Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម​៖ ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ប៉ុន្ដែ​សង្ឃឹមថា អ្វីៗ​នឹងត្រូវ​ដោះស្រាយ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អ​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្វីដែល​ជាការ​ចូលរួមចំណែក របស់​សហភាព​អឺរ៉ុប ក្នុង​ដំណើរការ​អភិវឌ្ឍ​រប​ស់​កម្ពុជា រយៈពេល​កន្លងមក ​ហើយ​សម្ដេច​ក៏បាន​លើកឡើង​ថា ទោះបី​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ​ប៉ុន្ដែ​សម្ដេច​សង្ឃឹមថា អ្វីៗ​នឹងត្រូវ​ដោះស្រាយ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អ​ឡើងវិញ​។​

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ជិត​បញ្ចប់​អាណត្តិ​ការងារ ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​ទៅកាន់​ឯកឧត្តម​ឯ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថា សម្ដេច ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ដែល​តែងតែ​ផ្ដល់​កិច្ចសហប្រតិបត្តិការ ជួយ​ប្រទេស​កម្ពុជា​យ៉ាងច្រើន​នាពេល​កន្លងមក​។​

​សម្ដេច​ក្រឡាហោម មាន​ប្រសា​ស៍​បន្តថា​បើទោះបីជា​រយៈ​ពេល​ចុងក្រោយ​នេះ កម្ពុជា និង​សហភាព​អឺរ៉ុប មាន​បញ្ហា​មិន​ចុះសម្រុង​គ្នា​ខ្លះ ប៉ុន្តែ​សម្ដេច​នៅតែ​មានជំនឿថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហភាព​អឺរ៉ុប​នៅតែ​បន្ត​ស្ថិតក្នុង​ភាពល្អប្រសើរ​ដូច​កន្លងមក តាមរយៈ​ការជួបពិភាក្សាគ្នា​រវាង​ភាគី​ទាំងពីរ ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ចុះសម្រុង​ទាំងនោះ​។​

​លោក George Edgar បាន​មានប្រសាសន៍​ជម្រាប​សម្ដេច​ក្រឡាហោម ស ខេង ថា លោក​ពិត​ជាមាន​សេចក្ដី​រីករាយ និង​សូម​ថ្លែងអំណរគុណ​សម្ដេច ដែល​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តែងតែ​ផ្ដល់​ការគាំទ្រ​បេសកកម្ម​របស់​ស្ថានទូត​សហភាព​អឺរ៉ុប ហើយ​សហភាព​អឺរ៉ុប​ពិតជា​ពេញចិត្ត​ចំពោះ​ការចូលរួម​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​លោក ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ក៏បាន​សម្ដែង​ការអបអរសាទរ ចំពោះ​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ក្នុង​កិច្ចការ​អ​ភ​វឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដោយ​លោក​បាន​រំលឹក​ឡើងវិញ​ថា អ្វីៗ​ដែល​កម្ពុជា​កំពុងមាន​សព្វថ្ងៃនេះ មាន​ភាពខុសគ្នា​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ប្រទេស​កម្ពុជា​កាលពី​ជាង​២០​ឆ្នាំមុន ដែល​ឯកឧត្តម​ធ្លាប់​មកជា​លើកដំបូង​នោះ​។​

​ជាមួយគ្នានេះ លោក​បាន​ថ្លែង​កោតសរសើ និង​អបអរសាទរ​ចំពោះ​ផ្លែផ្កា​នៃ​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ពិសេស​ក្រសួងមហាផ្ទៃ ដែល​បាន​ដំណើរការ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​ឯកឧត្តម​កត់សំគាល់ថា​វេទិកា​នេះ ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​មានការ​យល់យោគ​គ្នា​បាន​ច្រើនជាង​មុន​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ សហភាព​អឺរ៉ុប ចំពោះ​ការគាំទ្រ​កំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​របស់​ក្រសួងមហាផ្ទៃ ហើយ​សម្ដេច​នៅតែ​ជឿជាក់ថា សហភាព​អឺរ៉ុប​នឹង​បន្ត​គាំទ្រ​ការងារ​នេះ​ទៀត ពិសេស​ក្នុងដំណាក់កាល​ដែល​ក្រសួង​កំពុង​ផ្ទេរសិទ្ធិ អំណាច ធនធាន និង​ការទទួលខុសត្រូវ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល សម្ដេច​ក្រឡាហោម ស ខេង ក៏​បា​បង្ហាញ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​នេះដែរ ដោយ​សម្ដេច​បាន​គូសបញ្ជាក់ថា​តាមរយៈ​វេទិកា​ពិគ្រោះ​យោបល់​នេះ រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល កាន់តែ​មាន​ភាព​ជិតស្និត​គ្នា​មែន ព្រោះ​បញ្ហា​នានា​ត្រូវ​បានដាក់​លើ​តុ ដើម្បី​ដោះស្រាយ​ជាមួយគ្នា​។​

​ភ្ជាប់​នឹង​ប្រធានបទ​នេះ លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ក៏បាន​នាំ​សំណើរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន មក​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង ដែរ គឺ​ក្រុម​សង្គម​ស៊ីវិល​បានស្នើ​រាជរដ្ឋាភិបាល បង្កើន​ការការពារ​ធាន​ធាន​ធម្មជាតិ ពិសេស​សត្វព្រៃ និង​ព្រៃឈើ និង​សូម​សម្ដេច​ជួយ​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ដែល​ធ្វើការ​នេះ​បន្ថែម​ទៀតផង​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ឯកភាព​ទទួលយក​សំណើរ​នេះ និង​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការងារ​អភិរក្ស​ធនធានធម្មជាតិ ហើយ​ជាក់ស្ដែង ក្រសួងមហាផ្ទៃ​កំពុង​ដឹកនាំ​ក្រុមការងារ​ព្រាង​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ ដើម្បី​ពង្រឹង​ការងារ​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បំផុត​។​

​ដោយឡែក​នៅក្នុង​ជំនួប​នេះដែរ លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ក៏បាន​ជំរាបជូន​សម្ដេច​ក្រឡាហោម ស ខេង ថា​សហភាព​អឺរ៉ុប ចង់ឃើញ​កម្ពុជា​មានកា​របើក​ចំហ​សិទ្ធិសេរីភាព​នយោបាយ​ឲ្យ​កាន់តែច្រើន​។ ជាការ​ឆ្លើយតប សម្ដេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា​រាជរដ្ឋាភិបាល​ប្ដេជ្ញាចិត្ត​អនុវត្តតាម​ស្មារតី ដូច​មាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨៕  ដោយ ៖ បញ្ញាស័ក្តិ

spot_img
×