​ភ្ជាប់​កោះកុង ទៅ​តំបន់​ថ្មដា​នៅ​ខេត្តពោធិ៍សាត់ នឹង​ទៅ​ខេត្តបាត់ដំបង និង​ប៉ៃលិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់ ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ខេត្តកោះកុង​ថា នៅ​ថ្ងៃ​ខាងមុខនេះ ផ្លូវ​លេខ​៤៨ ពី​ខេត្តកោះកុង ទៅ​ខេត្ត​ព្រះសីហនុ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ (Hight Way) ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​យើង ដែល​ផ្លូវ​នេះ នឹងត្រូវ​ស្ថាបនា​ឡើង ដោយ​ជំនួយ​សាធារណរដ្ឋ​កូរ៉េ​។ ក្នុងពេល​បច្ចុប្បន្ននេះ យើង​ក៏មាន​ផ្លូវ​ចេញពី​ខេត្តកោះកុង ទៅ​តំបន់ ថ្មដា នៃ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​ទៀតផង ដើម្បី​ឲ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​យើង កាន់តែ​ងាយស្រួល និង​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ។

​សម្តេច​តេ​ជោ បាន​បន្ថែមថា បន្ទាប់ពី​ការដាក់ចេញ​នូវ នយោបាយ ឈ្នះ​-​ឈ្នះ រួចហើយនោះ គឺ​កម្ពុជា បានកំណត់​ដាក់ចេញ នូវ​យុទ្ធសាស្ត្រ​ពីរ​សំខាន់​គឺ ១)​ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ក្តៅ ទាំងអស់ ឲ្យ​ទៅជា​តំបន់​ទីផ្សារ និង​តំបន់​អភិវឌ្ឍ និង ២) ការ​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា ជាមួយ​បណ្តា​ប្រទេសជិតខាង ឲ្យ​ទៅជា​តំបន់​ដែលមាន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ ចំពោះ​ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តកោះកុង​ទាំងអស់ ដែល​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​មិន​ឲ្យ​យកប្រាក់ ពី​ប្រជា​ពល​ដ្ឋ​ក្នុងការ​ធ្វើដំណើរ តាម​ស្ពាន​កោះកុង​នេះ តទៅទៀត​ដែល នេះ​ជាការ​រួមចំណែក ក្នុងការ​កាត់បន្ថយ​ការចំណាយ ក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​។​

​នៅថ្ងៃនេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ក្មួយៗ​កម្មករ កម្មការិនី និង បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្តកោះកុង ក៏​ដូច​ប្រជាពលរដ្ឋ រស់នៅ​ទូទាំងប្រទេស ដែល​បាន​ចូលរួម បោះឆ្នោត​កាលពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លងទៅ ដើម្បី​ចូលរួម​អនុវត្ត​ទៅ តាម​លទ្ធិប្រជាធិបតេយ្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​បាន​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមគ្នា​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ បញ្ជាក់​យ៉ាងច្បាស់​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សម្តេច​តេ​ជោ នៅតែ​បន្ត​ចុះ​ជួប​សួរសុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ទោះបី​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ គឺ​សម្តេច​តេ​ជោ មិន​ទៅណា​ចោល​ប្រជាពលរដ្ឋ​កម្ពុជា​នោះឡើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×